YouVersion Logo
Search Icon

បទ​ចម្រៀង​សាឡូម៉ូន 4

4
សូម​សរសើរ​កូន​ក្រមុំ​ដ៏ស្រស់​ស្អាត
1មាស​សម្លាញ់​អើយ អូន​ស្អាត​ណាស់
មើល៍ អូន​ជា​ស្រីស្រស់ស្អាត​ណាស់
ភ្នែកអូន​ដែល​បាំង​ដោយ​ស្បៃ
មើល​ទៅ​ដូច​ជា​ភ្នែក​ព្រាប
សក់​មាន​ភាព​ដូច​ជា​ហ្វូង​ពពែ
ដែល​ដេក​នៅ​ចង្កេះ​ភ្នំ នៅ​ស្រុក​កាឡាត។
2ធ្មេញ​ដូច​ជា​ហ្វូង​ចៀម​ដែល​ទើប​កាត់​រោម
រួច​ឡើង​មក​ពី​ការ​លាង​ជម្រះ​វិញ
ជា​សត្វ​ដែល​មាន​កូន​ភ្លោះ​រៀង​រាល់​តួ
ឥត​មាន​ណា​មួយ​ដែល​បាត់​កូន​ឡើយ
3បបូរ​មាត់​ឯង​ដូច​ជា​អំបោះ​ក្រហម
មាត់​ឯង​ក៏​ល្អ​មើល
តើ​ក​ឯង​ដែល​បាំង​ដោយ​ស្បៃ
មើល​ទៅ​ដូច​ជា​ផ្លែ​ទទឹមមួយ​ចំហៀង។
4ក​ឯង​ដូច​ជា​ប៉ម​របស់​ព្រះបាទ​ដាវីឌ
ដែល​សង់​ឡើង​សម្រាប់​ជា​ទី​ទុក​គ្រឿង​អាវុធ
ជា​កន្លែង​ដែល​មាន​ខែល​មួយ​ពាន់​ព្យួរ​ទុក
គឺ​ជា​ខែល​ទាំង​ប៉ុន្មាន​របស់​ពួក​ស្ទាត់​ជំនាញ
5ដោះ​ឯង​ទាំង​ពីរ​ដូច​ជា​កូន​ក្តាន់​ពីរ
ដែល​ជា​កូន​ភ្លោះ​របស់​មេ​មួយ
ដែល​កំពុង​រក​ស៊ី​នៅ​ទី​មាន​ផ្កា​កំភ្លឹង។
6៙ យើង​នឹង​ចេញ​ទៅ​ឯ​ភ្នំ​ចន្ទន៍
ហើយ​ដល់​ទួល​កំញាន ចាំ​ទាល់​តែ​ថ្ងៃ​ត្រជាក់
ហើយ​ស្រមោល​បាត់​ទៅ​សិន។
7៙ ឱ​មាស​សម្លាញ់​អើយ
ឯង​ស្រស់‌បស់​ល្អ​សព្វ​សារ‌ពាង្គ
ឥត​មាន​ខ្ចោះ​នៅ​ខ្លួន​នាង​ឡើយ
8ប្រពន្ធ​អើយ ចូរ​មក​ពី​ភ្នំ​ល្បាណូន
ជា‌មួយ​យើង​ចុះ
គឺ​ពី​ភ្នំ​ល្បាណូន​ទៅ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា
ពី​កំពូល​ភ្នំ​សេនារ
និង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន​ផង
គឺ​ពី​រូង​សត្វ​សិង្ហ ហើយ​ពី​ភ្នំ​របស់​ខ្លា​រខិន
9ឱ​ប្អូន ជា​ប្រពន្ធ​អើយ
ឯង​បាន​ចាប់​យក​ដួង​ចិត្ត​យើង​ទៅ​ហើយ
ឯង​បាន​ចាប់​យក​ដួង​ចិត្ត​យើងដោយ​កែវ​ភ្នែក
និង​ដោយ‌សារ​ខ្សែ​ក​របស់​ឯង​តែ​មួយ​ប៉ុណ្ណោះ។
10ឱ​ប្អូន ជា​ប្រពន្ធ​អើយ
សេចក្ដី​ស្រឡាញ់​របស់​នាងល្អ​វិសេស​ណាស់។
សេចក្ដី​ស្រឡាញ់​របស់​ឯង
ឆ្ងាញ់​ជាង​ស្រា​ទំពាំង‌បាយ‌ជូរ
ហើយ​ក្លិន​ប្រេង​អប់​របស់​ឯង
ក៏​ក្រអូប​ជាង​គ្រឿង​ក្រអូបទាំង‌ឡាយ
11ឱ​ប្រពន្ធ​អើយ បបូរ​មាត់​ឯង​ស្រក់​មក​ជា​ទឹក​ឃ្មុំ
មាន​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ​នៅ​ក្រោម​អណ្ដាត​ឯង
ហើយ​ក្លិន​សម្លៀក​បំពាក់​របស់​ឯង
ដូច​ជា​ក្លិន​ក្រអូបនៃ​ព្រៃ​ល្បាណូន
12ប្អូនជា​ប្រពន្ធ​របស់​យើង
ប្រៀប​ដូច​ជា​សួន‌ច្បារដែល​រាំង​ផ្លូវ​ចូល
ជា​រន្ធ​ទឹក​ដែល​គេ​ហួង‌ហែង
ជា​ទឹក​ផុស​ដែល​គេ​បិទ​ខ្ទប់
13ត្រួយ​ឯង​ជា​ចម្ការ​ទទឹម មាន​ផ្លែ​ដ៏​វិសេស
ក៏​មាន​ដើម​ក្រពេន និង​ដើម​ទេព្វិរូ
14គឺ​ទេព្វិរូ និង​រមៀត
ដើម​កន្ធាយ ហើយ​សម្បុរ​ល្វែង
នូវ​ដើម​ឈើ​ទាំង​ប៉ុន្មាន
ដែល​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប​ដែរ
និង​ជ័រ​ល្វីង‌ទេស ក្រឹស្នា
ហើយ​គ្រឿង​ក្រអូប​យ៉ាង​សំខាន់​ទាំង​អស់
15ឯង​ជា​ក្បាល​ទឹក​ដែល​ស្រោច​សួន‌ច្បារ
ជា​អណ្តូងមាន​ទឹក​រស់
ជា​ទឹក​ជ្រោះ​ហូរ​មក​ពី​ភ្នំ​ល្បាណូន។
16៙ ឱ​ខ្យល់​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើង
ហើយ​ខ្យល់​ខាង​ត្បូង​អើយ ចូរ​មក​ចុះ
ចូរ​បក់​មក​លើ​សួន‌ច្បារ​របស់​ខ្ញុំ
ដើម្បី​ឲ្យ​ក្លិន​ក្រអូប​សាយ​ចេញ​ទៅ
សូម​ឲ្យ​ស្ងួន​សម្លាញ់​របស់​ខ្ញុំ
ចូល​មក​ក្នុង​សួន‌ច្បារ​របស់​ទ្រង់
ហើយ​សោយ​ផល​ដ៏​មាន​ឱជា‌រស
របស់​ទ្រង់​ចុះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in