YouVersion Logo
Search Icon

រ៉ូម 14

14
មិន​ត្រូវ​ថ្កោល​ទោស​គ្នា​ឡើយ
1ចូរ​ទទួល​អ្នក​ណា​ដែល​ខ្សោយ​ខាង​ជំនឿ មិន​ត្រូវ​ជជែក​គ្នា​ពី​ការ​ប្រកាន់​ផ្សេងៗ​ឡើយ។ 2ដ្បិត​ម្នាក់​ជឿ​ថា ខ្លួន​បរិ‌ភោគ​អ្វី​ក៏​បាន ឯ​ម្នាក់​ទៀត​ដែល​ខ្សោយ បរិ‌ភោគ​តែ​បន្លែ។ 3អ្នក​ដែល​បរិ‌ភោគ មិន​ត្រូវ​មើល​ងាយ​អ្នក​ដែល​មិន​បរិ‌ភោគ​ឡើយ ហើយ​អ្នក​ដែល​មិន​បរិ‌ភោគ ក៏​មិន​ត្រូវ​ថ្កោល​ទោស​អ្នក​ដែល​បរិ‌ភោគ​ដែរ ដ្បិត​ព្រះ​បាន​ទទួល​អ្នក​នោះ​ដូច​គ្នា។ 4តើ​អ្នក​ជា​នរណា​បាន​ជា​ហ៊ាន​ថ្កោល​ទោស​អ្នក​បម្រើ​របស់​គេ​ដូច្នេះ? អ្នក​នោះ​ឈរ​ឬ​ដួល​ក្តី នោះ​ស្រេច​លើ​ចៅ‌ហ្វាយ​របស់​គេ​ទេ​តើ! ហើយ​គេ​នឹង​ឈរ​បាន ដ្បិត​ព្រះ‌អម្ចាស់​អាច​ធ្វើ​ឲ្យ​គេ​ឈរ​បាន។
5ម្នាក់​យល់​ថា ថ្ងៃ​មួយ​ល្អ​ជាង​ថ្ងៃ​មួយ ម្នាក់​ទៀត​យល់​ថា ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា។ ចូរ​ឲ្យ​គ្រប់​គ្នា​ជឿ​ប្រាកដ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ។ 6អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​គេ​ប្រកាន់​ដូច្នោះ​ដោយ​គោរព​ព្រះ‌អម្ចាស់ ហើយ​អ្នក​ដែល​បរិ‌ភោគ នោះ​គេ​បរិ‌ភោគ​ដោយ​គោរព​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​អ្នក​ណា​ដែល​មិន​បរិ‌ភោគ នោះ​គេ​មិន​បរិ‌ភោគ​ដោយ​គោរព​ព្រះ‌អម្ចាស់ ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដូច​គ្នា។
7ដ្បិត​ក្នុង​ចំណោម​យើង គ្មាន​អ្នក​ណា​រស់​សម្រាប់​ខ្លួន​ឯង​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ស្លាប់​សម្រាប់​ខ្លួន​ឯង​ដែរ 8ប្រសិន‌បើ​យើង​រស់ យើង​រស់​ដើម្បី​ព្រះ‌អម្ចាស់ ហើយ​ប្រសិន‌បើ​យើង​ស្លាប់ ក៏​ស្លាប់​ដើម្បី​ព្រះ‌អម្ចាស់។ ដូច្នេះ ទោះ​ជា​យើង​រស់ ឬ​ស្លាប់​ក្ដី ក៏​យើង​ជា​របស់​ព្រះ‌អម្ចាស់​ដែរ។ 9ដ្បិត​ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌គ្រីស្ទ​សុគត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ម្ចាស់ លើ​ទាំង​មនុស្ស​ស្លាប់ និង​មនុស្ស​រស់។
10ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ថ្កោល​ទោស​បង‌ប្អូន​របស់​ខ្លួន? ឬ​ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ងាយ​បង‌ប្អូន​របស់​ខ្លួន? ដ្បិត​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​ចំពោះ​ទី​ជំនុំ‌ជម្រះ​របស់​ព្រះ។ 11ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា ដូច​យើង​មាន​ព្រះ‌ជន្ម​រស់​នៅ​យ៉ាង​ណា នោះ​គ្រប់​ទាំង​ជង្គង់​នឹង​ត្រូវ​លុត​ចុះ​នៅ​មុខ​យើង ហើយ​គ្រប់​ទាំង​អណ្តាត​នឹង​ត្រូវ​សរសើរ​ដល់​ព្រះ​យ៉ាង​នោះ​ដែរ» ។ 12ដូច្នេះ យើង​ម្នាក់ៗ​នឹង​ត្រូវ​រៀប​រាប់​ទូល​ថ្វាយ​ព្រះ​ពី​គ្រប់​ទាំង​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
កុំ​ធ្វើ​ឲ្យ​បង‌ប្អូន​ណា​ជំពប់​ដួល
13ហេតុ​នេះ យើង​មិន​ត្រូវ​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​បង‌ប្អូន​ណា​ជំពប់​ដួល ឬ​រវាត​ចិត្ត​ឡើយ។ 14ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា គ្មាន​អ្វី​ស្មោក‌គ្រោក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ស្មោក‌គ្រោក​សម្រាប់​តែ​អ្នក​ណា​ដែល​គិត​ថា​របស់​នោះ​ស្មោក‌គ្រោក​ប៉ុណ្ណោះ។ 15ប្រសិន‌បើ​អ្នក​ធ្វើ​ឲ្យ​បង‌ប្អូន​អ្នក​ព្រួយ​ចិត្ត​ដោយ​ព្រោះ​តែ​រឿង​អាហារ នោះ​អ្នក​មិន​រស់​នៅ​ដោយ​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ កុំ​ធ្វើ​ឲ្យ​អ្នក​ណា​ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​ត្រូវ​វិនាស ដោយ​សារ​តែ​អាហារ​របស់​អ្នក​ឲ្យ​សោះ 16ក៏​កុំ​ឲ្យ​គេ​និយាយ​បង្ខូច​ពី​ការ​ល្អ​របស់​អ្នក​ឡើយ 17ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​មិន​មែន​ជា​រឿង​ស៊ី​ផឹក​នោះ​ទេ គឺ​ជា​សេចក្តី​សុចរិត សេចក្តី​សុខសាន្ត និង​អំណរ នៅ​ក្នុង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។ 18អ្នក​ណា​ដែល​បម្រើ​ព្រះ‌គ្រីស្ទ​តាម​របៀប​នេះ អ្នក​នោះ​បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ ហើយ​មនុស្ស​ក៏​គោរព​រាប់​អាន​ដែរ។ 19ហេតុ​ដូច្នេះ យើង​ត្រូវ​ដេញ​តាម​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត និង​អ្វី​ដែល​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ 20មិន​ត្រូវ​បំផ្លាញ​កិច្ច‌ការ​របស់​ព្រះ ព្រោះ​តែ​រឿង​អាហារ​ណា​នោះ​ឡើយ។ តាម​ពិត អ្វីៗ​សុទ្ធ​តែ​ស្អាត​ទាំង​អស់ តែ​ចំពោះ​អ្នក​ណា​ដែល​បរិ‌ភោគ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជំពប់​ដួល អ្នក​នោះ​បែរ​ជា​អាក្រក់​វិញ។ 21គួរ​កុំ​បរិ‌ភោគ​សាច់ ឬ​ស្រា​ទំពាំង​បាយ​ជូរ ឬ​អ្វី​ដែល​នាំ​ឲ្យ​បង‌ប្អូន​អ្នក​ជំពប់​ដួល​ឡើយ។ 22អ្នក​មាន​ជំនឿ​យ៉ាង​ណា ចូរ​ជឿ​យ៉ាង​នោះ​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះ​ចុះ។ មាន​ពរ​ហើយ​អ្នក​ណា​ដែល​មិន​ដាក់​ទោស​ខ្លួន​ឯង ចំពោះ​អ្វី​ដែល​ខ្លួន​យល់​ឃើញ​ថា​ត្រឹម​ត្រូវ។ 23តែ​បើ​អ្នក​ណា​បរិ‌ភោគ​ទាំង​សង្ស័យ នោះ​មាន​ទោស​ហើយ ព្រោះ​គេ​មិន​បាន​បរិ‌ភោគ​ដោយ​ជំនឿ ដ្បិត​ការ​ណា​ដែល​មិន​ចេញ​ពី​ជំនឿ នោះ​ជា​អំពើ​បាប។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in