YouVersion Logo
Search Icon

កាឡាទី 3

3
ជំនឿ និង​ក្រឹត្យ‌វិន័យ
1ឱ​បងប្អូន​អ្នក​ស្រុក​កាឡាទី​អើយ ម្ដេច​ក៏​ល្ងី‌ល្ងើ​ម៉្លេះ! តើ​បងប្អូន​ត្រូវ​អំពើ​របស់​នរណា? បងប្អូន​បាន​ទទួល​សេចក្ដី​បរិយាយ​អំពី​ព្រះ‌យេស៊ូ​គ្រិស្ត ដែល​ត្រូវ​គេ​ឆ្កាង​នោះ​យ៉ាង​ច្បាស់​លាស់​ហើយ​ទេ​តើ! 2ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​សេចក្ដី​មួយ​ប៉ុណ្ណោះ សូម​បងប្អូន​ប្រាប់​ខ្ញុំ​មើល៍ តើ​បងប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​មក​ពី​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​មក​ពី​ជឿ​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ស្ដាប់? 3ម្ដេច​ក៏​បងប្អូន​ល្ងី‌ល្ងើ​ម៉្លេះ! បងប្អូន​បាន​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដោយ​ព្រះ‌វិញ្ញាណ តែ​ឥឡូវ​នេះ ម្ដេច​ក៏​ចង់​បញ្ចប់​តាម​របៀប​លោកីយ៍​វិញ​ដូច្នេះ? 4បងប្អូន​មាន​ការ​ពិសោធ​យ៉ាង​ច្រើន​នោះ តើ​អសារ​ឥត​ការ​ឬ? ទេ មិន​មែន​ឥត​បាន​ការ​ឡើយ! 5ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បងប្អូន និង​បញ្ចេញ​សកម្ម‌ភាព ដោយ​សម្តែង​បាដិ‌ហារិយ៍​ផ្សេងៗ​ក្នុង​ចំណោម​បងប្អូន​នោះ តើ​ព្រះអង្គ​ធ្វើ​ដូច្នេះ មក​ពី​បងប្អូន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​មក​ពី​បងប្អូន​បាន​ជឿ​ដំណឹង‌ល្អ ដែល​បងប្អូន​បាន​ស្ដាប់? 6 លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះអង្គ​ប្រោស​លោក​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ7 ដូច្នេះ សូម​បងប្អូន​យល់​ថា អ្នក​ណា​មាន​ជំនឿ អ្នក​នោះ​ហើយ​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ។ 8 ក្នុង​គម្ពីរ​មាន​គ្រោង​ទុក​ជា​មុន​ថា ព្រះ‌ជាម្ចាស់​នឹង​ប្រោស​សាសន៍​ដទៃ​ឲ្យ​សុចរិត ដោយ‌សារ​ជំនឿ ហើយ​លោក​អប្រាហាំ​បាន​ទទួល​ដំណឹង‌ល្អ​នេះ​ជា​មុន​ថា«ជាតិ​សាសន៍​ទាំង​អស់​នឹង​ទទួល​ពរ ដោយ‌សារ​អ្នក»9ហេតុ​នេះ អស់​អ្នក​ដែល​មាន​ជំនឿ​ក៏​បាន​ទទួល​ព្រះ‌ពរ​រួម​ជា​មួយ​លោក​អប្រាហាំ ដែល​ជា​អ្នក​មាន​ជំនឿ​នោះ​ដែរ។ 10 រីឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​ទេ​នោះ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ»11 មួយ​វិញ​ទៀត យើង​ដឹង​ច្បាស់​ថា គ្មាន​នរណា​ម្នាក់​បាន​សុចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ដោយ​ពឹង​លើ​ក្រឹត្យ‌វិន័យ​នោះ​ឡើយ ដ្បិត«មនុស្ស​សុចរិត​នឹង​មាន​ជីវិត​ដោយ‌សារ​ជំនឿ»12 រីឯ​ក្រឹត្យ‌វិន័យ​ប្លែក​ពី​ជំនឿ​ទាំង​ស្រុង ព្រោះ​មាន​ចែង​ថា «អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ»13 ដោយ​ព្រះ‌គ្រិស្ត​បាន​ទទួល​បណ្ដា‌សា​សម្រាប់​យើង ព្រះអង្គ​លោះ​យើង​ឲ្យ​រួច​ផុត​ពី​បណ្ដា‌សា​ដែល​មក​ពី​ក្រឹត្យ‌វិន័យ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​ជាប់​នឹង​ឈើ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ!»14ហេតុ‌ការណ៍​នេះ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ព្រះ‌ពរ​ដែល​លោក​អប្រាហាំ​ទទួល បាន​ហូរ​ទៅ​ដល់​សាសន៍​ដទៃ តាម​រយៈ​ព្រះគ្រិស្ត‌យេស៊ូ​ដែរ ហើយ​ឲ្យ​យើង​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ប្រទាន​មក ដោយ​យើង​មាន​ជំនឿ។
ក្រឹត្យ‌វិន័យ និង​ព្រះ‌បន្ទូល​សន្យា
15បងប្អូន​អើយ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​មួយ​មក​ជម្រាប​ថា ប្រសិន​បើ​ពាក្យ​បណ្ដាំ​របស់​មនុស្ស​មាន​ចែង​ទុក​ត្រឹម​ត្រូវ​ហើយ គ្មាន​នរណា​ម្នាក់​លុប​បំបាត់ ឬ​បន្ថែម​បន្ថយ​អ្វី​បាន​ទេ។ 16 យ៉ាង​ណា‌មិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ដល់​លោក​អប្រាហាំ និង​ដល់​ពូជ‌ពង្ស​របស់​លោក។ ក្នុង​គម្ពីរ​ពុំ​មាន​ចែង​ថា «ដល់​ពូជ‌ពង្ស​ទាំង‌ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​ដ៏​ច្រើន​ឡើយ គឺ​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​តែ​ម្នាក់​ប៉ុណ្ណោះ: «ដល់​ពូជ‌ពង្ស​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រិស្ត។ 17 ខ្ញុំ​និយាយ​ដូច្នេះ ចង់​ពន្យល់​ថា ព្រះ‌ជាម្ចាស់​បាន​ទុក​ពាក្យ​បណ្ដាំ​មួយ​យ៉ាង​ត្រឹម​ត្រូវ​រួច​ស្រេច​ហើយ។ រីឯ​ក្រឹត្យ‌វិន័យ​ដែល​មក​ដល់​បួន​រយ​សាម‌សិប​ឆ្នាំ​ក្រោយ​មក​ទៀត​នោះ ពុំ​បាន​លុប​បំបាត់​ពាក្យ​បណ្ដាំ​របស់​ព្រះអង្គ​ឡើយ បើ​ពុំ​នោះ​ទេ ព្រះ‌បន្ទូល​សន្យា​មុខ​ជា​បាត់​ខ្លឹម‌សារ​មិន​ខាន។ 18 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ប្រទាន​មត៌ក​មក​មនុស្ស ព្រោះ​គេ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ បាន​សេចក្ដី​ថា គេ​មិន​ទទួល​មត៌ក​នោះ​តាម​ព្រះ‌បន្ទូល​សន្យា​ទៀត​ឡើយ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​លោក​អប្រាហាំ ដោយ‌សារ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។
19បើ​ដូច្នោះ តើ​ក្រឹត្យ‌វិន័យ​មាន​ប្រយោជន៍​អ្វី? ក្រឹត្យ‌វិន័យ​កើត​មាន​មក​តាម​ក្រោយ ដើម្បី​បង្ហាញ​បទ​ល្មើស​របស់​មនុស្ស ហើយ​មាន​ខ្លឹម‌សារ​រហូត​ដល់​ពូជ‌ពង្ស ដែល​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ‌បន្ទូល​សន្យា​យាង​មក​ដល់។ ពួក​ទេវតា*​បាន​នាំ​យក​ក្រឹត្យ‌វិន័យ​នេះ​មក តាម​រយៈ​មនុស្ស​ម្នាក់ ដែល​ជួយ​ធ្វើ​អន្តរា‌គមន៍ ។ 20ប៉ុន្តែ ប្រសិន​បើ​មាន​តែ​ម្នាក់​នោះ មិន​បាច់​ឲ្យ​មាន​នរណា​ធ្វើ​អន្តរា‌គមន៍​ឡើយ។ រីឯ​ព្រះ‌ជាម្ចាស់​វិញ មាន​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។
21ដូច្នេះ តើ​បាន​សេចក្ដី​ថា ក្រឹត្យ‌វិន័យ​ទាស់​នឹង​ព្រះ‌បន្ទូល​សន្យា​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! ប្រសិន​បើ​ក្រឹត្យ‌វិន័យ​ដែល​មនុស្ស​បាន​ទទួល​អាច​ផ្ដល់​ជីវិត បាន​សេចក្ដី​ថា មនុស្ស​នឹង​បាន​សុចរិត​ដោយ‌សារ​ក្រឹត្យ‌វិន័យ​មែន 22ក៏​ប៉ុន្តែ ក្នុង​គម្ពីរ​មាន​ចែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​បាប ដើម្បី​ឲ្យ​អស់​អ្នក​ជឿ​បាន​ទទួល​ផល ស្រប​តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​គ្រិស្ត។
23មុន​ពេល​ជំនឿ​មក​ដល់ យើង​ជាប់​ឃុំ‌ឃាំង​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ ទាំង​រង់‌ចាំ​ជំនឿ​ដែល​នឹង​ត្រូវ​លេច​ចេញ​មក។ 24ដូច្នេះ ក្រឹត្យ‌វិន័យ​មាន​នាទី​ណែ‌នាំ​យើង​ទៅ​កាន់​ព្រះ‌គ្រិស្ត ដើម្បី​ឲ្យ​យើង​បាន​សុចរិត​ដោយ‌សារ​ជំនឿ។ 25កាល​ណា​ជំនឿ​មក​ដល់​ហើយ យើង​មិន​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​អ្វី​ដែល​ណែ‌នាំ​យើង​នោះ​ទៀត​ទេ 26ដ្បិត​ដោយ‌សារ​ជំនឿ​លើ​ព្រះគ្រិស្ត‌យេស៊ូ បងប្អូន​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។ 27បងប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​ឲ្យ​បាន​រួម​ជា​មួយ​ព្រះ‌គ្រិស្ត បងប្អូន​ក៏​មាន​ព្រះ‌គ្រិស្ត​នៅ​ជាប់​ជា​មួយ​ដែរ ។
28ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ត្រី​ទៀត​ដែរ គឺ​បងប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​ព្រះគ្រិស្ត‌យេស៊ូ។ 29 ប្រសិន​បើ​បងប្អូន​ចូល​រួម​ជា​មួយ​ព្រះ‌គ្រិស្ត បងប្អូន​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ ហើយ​ក៏​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in