YouVersion Logo
Search Icon

បទ​ចម្រៀង​សាឡូម៉ូន 7

7
សម្ដែង​ពី​ការ​សរសើរ
1ឱ​នាង ជា​អ្នក​មាន​ត្រកូល​ខ្ពស់​អើយ
ជើង​នាង​ល្អ​ណាស់​ហ្ន៎
ដោយ​ពាក់​ស្បែក​ជើង​ដូច្នេះ
ត្រគាក​ដែល​រៀវ​ក្លំ​របស់​នាង​ដូច​ជា​ត្បូង
ជា​ស្នាដៃ​នៃ​ជាង​ច្នៃ​យ៉ាង​ជំនាញ
2ផ្ចិត​នាង​រាង​ដូច​ជា​កែវ​ក្រពុំ
ដែល​ឥត​ខ្វះ​ស្រា​ទំពាំង‌បាយ‌ជូរ​លាយ​ណា​ឡើយ
ពោះ​នាង​ប្រៀប​ដូច​ជា​គំនរ​ស្រូវ​សាលី
មាន​ផ្កា​កំភ្លឹង​ដោត​ជុំ‌វិញ
3ដោះ​នាង​ទាំង​ពីរ​ដូច​ជា​កូន​ក្តាន់​ពីរ
ដែល​ជា​កូន​ភ្លោះ​របស់​មេ​មួយ
4ក​នាង​ប្រៀប​ដូច​ជា​ប៉ម​ធ្វើ​ពី​ភ្លុក
ភ្នែក​នាង​ដូច​ស្រះ​ទឹក​នៅ​ក្រុង​ហែសបូន
ដែល​នៅ​ជិត​ទ្វារ​បាត-រ៉ាប៊ីម
ច្រមុះ​នាង​ដូច​ជា​ប៉ម​ល្បាណូន
ដែល​បែរ​ទៅ​ខាង​ដាម៉ាស
5ក្បាល​ដែល​នៅ​លើ​ខ្លួន​នាង​ដូច​ជា​ភ្នំ​កើមែល
សក់​ក្បាល​នាង​មើល​ទៅ​ដូច​ជា​ពណ៌​ស្វាយ
ស្ដេច​ជាប់​ចិត្ត​ដោយ​ដុំ​សក់​នោះ។
6៙ ឱ​មាស​សម្លាញ់​អើយ អូន​ស្រស់‌បស់​ល្អ
ហើយ​ប្រិម‌ប្រិយ គួរ​រីក‌រាយ​ណាស់​ហ្ន៎
7រូប​រាង​របស់​អូន​ដូច​ជា​ដើម​លម៉ើ
ហើយ​ដោះ​អូន​ដូច​ជា​ចង្កោម​ផ្លែ​លម៉ើ។
8យើង​បាន​ថា យើង​នឹង​ឡើង​ដើម​នោះ
យើង​នឹង​ចាប់​ធាង​តោង​ឡើង
សូម​ឲ្យ​ដោះ​អូន​បាន​ដូច​ជា​ចង្កោម​ទំពាំង‌បាយ‌ជូរ
ហើយ​ក្លិន​ខ្យល់​ដង្ហើម​ឯង​បាន​ដូច​ជា​ផ្លែ​សារី
9ការ​ថើប​របស់​អូន​ប្រៀប​ដូច​ជា
ស្រា​ទំពាំង‌បាយ‌ជូរ​យ៉ាង​ឯក
ដែល​ហូរ​ចុះ​មក​ដោយ​ស្រួល
ក៏​ធ្វើ​ឲ្យ​បបូរ​មាត់​មនុស្ស
ដេក​លក់​បាន​និយាយ​ឡើង។
10៙ ខ្ញុំ​ម្ចាស់​ជា​របស់​ផង​ស្ងួន​សម្លាញ់​នៃ​ខ្ញុំ
ហើយ​ទ្រង់​មាន​សេចក្ដី​ប៉ង​ប្រាថ្នា
ចំពោះ​រូប​ខ្ញុំ​ម្ចាស់
11ឱ​ស្ងួន​សម្លាញ់​អើយ សូម​មក
យើង​នឹង​ចេញ​ទៅ​ឯ​វាល
សូម​ឲ្យ​យើង​ស្នាក់​នៅ​តាម​ភូមិ​គេ
12យើង​នឹង​ឡើង​ទៅ​ឯ​ចម្ការ
ទំពាំង‌បាយ‌ជូរ​ពី​ព្រលឹម
សូម​ឲ្យ​យើង​ទៅ​មើល បើ​ទំពាំង‌បាយ‌ជូរ
បាន​ប៉ិច​ឡើង ឬ​មាន​ផ្កា​ហើយ​ឬ​នៅ
ហើយ​បើ​ដើម​ទទឹម​កំពុង​ផ្កា​ឬ​ទេ
នៅ​ទី​នោះ​ខ្ញុំ​ម្ចាស់​នឹង​ប្រគល់
សេចក្ដី​ស្រឡាញ់​ថ្វាយ​ទ្រង់
13ផ្លែ​ស្នេហ៍​ផ្សាយ​ក្លិន​ក្រអូប​សុស‌សាយ​ទៅ
ឱ​ស្ងួន​សម្លាញ់​ខ្ញុំ​ម្ចាស់​អើយ
នៅ​មាត់​ទ្វា​ផ្ទះ​យើង​មាន​ផល​យ៉ាង​វិសេស​គ្រប់​មុខ
ទាំង​ថ្មី និង​ចាស់​ផង ដែល​ខ្ញុំ​ម្ចាស់​បាន​ប្រមូល​ទុក
សម្រាប់​ទ្រង់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for បទ​ចម្រៀង​សាឡូម៉ូន 7