ហេប្រឺ 2
2
ការសង្គ្រោះដ៏ថ្លៃវិសេស
1ហេតុនេះហើយបានជាយើងត្រូវយកចិត្តទុកដាក់នឹងសេចក្ដីប្រៀនប្រដៅ ដែលយើងបានស្ដាប់ឲ្យមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ។ 2ប្រសិនបើព្រះបន្ទូលដែលពួកទេវតាថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្តល្មើស និងមិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ 3ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងឲ្យរួចខ្លួនបាន បើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋម ព្រះអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ក៏បញ្ជាក់ប្រាប់យើងដែរ។ 4ព្រះជាម្ចាស់ផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសម្តែងទីសម្គាល់ ឫទ្ធិបាដិហារិយ៍ ការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ*មក ស្របតាមព្រះហឫទ័យព្រះអង្គផង។
5ព្រះជាម្ចាស់ពុំបានប្រគល់ឲ្យពួកទេវតា*ត្រួតត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។ 6 ផ្ទុយទៅវិញ មានម្នាក់បានផ្ដល់សក្ខីភាពនៅក្នុងវគ្គមួយដែលចែងថា៖
«តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹក
ដល់គេដូច្នេះ
តើបុត្រមនុស្សជាអ្វីដែរបានជាព្រះអង្គយក
ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ»?
7 «ព្រះអង្គបានធ្វើឲ្យគេមានឋានៈទាបជាង
ទេវតាតែមួយរយៈប៉ុណ្ណោះ
ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ
ទុកជាមកុដរាជ្យ
8 ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឲ្យ
នៅក្រោមជើងរបស់គេ» ។
ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឥតទុកឲ្យមានអ្វីមួយនៅសល់ ដែលពុំបានចុះចូលនោះឡើយ។ ប៉ុន្តែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់មនុស្សហើយនោះទេ 9តែយើងឃើញថា ព្រះយេស៊ូដែលមានឋានៈទាបជាងពួកទេវតាមួយរយៈ ព្រោះព្រះអង្គបានរងទុក្ខ និងសោយទិវង្គតនោះ ឥឡូវនេះ ព្រះអង្គទទួលសិរីរុងរឿង និងព្រះកិត្តិនាមទុកជាមកុដរាជ្យ។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ព្រះគ្រិស្តបានសោយទិវង្គតសម្រាប់មនុស្សគ្រប់ៗរូប។ 10អ្វីៗទាំងអស់មានជីវិតដោយសារព្រះជាម្ចាស់ និងសម្រាប់ព្រះអង្គ ទ្រង់សព្វព្រះហឫទ័យនឹងនាំបុត្រធីតាជាច្រើនឲ្យទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីព្រះអង្គប្រោសប្រទានឲ្យម្ចាស់នៃការសង្គ្រោះ បានគ្រប់លក្ខណៈ ដោយរងទុក្ខលំបាក។
11ព្រះយេស៊ូដែលប្រោសមនុស្សឲ្យវិសុទ្ធ* និងមនុស្សដែលព្រះអង្គប្រោសឲ្យវិសុទ្ធនោះ ចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះយេស៊ូ មិនខ្មាសនឹងហៅគេថាជាបងប្អូនរបស់ព្រះអង្គឡើយ 12 គឺព្រះអង្គមានព្រះបន្ទូលថា៖
«ទូលបង្គំនឹងផ្សាយដំណឹងអំពីព្រះនាម
របស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់
ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ
នៅក្នុងអង្គប្រជុំ» ។
13 ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖
«ទូលបង្គំទុកចិត្តលើព្រះអង្គ»
ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ
ដែលព្រះជាម្ចាស់ប្រទានឲ្យខ្ញុំ» ។
14ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា ព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយព្រះអង្គសោយទិវង្គត ដើម្បីកម្ទេចមារ*ដែលមានអំណាចលើសេចក្ដីស្លាប់ 15និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។ 16 ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវតា*ទេ គឺព្រះអង្គមកជួយពូជពង្សរបស់លោកអប្រាហាំវិញ។ 17ហេតុនេះហើយបានជាព្រះអង្គត្រូវតែមានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ចំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យ* ដែលមានចិត្តមេត្តាករុណា មានចិត្តស្មោះត្រង់ក្នុងការបម្រើព្រះជាម្ចាស់ និងដើម្បីរំដោះប្រជាជនឲ្យរួចផុតពីបាប*ផង។ 18ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាក នៅពេលជួបការល្បងល ព្រះអង្គក៏អាចជួយអស់អ្នកដែលជួបនឹងការល្បងលបានដែរ។
Currently Selected:
ហេប្រឺ 2: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.