YouVersion Logo
Search Icon

លោកុប្បត្តិ 47

47
1លោក​យ៉ូសែប​ទៅ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ឪពុក និង​បងប្អូន​របស់​ទូលបង្គំ​បាន​មក​ពី​ស្រុក​កាណាន ទាំង​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ផង ឥឡូវ​នេះ គេ​នៅ​តំបន់​កូសែន»។ 2លោក​យ៉ូសែប​បាន​នាំ​បងប្អូន​របស់​លោក​ប្រាំ​នាក់ ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន 3ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​បងប្អូន​លោក​យ៉ូសែប​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?»។ ពួក​គេ​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​ជា​គង្វាល ដូច​ដូនតា​របស់​យើង​ខ្ញុំ​ដែរ»។ 4ពួក​គេ​ទូល​ស្ដេច​ទៀត​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​បាន​មក​ជ្រក​កោន​នៅ​ស្រុក​នេះ ព្រោះ​នៅ​ស្រុក​កាណាន​កើត​ទុរ្ភិក្ស​ខ្លាំង​ណាស់ ពុំ​មាន​ស្មៅ​សម្រាប់​ហ្វូង​ចៀម​របស់​ទូលបង្គំ​យើង​ខ្ញុំ​ឡើយ។ ហេតុ​នេះ សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​ទូលបង្គំ​យើង​ខ្ញុំ​រស់​នៅ​ក្នុង​តំបន់​កូសែន​ផង»។ 5ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «ឪពុក និង​បងប្អូន​របស់​លោក​បាន​មក​ជួប‌ជុំ​នឹង​លោក​ហើយ។ 6លោក​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​ស្រាប់ ដូច្នេះ សុំ​លោក​ចាត់​ចែង​ឲ្យ​ឪពុក និង​បងប្អូន​លោក តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ សុំ​ឲ្យ​ពួក​គេ​ទៅ​រស់​នៅ​ក្នុង​តំបន់​កូសែន​ចុះ។ ក្នុង​ចំណោម​ពួក​គេ ប្រសិន​បើ​លោក​ឃើញ​នរណា​មាន​សមត្ថ‌ភាព សុំ​តែង‌តាំង​គេ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ហ្វូង​សត្វ​របស់​យើង​ផ្ទាល់​ផង»។
7លោក​យ៉ូសែប​នាំ​លោក​យ៉ាកុប ជា​ឪពុក មក​គាល់​ព្រះចៅ​ផារ៉ោន​ដែរ។ លោក​យ៉ាកុប​បាន​ថ្វាយ​ពរ​ដល់​ព្រះ‌រាជា។ 8ព្រះចៅ​ផារ៉ោន​សួរ​លោក​យ៉ាកុប​ថា៖ «តើ​លោក​តា​អាយុ​ប៉ុន្មាន​ហើយ?»។ 9លោក​យ៉ាកុប​ទូល​ព្រះ‌រាជា​វិញ​ថា៖ «ទូលបង្គំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ អស់​រយៈ​ពេល​មួយ​រយ​សាម‌សិប​ឆ្នាំ​ហើយ។ អាយុ​ទូលបង្គំ​មិន​វែង​ទេ ហើយ​ក៏​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ផង គឺ​ទូលបង្គំ​រស់​មិន​បាន​យូរ​ដូច​បុព្វបុរស​របស់​ទូលបង្គំ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ​ឡើយ»។ 10លោក​យ៉ាកុប​ថ្វាយ​ពរ​ព្រះចៅ​ផារ៉ោន​សា​ជា​ថ្មី រួច​ចាក​ចេញ​ពី​ព្រះ‌រាជា​ទៅ។
11លោក​យ៉ូសែប​បាន​ប្រគល់​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ​នៅ​ស្រុក​អេស៊ីប​ឲ្យ​ឪពុក និង​បងប្អូន​របស់​លោក​តាំង​ទី​លំ‌នៅ គឺ​នៅ​តំបន់​រ៉ាម‌សេស ស្រប​តាម​រាជ‌បញ្ជា​របស់​ព្រះចៅ​ផារ៉ោន។ 12លោក​យ៉ូសែប​បាន​ផ្គត់‌ផ្គង់​ឪពុក និង​បងប្អូន​របស់​លោក ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល តាម​ចំនួន​កូន​ចៅ​នៅ​ក្នុង​បន្ទុក​របស់​ពួក​គេ។
លោក​យ៉ូសែប​គ្រប់‌គ្រង​ស្រុក​អេស៊ីប​ក្នុង​ពេល​ទុរ្ភិក្ស
13ទុរ្ភិក្ស​កើត​មាន​កាន់​តែ​ខ្លាំង ធ្វើ​ឲ្យ​គ្មាន​ស្បៀង​អាហារ​បរិភោគ​ក្នុង​ស្រុក​ទាំង​មូល។ ស្រុក​កាណាន និង​ស្រុក​អេស៊ីប​ត្រូវ​ហិន‌ហោច​ព្រោះ​តែ​ទុរ្ភិក្ស​នេះ។ 14លោក​យ៉ូសែប​បាន​លក់​ស្រូវ​ឲ្យ​ប្រជា‌ជន ហើយ​ប្រមូល​ប្រាក់​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះចៅ​ផារ៉ោន។ 15ពេល​ស្រុក​អេស៊ីប និង​ស្រុក​កាណាន​អស់​ប្រាក់​ទិញ​ស្រូវ​ហើយ ប្រជា‌ជន​អេស៊ីប​ទាំង​អស់​នាំ​គ្នា​មក​ជួប​លោក​យ៉ូសែប ពោល​ថា៖ «សូម​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​យើង​ខ្ញុំ​ផង! មិន​ត្រូវ​ឲ្យ​យើង​ស្លាប់​នៅ​មុខ​លោក ព្រោះ​តែ​គ្មាន​ប្រាក់​នោះ​ឡើយ!»។ 16លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ទេ ចូរ​យក​ហ្វូង​សត្វ​មក​ឲ្យ​ខ្ញុំ ខ្ញុំ​នឹង​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ»។ 17គេ​នាំ​ហ្វូង​សត្វ​មក​ជូន​លោក​យ៉ូសែប លោក​យ៉ូសែប​ក៏​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​គេ ជា​ថ្នូរ​នឹង​សេះ ហ្វូង​ចៀម ហ្វូង​គោ និង​លា​ផង។ ដូច្នេះ នៅ​ឆ្នាំ​នោះ លោក​បាន​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​គេ ហើយ​យក​ហ្វូង​សត្វ​ទាំង​អស់​របស់​គេ​ជា​ថ្នូរ។
18លុះ​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ នៅ​ឆ្នាំ​បន្ទាប់ ពួក​គេ​មក​រក​លោក​ម្ដង​ទៀត ពោល​ថា៖ «យើង​ខ្ញុំ​សូម​ជម្រាប​លោក​ម្ចាស់​តាម​ត្រង់​ថា យើង​ខ្ញុំ​អស់​ប្រាក់​ហើយ រីឯ​ហ្វូង​សត្វ​ក៏​យើង​ខ្ញុំ​បាន​យក​មក​ជូន​លោក​ម្ចាស់​អស់​ដែរ យើង​ខ្ញុំ​គ្មាន​សល់​អ្វី​ក្រៅ​ពី​ខ្លួន​ប្រាណ និង​ដី‌ធ្លី ជូន​លោក​ម្ចាស់​ប៉ុណ្ណោះ។ 19មិន​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក​ម្ចាស់​ឡើយ។ បើ​អត់​ពី​យើង​ខ្ញុំ ដី‌ធ្លី​របស់​យើង​ខ្ញុំ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ ដូច្នេះ សូម​លោក​ម្ចាស់​ទិញ​ទាំង​យើង​ខ្ញុំ ទាំង​ដី‌ធ្លី​របស់​យើង​ខ្ញុំ ជា​ថ្នូរ​នឹង​ស្បៀង​អាហារ​ទៅ។ យើង​ខ្ញុំ​នឹង​ទៅ​ជា​ទាសករ​របស់​ព្រះចៅ​ផារ៉ោន ហើយ​ដី‌ធ្លី​របស់​យើង​ខ្ញុំ​ក៏​ទៅ​ជា​កម្មសិទ្ធិ​របស់​ស្ដេច​ដែរ។ សូម​លោក​ម្ចាស់​ផ្ដល់​ពូជ​ស្រូវ​ឲ្យ​យើង​ខ្ញុំ​សាប​ព្រោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ជីវិត​ផុត​ពី​សេចក្ដី​ស្លាប់ កុំ​ឲ្យ​ដី‌ធ្លី​របស់​យើង​ក្លាយ​ទៅ​ជា​ទី​រហោ‌ស្ថាន»។ 20លោក​យ៉ូសែប​បាន​ទិញ​ដី​ទាំង​អស់​នៅ​ស្រុក​អេស៊ីប ថ្វាយ​ព្រះចៅ​ផារ៉ោន ដ្បិត​ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​លក់​ដី​របស់​គេ​រៀងៗ​ខ្លួន ព្រោះ​តែ​ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ​ដូច្នេះ ស្រុក​ទាំង​មូល​ក៏​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​ព្រះចៅ​ផារ៉ោន។ 21លោក​យ៉ូសែប​បាន​ជន្លៀស​ប្រជា‌ជន​ពី​ក្រុង​មួយ ទៅ​ក្រុង​មួយ​ទៀត​ក្នុង​ស្រុក​អេស៊ីប។ 22រីឯ​ពួក​បូជា‌ចារ្យ​វិញ លោក​យ៉ូសែប​ពុំ​បាន​ទិញ​ដី‌ធ្លី​របស់​ពួក​គេ​ទេ ព្រោះ​ព្រះចៅ​ផារ៉ោន​មាន​ចេញ​ព្រះ‌រាជ​ក្រឹត្យ​មួយ ការពារ​ពួក​បូជា‌ចារ្យ​ទាំង​នោះ។ ពួក​គេ​ទទួល​ស្បៀង​អាហារ​ពី​ស្ដេច ដូច្នេះ ពួក​គេ​មិន​បាច់​លក់​ដី‌ធ្លី​ឡើយ។ 23លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​បាន​ទិញ ទាំង​អ្នក​រាល់​គ្នា ទាំង​ដី‌ធ្លី​របស់​អ្នក​រាល់​គ្នា ថ្វាយ​ព្រះចៅ​ផារ៉ោន​ហើយ។ ខ្ញុំ​នឹង​ផ្ដល់​ពូជ​ឲ្យ​អ្នក​រាល់​គ្នា​យក​ទៅ​សាប​ព្រោះ។ 24លុះ​ដល់​ពេល​ប្រមូល​ភោគ‌ផល អ្នក​រាល់​គ្នា​ត្រូវ​យក​មួយ​ភាគ​ប្រាំ​ទៅ​ថ្វាយ​ព្រះចៅ​ផារ៉ោន ហើយ​អ្នក​រាល់​គ្នា​ទុក​បួន​ភាគ​ប្រាំ​ទៀត​សម្រាប់​ធ្វើ​ពូជ និង​សម្រាប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បរិភោគ»។ 25ប្រជា‌ជន​នាំ​គ្នា​ពោល​ថា៖ «លោក​ម្ចាស់​បាន​សង្គ្រោះ​អាយុ​ជីវិត​យើង​ខ្ញុំ! សូម​លោក​ម្ចាស់​យល់​អធ្យាស្រ័យ​ដល់​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​ព្រះចៅ​ផារ៉ោន​ហើយ»។ 26លោក​យ៉ូសែប​បាន​ចេញ​ក្រឹត្យ​មួយ ដែល​គេ​រក្សា​ទុក​រហូត​មក​ទល់​សព្វ​ថ្ងៃ គឺ​ត្រូវ​យក​ភោគ‌ផល​ពី​ដី​ស្រុក​អេស៊ីប​មួយ​ភាគ​ប្រាំ មក​ថ្វាយ​ព្រះចៅ​ផារ៉ោន មាន​តែ​ដី​របស់​បូជា‌ចារ្យ​ប៉ុណ្ណោះ ដែល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ព្រះចៅ​ផារ៉ោន។
បណ្តាំ​ចុង​ក្រោយ​របស់​លោក​យ៉ាកុប
27ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ស្រុក​អេស៊ីប ក្នុង​តំបន់​កូសែន។ គេ​បាន​ដី​នោះ​ជា​កម្មសិទ្ធិ ហើយ​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ឡើង​ជា​ច្រើន។ 28លោក​យ៉ាកុប​រស់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​ដប់​ប្រាំ‌ពីរ​ឆ្នាំ។ លោក​រស់​បាន​ទាំង​អស់​មួយ​រយ​សែ‌សិប​ប្រាំ‌ពីរ​ឆ្នាំ។ 29 ពេល​លោក​អ៊ីស្រា‌អែល​ជិត​ទទួល​មរណ‌ភាព លោក​បាន​ហៅ​លោក​យ៉ូសែប​ជា​កូន​មក​ផ្ដាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក ហើយ​សម្តែង​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់​ចំពោះ​ពុក​ដូច​ត​ទៅ​នេះ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ស្រុក​អេស៊ីប​ឡើយ! 30ពេល​ពុក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​ដូនតា​ពុក​វិញ កូន​ត្រូវ​ដឹក​ពុក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យក​សព​ពុក​ទៅ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ដូនតា​របស់​យើង»។ លោក​យ៉ូសែប​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​លោក​ឪពុក»។ 31លោក​យ៉ាកុប​ពោល​ទៀត​ថា៖ «ចូរ​កូន​ស្បថ​ឲ្យ​ពុក​មក» លោក​យ៉ូសែប​ក៏​ស្បថ​ជូន។ បន្ទាប់​មក លោក​អ៊ីស្រា‌អែល​ក្រាប​នៅ​ក្បាល​ដំណេក​របស់​លោក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in