១ កូរិនថូស 11
11
1 សូមយកតម្រាប់តាមខ្ញុំ ដូចខ្លួនខ្ញុំផ្ទាល់បានយកតម្រាប់តាមព្រះគ្រិស្ត*ដែរ។
ឥរិយាបថគ្រិស្តបរិស័ទ នៅពេលថ្វាយបង្គំព្រះជាម្ចាស់
2ខ្ញុំសូមសរសើរបងប្អូន ដោយបងប្អូននឹកដល់ខ្ញុំក្នុងគ្រប់កាលៈទេសៈ ហើយប្រតិបត្តិតាមពាក្យទូន្មានទាំងប៉ុន្មាន ដែលខ្ញុំបានយកមកជូនបងប្អូន។ 3ប៉ុន្តែ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ព្រះគ្រិស្តនាំមុខ បុរសគ្រប់រូប បុរសនាំមុខស្ត្រី ហើយព្រះជាម្ចាស់នាំមុខព្រះគ្រិស្ត។ 4បុរសណាអធិស្ឋាន* ឬថ្លែងព្រះបន្ទូល ទាំងមានពាក់អ្វីពីលើក្បាល បុរសនោះបន្ថោកព្រះគ្រិស្ត។ 5ផ្ទុយទៅវិញ ស្ត្រីណាអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមិនទទូរស្បៃពីលើក្បាលទេ ស្ត្រីនោះបន្ថោកប្ដីរបស់ខ្លួន ធ្វើយ៉ាងនេះប្រៀបបីដូចជានាងកោរសក់ដែរ។ 6បើស្ត្រីណាមិនទទូរស្បៃពីលើក្បាលទេ ឲ្យនាងកោរសក់តែម្ដងទៅ! ប៉ុន្តែ បើការកាត់សក់ ឬកោរសក់ នាំឲ្យស្ត្រីៗអាម៉ាស់មុខដូច្នេះ នាងត្រូវតែទទូរស្បៃ។ 7 ប្រុសៗមិនត្រូវទទូរស្បៃពីលើក្បាលឡើយ ព្រោះខ្លួនជាតំណាង ព្រះជាម្ចាស់ និងសម្តែងសិរីរុងរឿងរបស់ព្រះអង្គឲ្យគេឃើញ។ រីឯស្ត្រីវិញ នាងសម្តែងសិរីរុងរឿងរបស់ប្ដីឲ្យគេឃើញ 8 ដ្បិតបុរសដើមដំបូងមិនបានកើតចេញពីស្ត្រីឡើយ គឺស្ត្រីទេតើដែលកើតចេញពីបុរស 9ហើយព្រះជាម្ចាស់ពុំបានបង្កើតបុរសមកសម្រាប់ស្ត្រីទេ គឺព្រះអង្គបង្កើតស្ត្រីសម្រាប់បុរសវិញ។ 10ហេតុនេះ ដោយយោគយល់ដល់ពួកទេវតា* ស្ត្រីៗត្រូវតែទទូរស្បៃ ជាសញ្ញាថា នាងស្ថិតនៅក្រោមអំណាចប្ដីរបស់ខ្លួន។ 11ប៉ុន្តែ ក្នុងការរស់នៅរួមជាមួយព្រះអម្ចាស់ ស្ត្រីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ។ 12ព្រះជាម្ចាស់បានយកស្ត្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញមកពីស្ត្រីយ៉ាងនោះដែរ ហើយអ្វីៗទាំងអស់សុទ្ធតែកើតមកពីព្រះជាម្ចាស់។
13សូមបងប្អូនពិចារណាមើលខ្លួនឯងទៅចុះថា តើស្ត្រីៗអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយមិនទទូរស្បៃ សម ឬមិនសម? 14សូម្បីតែធម្មជាតិក៏បានបង្ហាញឲ្យយើងដឹងដែរថា បើប្រុសៗទុកសក់វែង នោះគឺជាការអាម៉ាស់មុខណាស់ 15ផ្ទុយទៅវិញ សក់វែងជាសិរីរុងរឿងរបស់ស្ត្រី។ តាមពិត ព្រះជាម្ចាស់ប្រទានឲ្យស្ត្រីៗមានសក់វែង ទុកដូចជាស្បៃនៅលើក្បាលរបស់នាង។ 16ប្រសិនបើនរណាម្នាក់ចង់ប្រកែកតវ៉ាអំពីរឿងនេះ តោងដឹងថា យើងមិនដែលមានទម្លាប់នេះទេ ហើយក្រុមជំនុំ*របស់ព្រះជាម្ចាស់ក៏មិនដែលមានដែរ។
អំពីពិធីជប់លៀងរបស់ព្រះអម្ចាស់
17ក្រៅពីសេចក្ដីដែលខ្ញុំបានរៀបរាប់មកនេះ ខ្ញុំពុំអាចសរសើរបងប្អូនឡើយ ព្រោះការប្រជុំរបស់បងប្អូនពុំបានធ្វើឲ្យបងប្អូនចម្រើនឡើងទេ គឺបែរជាបណ្ដាលឲ្យអន់ថយទៅៗ 18ជាបឋម ខ្ញុំបានឮដំណឹងថា នៅពេលបងប្អូនរួមប្រជុំគ្នាជាក្រុមជំនុំ* នោះបងប្អូនបានបាក់បែកគ្នាជាបក្សជាពួក។ ត្រង់នេះ ខ្ញុំជឿខ្លះៗដែរ។ 19ត្រូវតែមានការខ្វែងគំនិតក្នុងចំណោមបងប្អូនដូច្នេះឯង ដើម្បីឲ្យដឹងថាអ្នកណាពិតជាមានចិត្តស៊ូទ្រាំយ៉ាងស្មោះមែន។
20ពេលបងប្អូនប្រជុំគ្នា បងប្អូនមិនបរិភោគពិធីជប់លៀងរបស់ព្រះអម្ចាស់*ទេ 21ព្រោះម្នាក់ៗគិតតែពីប្រញាប់ប្រញាល់បរិភោគម្ហូបអាហារដែលខ្លួនយកមក នាំឲ្យអ្នកខ្លះគ្មានអ្វីបរិភោគ អ្នកខ្លះស្រវឹង។ 22តើបងប្អូនគ្មានផ្ទះសំបែងសម្រាប់ពិសាបាយទឹកទេឬ? ឬមួយមកពីបងប្អូនប្រមាថមាក់ងាយក្រុមជំនុំរបស់ព្រះជាម្ចាស់ និងចង់ធ្វើឲ្យអ្នកដែលគ្មានអ្វីបរិភោគត្រូវអៀនខ្មាស? តើត្រូវឲ្យខ្ញុំនិយាយមកកាន់បងប្អូនដោយរបៀបណា? ឲ្យខ្ញុំសរសើរបងប្អូនឬ? ទេ ខ្ញុំពុំអាចសរសើរបងប្អូនក្នុងរឿងនេះបានទេ!។
23រីឯខ្ញុំ ខ្ញុំបានជម្រាបបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្កាង ព្រះអង្គយកនំប៉័ងមកកាន់ 24ព្រះអង្គអរព្រះគុណព្រះជាម្ចាស់ ហើយកាច់នំប៉័ងនោះ ទាំងមានព្រះបន្ទូលថា “នេះជារូបកាយខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ”។ 25 លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ព្រះអង្គយកពែងមកកាន់ ទាំងមានព្រះបន្ទូលថា “នេះជាពែងនៃសម្ពន្ធមេត្រី*ថ្មី ចងឡើង ដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ”។ 26រៀងរាល់ពេលដែលបងប្អូនពិសានំប៉័ង និងពិសាពីពែងនេះ បងប្អូនប្រកាសអំពីព្រះអម្ចាស់សោយទិវង្គត រហូតដល់ព្រះអង្គយាងមកវិញ។
27ហេតុនេះ ប្រសិនបើអ្នកណាពិសានំប៉័ង និងពិសាពីពែងរបស់ព្រះអម្ចាស់ ដោយមិនសមរម្យ អ្នកនោះនឹងមានកំហុស ដោយមិនបានគោរពព្រះកាយ និងព្រះលោហិតរបស់ព្រះអម្ចាស់។ 28ដូច្នេះ ម្នាក់ៗត្រូវពិនិត្យពិច័យមើលចិត្តគំនិតរបស់ខ្លួនឯងសិន សឹមពិសានំប៉័ង និងពិសាពីពែងរបស់ព្រះអម្ចាស់ 29ដ្បិតអ្នកណាពិសានំប៉័ង និងពិសាពីពែងនោះ ដោយមិនបានយល់ដល់ព្រះកាយរបស់ព្រះអម្ចាស់ទេ អ្នកនោះយកទោសមកដាក់លើខ្លួនឯងផ្ទាល់។
30ហេតុនេះហើយបានជានៅក្នុងចំណោមបងប្អូន មានគ្នាច្រើនខ្សោយកម្លាំង និងឈឺ ហើយមានមួយចំនួនធំបានស្លាប់។ 31ប្រសិនបើយើងពិនិត្យពិច័យមើលខ្លួនឯង ព្រះអម្ចាស់នឹងមិនវិនិច្ឆ័យទោសយើងទេ។ 32ប៉ុន្តែ បើព្រះអម្ចាស់វិនិច្ឆ័យទោសយើង មកពីព្រះអង្គចង់កែយើង ដើម្បីកុំឲ្យយើងទទួលទោសជាមួយលោកីយ៍។ 33ហេតុនេះ បងប្អូនអើយ នៅពេលបងប្អូនជួបជុំគ្នាបរិភោគពិធីជប់លៀងរបស់ព្រះអម្ចាស់ ត្រូវចាំគ្នាផង។ 34ប្រសិនបើអ្នកណាឃ្លាន អ្នកនោះត្រូវពិសាបាយពីផ្ទះឲ្យហើយទៅ ដើម្បីចៀសវាងកុំឲ្យការប្រជុំរបស់បងប្អូន ទៅជាមានទោសទៅវិញ។
ចំពោះបញ្ហាឯទៀតៗ ខ្ញុំនឹងដោះស្រាយជូន នៅពេលខ្ញុំមកដល់។
Currently Selected:
១ កូរិនថូស 11: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.