លោកុប្បត្តិ 24
24
អាពាហ៍ពិពាហ៍របស់លោកអ៊ីសាក
1លោកអប្រាហាំមានវ័យកាន់តែចាស់ណាស់ទៅហើយ ព្រះអម្ចាស់ក៏បានប្រទានពរលោកសព្វគ្រប់ទាំងអស់។
2លោកអប្រាហាំមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់លោក ដែលមានវ័យចំណាស់ជាងគេ និងជាអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់លោកថា៖ «ចូរដាក់ដៃអ្នកនៅក្រោមភ្លៅខ្ញុំ 3ហើយស្បថដោយយកព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្ដឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ 4គឺអ្នកត្រូវធ្វើដំណើរទៅស្រុកកំណើតខ្ញុំ ហើយដណ្ដឹងកូនស្រីក្នុងចំណោមញាតិសន្ដានរបស់ខ្ញុំ មកធ្វើជាប្រពន្ធឲ្យអ៊ីសាក ជាកូនរបស់ខ្ញុំវិញ»។ 5អ្នកបម្រើតបថា៖ «ប្រហែលជានាងនោះមិនព្រមតាមខ្ញុំប្របាទមកស្រុកនេះទេមើលទៅ ដូច្នេះ តើគួរឲ្យខ្ញុំប្របាទនាំកូនប្រុសរបស់លោក ទៅស្រុកដែលលោកបានចាកចេញមកនោះឬ?»។ 6លោកអប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «កុំនាំកូនខ្ញុំទៅស្រុកនោះឲ្យសោះ! 7ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ ដែលបានយកខ្ញុំចេញពីញាតិសន្ដាន និងពីស្រុកកំណើតរបស់ខ្ញុំ ទ្រង់មានព្រះបន្ទូលមកខ្ញុំ និងបានសន្យាជាមួយខ្ញុំថា ទ្រង់ពិតជានឹងប្រគល់ស្រុកនេះឲ្យពូជពង្សខ្ញុំ។ ដូច្នេះ ព្រះអង្គមុខជាចាត់ទេវតារបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកដណ្ដឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធរបស់កូនប្រុសខ្ញុំ។ 8ប្រសិនបើនាងមិនយល់ព្រមមកតាមអ្នកទេ អ្នកនឹងរួចពីសម្បថនេះ តែកុំនាំកូនប្រុសខ្ញុំទៅស្រុកនោះជាដាច់ខាត»។ 9អ្នកបម្រើក៏ដាក់ដៃក្រោមភ្លៅលោកអប្រាហាំ ជាម្ចាស់របស់គាត់ ទាំងស្បថជូនលោកអំពីរឿងនេះ។
10អ្នកបម្រើនោះបានយកអូដ្ឋដប់ក្បាល ពីក្នុងហ្វូងអូដ្ឋម្ចាស់របស់គាត់ រួចចេញដំណើរឆ្ពោះទៅក្រុងណាឃរ ក្នុងស្រុកមេសូប៉ូតាមា ដោយនាំយកទ្រព្យដ៏ល្អវិសេសរបស់ម្ចាស់គាត់ទៅជាមួយផង។ 11លុះមកដល់ជិតអណ្ដូងទឹកមួយនៅខាងក្រៅទីក្រុង គាត់ក៏ឲ្យអូដ្ឋទាំងអស់លុតជង្គង់។ ពេលនោះ ល្ងាចហើយ ជាពេលដែលពួកស្ត្រីនាំគ្នាចេញមកដងទឹក។ 12គាត់ក៏អធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ចៅហ្វាយរបស់ទូលបង្គំ សូមព្រះអង្គមេត្តាជួយឲ្យទូលបង្គំបានជួបនឹងនារីម្នាក់ដូចប្រាថ្នាផង។ សូមសម្តែងព្រះហឫទ័យសន្តោសមេត្តាដល់លោកអប្រាហាំជាម្ចាស់ទូលបង្គំផង! 13ទូលបង្គំឈរនៅជិតអណ្ដូងទឹកនេះស្រាប់ហើយ ហើយក៏មានកូនស្រីអ្នកស្រុកចេញពីទីក្រុងមកដងទឹកដែរ 14បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា “សុំនាងផ្អៀងក្អមឲ្យទឹកខ្ញុំទទួលទានផង” ហើយបើនាងតបមកទូលបង្គំវិញថា “សូមអញ្ជើញពិសាទៅ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកផឹកថែមទៀត” សូមឲ្យបានចំលើនារី ដែលព្រះអង្គបម្រុងទុកធ្វើជាភរិយារបស់លោកអ៊ីសាក ជាម្ចាស់ទូលបង្គំ។ ដូច្នេះ ទូលបង្គំនឹងដឹងច្បាស់ថា ព្រះអង្គពិតជាសម្តែងព្រះហឫទ័យសន្តោសមេត្តាចំពោះលោកម្ចាស់របស់ទូលបង្គំមែន!»។
15គាត់និយាយមិនទាន់ទាំងចប់ផង ស្រាប់តែនាងរេបិកាកណ្ដៀតក្អមទឹកចេញពីទីក្រុងមក។ នាងត្រូវជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអប្រាហាំ។ 16នាងមានសម្ផស្សស្អាតល្អណាស់ ហើយក៏ជាស្ត្រីក្រមុំព្រហ្មចារី មិនទាន់រួមរស់ជាមួយបុរសណាឡើយ។ នាងចុះទៅប្រភពទឹក លុះដងទឹកដាក់ពេញក្អមរួចហើយ នាងក៏ឡើងមកវិញ។ 17អ្នកបម្រើរបស់លោកអប្រាហាំរត់ទៅរកនាង ពោលថា៖ «សូមនាងមេត្តាចាក់ទឹកពីក្អមនាង ឲ្យខ្ញុំទទួលទានបន្តិច»។ 18នាងតបមកវិញថា៖ «សូមលោកម្ចាស់អញ្ជើញពិសា!»។ នាងប្រញាប់ប្រញាល់ផ្អៀងក្អមឲ្យទឹកអ្នកបម្រើនោះពិសា។ 19ពេលនាងឲ្យគាត់ពិសាទឹករួចហើយ ក៏ពោលថា៖ «នាងខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋលោកម្ចាស់ផឹកដែរ ទាល់តែវាបានឆ្អែតគ្រប់គ្រាន់»។ 20នាងក៏ប្រញាប់ប្រញាល់ចាក់ទឹកទៅក្នុងស្នូកសត្វ រួចនាងរត់ទៅដងពីអណ្ដូងមកទៀត គឺនាងបានដងទឹកឲ្យអូដ្ឋទាំងអស់ផឹក។ 21បុរសនោះសម្លឹងមើលនាង ហើយនឹកក្នុងចិត្តចង់ដឹងថា តើព្រះជាម្ចាស់ប្រោសឲ្យដំណើររបស់គាត់បានសម្រេចតាមបំណង មែនឬយ៉ាងណា។
22កាលអូដ្ឋបានផឹកទឹកឆ្អែតហើយ អ្នកបម្រើនោះក៏យកចិញ្ចៀនមាសមួយវង់ ទម្ងន់មួយជីកន្លះ មកឲ្យនាង រួចយកកងដៃមាសមួយគូ ដែលមានទម្ងន់បីតម្លឹង មកពាក់ឲ្យនាងដែរ។ 23គាត់សួរនាងថា៖ «នាងត្រូវជាកូនចៅរបស់លោកណា? សូមមេត្តាប្រាប់ឲ្យខ្ញុំដឹងផង។ តើនៅផ្ទះឪពុកនាង មានកន្លែងឲ្យយើងខ្ញុំស្នាក់នៅយប់នេះបានឬទេ?»។ 24នាងឆ្លើយថា៖ «នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកយាយមីលកា និងលោកតាណាឃរ»។ 25នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅស្ងួតយ៉ាងច្រើនបរិបូណ៌ ហើយក៏មានកន្លែងជូនអស់លោកស្នាក់ដែរ»។ 26បុរសនោះលុតជង្គង់ចុះ ក្រាបថ្វាយបង្គំព្រះអម្ចាស់ 27ទាំងពោលថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ជាម្ចាស់ខ្ញុំ ដែលតែងតែសម្តែងព្រះហឫទ័យសន្តោសមេត្តា និងព្រះហឫទ័យស្មោះត្រង់ចំពោះលោកម្ចាស់ខ្ញុំជានិច្ច! ព្រះអម្ចាស់នាំផ្លូវខ្ញុំ រហូតដល់បានមកជួបបងប្អូនលោកម្ចាស់ខ្ញុំ»។
28នាងក្រមុំរត់នាំដំណឹងនេះទៅប្រាប់ម្ដាយ។ 29នាងរេបិកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ឡាបាន់ក៏រត់ចេញទៅរកបុរសនោះ នៅខាងក្រៅ ជិតអណ្ដូងទឹក 30ព្រោះគាត់បានឃើញចិញ្ចៀន និងកងដៃដែលពាក់នៅនឹងដៃរបស់ប្អូនស្រី ហើយគាត់ក៏បានឮនាងរេបិកាជាប្អូនរៀបរាប់នូវសេចក្ដីដែលបុរសនោះនិយាយ។ គាត់ក៏ទៅជួបបុរសនោះ ដែលឈរនៅជាមួយអូដ្ឋ ជិតអណ្ដូងទឹក។ 31គាត់ពោលថា៖ «អ្នកដែលព្រះអម្ចាស់ប្រទានពរអើយ សូមអញ្ជើញមក ម្ដេចឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះជូនលោក ហើយក៏បានរៀបចំកន្លែងមួយសម្រាប់អូដ្ឋដែរ»។ 32បុរសនោះចូលទៅក្នុងផ្ទះ គេយករបស់របរចុះពីខ្នងអូដ្ឋ រួចដាក់ចំបើង និងស្មៅឲ្យវាស៊ី ហើយយកទឹកមកលាងជើងឲ្យបុរសនោះ ព្រមទាំងឲ្យអស់អ្នកដែលមកជាមួយដែរ។ 33បន្ទាប់មក គេយកម្ហូបអាហារជូនគាត់ពិសា។ ប៉ុន្តែ គាត់ពោលថា៖ «ខ្ញុំមិនទទួលទានទេ ដរាបណាមិនទាន់បានជម្រាបជូននូវសេចក្ដី ដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញមានប្រសាសន៍មក!»។
34បុរសនោះក៏ពោលឡើងថា៖ «ខ្ញុំបាទជាអ្នកបម្រើរបស់លោកអប្រាហាំ។ 35ព្រះអម្ចាស់បានប្រទានពរដល់ម្ចាស់ខ្ញុំយ៉ាងច្រើន រហូតដល់លោកបានទៅជាអ្នកមានឋានៈខ្ពស់។ ព្រះអង្គប្រទានឲ្យលោកមានហ្វូងចៀម និងហ្វូងគោ មានប្រាក់ មាស អ្នកបម្រើស្រីប្រុស អូដ្ឋ និងលាជាច្រើនផង។ 36ក្នុងគ្រាដែលម្ចាស់របស់ខ្ញុំមានវ័យចាស់ណាស់ទៅហើយ លោកស្រីសារ៉ា ជាភរិយា បង្កើតបានកូនប្រុសមួយជូនលោក គឺកូនប្រុសនេះហើយ ដែលនឹងទទួលអ្វីៗទាំងអស់ពីលោក។ 37ម្ចាស់របស់ខ្ញុំបានឲ្យខ្ញុំស្បថថា “អ្នកមិនត្រូវដណ្ដឹងកូនស្រីជនជាតិកាណាន ក្នុងស្រុកដែលខ្ញុំនៅនេះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំឡើយ។ 38ក៏ប៉ុន្តែ អ្នកត្រូវធ្វើដំណើរទៅរកក្រុមគ្រួសារ និងញាតិសន្ដានខ្ញុំ ហើយដណ្ដឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ”។ 39ខ្ញុំបានជម្រាបលោកម្ចាស់របស់ខ្ញុំថា “ប្រហែលជានាងនោះមិនព្រមមកស្រុកនេះ តាមខ្ញុំប្របាទទេមើលទៅ”។ 40លោកតបមកខ្ញុំវិញថា “ព្រះអម្ចាស់ ជាព្រះដែលខ្ញុំគោរពប្រណិប័តន៍ ទ្រង់នឹងចាត់ទេវតា*របស់ព្រះអង្គឲ្យទៅជាមួយអ្នក ហើយទ្រង់នឹងធ្វើឲ្យដំណើររបស់អ្នកបានសម្រេចតាមបំណងជាមិនខាន។ អ្នកនឹងដណ្ដឹងកូនស្រីម្នាក់ក្នុងចំណោមញាតិសន្ដាន និងក្រុមគ្រួសារខ្ញុំ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ។ 41ពេលអ្នកទៅជួបញាតិសន្ដានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនឲ្យទេ អ្នកនឹងបានរួចពីសម្បថនេះ”។ 42ថ្ងៃនេះ ខ្ញុំបានមកដល់អណ្ដូងទឹក ហើយទូលអង្វរថា បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ដែលជាចៅហ្វាយរបស់ទូលបង្គំ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យឲ្យដំណើររបស់ទូលបង្គំបានសម្រេចដូចប្រាថ្នាមែន 43ទូលបង្គំនៅជិតអណ្ដូងទឹកនេះស្រាប់ហើយ បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ដែលចេញមកដងទឹកថា “សុំនាងឲ្យទឹកក្នុងក្អមរបស់នាង មកខ្ញុំទទួលទានបន្តិច” 44ហើយបើនាងតបមកទូលបង្គំវិញថា “សូមអញ្ជើញពិសា ខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋរបស់លោកផឹកថែមទៀត” នោះសូមឲ្យចំលើនារីដែលព្រះអង្គបានបម្រុងទុកជាភរិយារបស់កូនប្រុសម្ចាស់ទូលបង្គំ។ 45ខ្ញុំនិយាយក្នុងចិត្តមិនទាន់ចប់ផង ស្រាប់តែនាងរេបិកាកណ្ដៀតក្អមទឹកចេញពីទីក្រុងមក។ នាងចុះទៅឯប្រភពទឹក ហើយដងទឹក។ ខ្ញុំនិយាយទៅនាងថា “សុំនាងមេត្តាឲ្យទឹកមកខ្ញុំទទួលទានបន្តិច”។ 46នាងក៏ប្រញាប់ផ្អៀងក្អមដែលនាងកណ្ដៀតនោះ ទាំងពោលថា “សូមអញ្ជើញពិសា នាងខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋលោកម្ចាស់ផឹកថែមទៀត”។ 47ខ្ញុំសួរនាងថា “នាងត្រូវជាកូនចៅរបស់លោកណា” នាងឆ្លើយថា “នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា”។ ខ្ញុំយកចិញ្ចៀន និងកងដៃពាក់ឲ្យនាង។ 48បន្ទាប់មក ខ្ញុំក៏លុតជង្គង់ថ្វាយបង្គំព្រះអម្ចាស់ ហើយអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ជាម្ចាស់ខ្ញុំ ដែលទ្រង់បានដឹកនាំខ្ញុំ ដោយព្រះហឫទ័យស្មោះត្រង់ ឲ្យខ្ញុំបានមកដណ្ដឹងក្មួយស្រីរបស់លោក យកទៅធ្វើជាភរិយាឲ្យកូនប្រុសរបស់លោក។ 49ឥឡូវនេះ ប្រសិនបើអស់លោកចង់សម្តែងចិត្តសន្តោសមេត្តា និងចិត្តស្មោះត្រង់ចំពោះម្ចាស់របស់ខ្ញុំ សូមមានប្រសាសន៍មក ដើម្បីឲ្យខ្ញុំអាចគិតគូរទៅតាមនោះផង»។
50លោកឡាបាន់ និងលោកបេធូអែលតបទៅវិញថា៖ «ហេតុការណ៍នេះកើតមកពីព្រះអម្ចាស់ ដូច្នេះ យើងខ្ញុំពុំអាចប្រាប់លោកថា យើងយល់ព្រម ឬជំទាស់ឡើយ។ 51នាងរេបិកានៅមុខលោកស្រាប់ហើយ សូមទទួលនាងយកទៅចុះ ឲ្យនាងបានទៅជាភរិយារបស់កូនប្រុសម្ចាស់លោក ដូចព្រះអម្ចាស់មានព្រះបន្ទូល»។
52កាលអ្នកបម្រើរបស់លោកអប្រាហាំបានឮពាក្យទាំងនោះ គាត់ក៏ក្រាបថ្វាយបង្គំព្រះអម្ចាស់ 53រួចគាត់យកគ្រឿងអលង្ការ ជាប្រាក់ ជាមាស ព្រមទាំងសម្លៀកបំពាក់ចេញមកជូននាងរេបិកា ហើយគាត់លើកជំនូនដ៏មានតម្លៃផ្សេងៗទៀត ជូនទៅបងប្រុស និងម្ដាយរបស់នាងដែរ។ 54បន្ទាប់មក ទើបគាត់បរិភោគបាយទឹកជាមួយអស់អ្នកដែលរួមដំណើរជាមួយគាត់ ហើយយប់នោះ គេក៏នាំគ្នាស្នាក់នៅទីនោះទៅ។ លុះព្រឹកឡើងពេលក្រោកពីដំណេក អ្នកបម្រើពោលឡើងថា៖ «ខ្ញុំសូមលាត្រឡប់ទៅរកម្ចាស់ខ្ញុំវិញហើយ»។ 55បងប្រុស និងម្ដាយរបស់នាងរេបិកាពោលថា៖ «សុំឲ្យរេបិកានៅទីនេះជាមួយយើងបន្តិចសិន ចាំដប់ថ្ងៃទៀត សឹមអញ្ជើញទៅ»។ 56គាត់តបទៅវិញថា៖ «ព្រះអម្ចាស់បានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចតាមបំណងហើយ ដូច្នេះ សូមកុំឃាត់ខ្ញុំអី សូមអនុញ្ញាតឲ្យខ្ញុំវិលត្រឡប់ទៅរកម្ចាស់ខ្ញុំវិញចុះ»។ 57គេតបមកគាត់វិញថា៖ «សូមហៅនាងមក ហើយសួរយោបល់នាងផ្ទាល់ទៅ»។
58គេក៏ហៅនាងរេបិកាមកសួរថា៖ «តើកូនយល់ព្រមទៅជាមួយលោកឬទេ?»។ នាងឆ្លើយថា៖ «ចាស ព្រម!»។
59គេក៏អនុញ្ញាតឲ្យនាងរេបិកាជាប្អូន និងមេដោះរបស់នាង ចាកចេញទៅជាមួយអ្នកបម្រើរបស់លោកអប្រាហាំ និងអស់អ្នកដែលមកជាមួយគាត់។ 60ក្រុមគ្រួសារបានឲ្យពរនាងរេបិកាថា៖
«ប្អូនរេបិកាអើយ
សូមឲ្យនាងបានទៅជាម្ដាយរបស់មនុស្ស
រាប់លានរាប់កោដិនាក់
សូមឲ្យពូជពង្សនាងគ្រប់គ្រង
លើពួកខ្មាំងសត្រូវរបស់នាង»។
61រេបិកាក្រោកឡើងជាមួយពួកស្រីបម្រើរបស់នាង ឡើងជិះអូដ្ឋទៅតាមបុរសនោះ រួចហើយអ្នកបម្រើក៏នាំនាងរេបិកាចេញទៅ។
62នៅគ្រានោះ អ៊ីសាកបានចាកចេញពីអណ្ដូងទឹកឡាហាយ-រយហើយ។ គាត់រស់នៅតាមតំបន់វាលរហោស្ថានណេកិប។ 63ល្ងាចមួយ គាត់ដើរចេញទៅសញ្ជឹងគិតនៅតាមវាល ហើយគាត់ក្រឡេកមើលទៅឃើញក្បួនអូដ្ឋមកដល់។ 64រីឯនាងរេបិកាវិញ នាងក៏ក្រឡេកមើលមកដែរ។ ពេលនាងឃើញអ៊ីសាក នាងលោតចុះពីខ្នងអូដ្ឋ 65សួរអ្នកបម្រើថា៖ «អ្នកដែលឈរនៅតាមវាល ហើយកំពុងតែដើរមករកយើងនោះជានរណា?» 66អ្នកបម្រើតបថា៖ «គឺលោកហើយដែលជាម្ចាស់របស់ខ្ញុំ»។ នាងក៏យកស្បៃមកគ្របមុខ ។ អ្នកបម្រើក៏រៀបរាប់ប្រាប់លោកអ៊ីសាក នូវកិច្ចការទាំងប៉ុន្មានដែលគាត់បានធ្វើ។
67លោកអ៊ីសាកនាំនាងរេបិកាចូលទៅក្នុងជំរំ ដែលលោកស្រីសារ៉ា ជាម្ដាយ ធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្ដាយស្លាប់។
Currently Selected:
លោកុប្បត្តិ 24: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.