ហាបាគូក 3
3
ទំនុកតម្កើង របស់លោកហាបាគូក
1 ពាក្យអធិស្ឋានរបស់លោកហាបាគូក
ស្មូត្រជាទំនុកសោកសង្រេង:
2ឱព្រះអម្ចាស់អើយ ទូលបង្គំបានឮសេចក្ដី
ដែលគេថ្លែងអំពីព្រះអង្គ
ព្រះអម្ចាស់អើយ ទូលបង្គំកោតស្ញប់ស្ញែង
ស្នាព្រះហស្ដដែលព្រះអង្គបានធ្វើ។
សូមសម្តែងឲ្យមនុស្សលោកស្គាល់
ស្នាព្រះហស្ដទាំងនេះ តទៅមុខទៀត!
ប៉ុន្តែ ពេលព្រះអង្គទ្រង់ព្រះពិរោធ
សូមនឹកដល់ព្រះហឫទ័យអាណិតមេត្តា
របស់ព្រះអង្គផង។
3ព្រះជាម្ចាស់យាងមកពីស្រុកថេម៉ាន
ព្រះដ៏វិសុទ្ធយាងមកពីភ្នំប៉ារ៉ាន។
- សម្រាក
ភាពថ្កុំថ្កើងរបស់ព្រះអង្គចែងចាំង
ពាសពេញផ្ទៃមេឃ
ហើយផែនដីទាំងមូលសរសើរតម្កើងព្រះអង្គ។
4ព្រះអង្គប្រកបដោយពន្លឺដ៏ត្រចះត្រចង់
មានកាំរស្មីចាំងចេញពីព្រះហស្ដ
ដែលបង្កប់ទុកនូវព្រះចេស្ដារបស់ព្រះអង្គ។
5ព្រះអង្គចាត់ជំងឺអាសន្នរោគ
ឲ្យទៅពីមុខព្រះអង្គ។
ព្រះអង្គយាងទៅទីណា
ជំងឺរាតត្បាតទៅតាមពីក្រោយ។
6ពេលព្រះអង្គឈប់ ផែនដីកក្រើក។
ពេលព្រះអង្គទតមើល
ប្រជាជាតិនានានាំគ្នាភ័យញាប់ញ័រ
ភ្នំដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច
ប្រេះចេញពីគ្នា
ភ្នំតូចៗដែលនៅស្ថិតស្ថេរតាំងពីដើមរៀងមក
ជាផ្លូវដែលព្រះអង្គធ្លាប់យាងកាត់
ក៏ត្រូវរលាយសូន្យអស់ដែរ។
7ខ្ញុំឃើញជំរំរបស់ជនជាតិគូសាន រលាយសូន្យ
ជម្រករបស់ស្រុកម៉ាឌានត្រូវញ័រកក្រើក។
8តើព្រះអម្ចាស់ខ្ញាល់នឹងទន្លេទាំងឡាយឬ?
តើព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំងក្លា
ទាស់នឹងទន្លេ ព្រមទាំងសមុទ្រឬ?
ព្រះអង្គយាងនៅលើពពក ដូចគេជិះសេះ
និងរទេះចម្បាំង ទៅវាយយកជ័យជម្នះ។
9ព្រះអង្គយឹតធ្នូរបស់ព្រះអង្គ
ព្រះបន្ទូលដ៏ម៉ឺងម៉ាត់
ជាព្រួញរបស់ព្រះអង្គ។
- សម្រាក
ព្រះអង្គធ្វើឲ្យដីប្រេះចេញពីគ្នា
និងឲ្យទឹកទន្លេផុសចេញមក។
10ភ្នំឃើញព្រះអង្គ នាំគ្នាភ័យញាប់ញ័រ
ភ្លៀងក៏បង្អុរចុះមកដែរ
មហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេង
ធ្វើឲ្យមានរលកធំៗ។
11ក្រោមរស្មីនៃព្រួញ និងពន្លឺដ៏ចិញ្ចែងចិញ្ចាច
នៃលំពែងរបស់ព្រះអង្គ
ព្រះអាទិត្យ និងព្រះច័ន្ទឈប់នៅនឹងកន្លែង។
12ព្រះអង្គយាងកាត់ផែនដី ទាំងព្រះពិរោធ
ព្រះអង្គជាន់កម្ទេចប្រជាជាតិនានាទាំងខ្ញាល់។
13ព្រះអង្គយាងចេញមក
ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ
និងសង្គ្រោះស្ដេចដែលព្រះអង្គចាក់ប្រេងអភិសេក។
ព្រះអង្គប្រហារមេគ្រួសាររបស់មនុស្សអាក្រក់
ព្រះអង្គកម្ទេចពួកគេឲ្យវិនាសសូន្យ
ទាំងអស់គ្នា។
- សម្រាក
14ព្រះអង្គប្រើព្រួញរបស់ពួកគេ
ទម្លុះក្បាលមេដឹកនាំរបស់ពួកគេ
នៅពេលអ្នកទាំងនោះលើកគ្នា ដូចខ្យល់ព្យុះ
មកកម្ទេចខ្ញុំ ទាំងស្រែកហ៊ោយ៉ាងសប្បាយ
ពួកគេពួនស្ទាក់ប្រហារជនទុគ៌ត។
15ព្រះអង្គត្រួសត្រាយផ្លូវឲ្យសេះរបស់ព្រះអង្គ
នៅក្នុងទឹកសមុទ្រ
ដែលកំពុងតែកញ្ជ្រោលយ៉ាងខ្លាំង។
16ខ្ញុំបានឮសូរសន្ធឹកនេះ
ខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់
ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។
ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកម្រើក
ទន្ទឹងរង់ចាំថ្ងៃអាសន្ន
គឺនៅពេលដែលពួកឈ្លានពាន
លើកគ្នាមកប្រហារប្រជាជនរបស់យើង។
17ដើមឧទុម្ពរលែងផ្កា
ទំពាំងបាយជូរលែងមានផ្លែ
ដើមអូលីវលែងផ្ដល់ប្រេង
ស្រែចម្ការលែងផ្ដល់ភោគផលជាអាហារ
លែងមានចៀមនៅតាមវាលស្មៅ
ហើយក៏លែងមានគោក្នុងក្រោលទៀតដែរ។
18រីឯខ្ញុំវិញ ខ្ញុំនឹងសប្បាយរីករាយ
ហើយមានអំណរដ៏លើសលុប
ដោយព្រះជាម្ចាស់សង្គ្រោះខ្ញុំ។
19 ព្រះជាអម្ចាស់នៃខ្ញុំជាកម្លាំងរបស់ខ្ញុំ
ព្រះអង្គប្រទានឲ្យខ្ញុំរត់លឿនដូចឈ្លូស
ព្រះអង្គប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់ៗ។
ទំនុករបស់គ្រូចម្រៀង ប្រគំដោយតន្ត្រីដែលមានខ្សែ។
Currently Selected:
ហាបាគូក 3: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.