YouVersion Logo
Search Icon

អេសាយ 12

12
ទំនុកតម្កើង អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់
1នៅ​គ្រា​នោះ ប្រជា‌ជន​នឹង​ពោល​ឡើង​ថា៖
«ឱ​ព្រះ‌អម្ចាស់​អើយ!
ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ។
ពី​មុន ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ
ឥឡូវ​នេះ ព្រះអង្គ​លែង​ព្រះ‌ពិរោធ​ទៀត​ហើយ
គឺ​ព្រះអង្គ​សម្រាល​ទុក្ខ​ទូលបង្គំ។
2 ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ
ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ
ខ្ញុំ​លែង​ភ័យ​ខ្លាច​ទៀត​ហើយ
ដ្បិត​ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំ
ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះអង្គ
ព្រោះ​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ»។
3ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​អ្នក​រាល់​គ្នា
ចូរ​ទៅ​ដង​ទឹក​ពី​ប្រភព​នៃ​ការ​សង្គ្រោះ​នេះ
ដោយ​អំណរ​សប្បាយ​ដ៏​លើស‌លុប។
4នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ពោល​ឡើង​ថា:
ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់
ចូរ​ប្រកាស​ព្រះ‌នាម​របស់​ព្រះអង្គ
ចូរ​ថ្លែង​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ
ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយ។
ចូរ​រំឭក​ឲ្យ​គ្រប់ៗ​គ្នា​ដឹង​ថា
ព្រះ‌នាម​របស់​ព្រះអង្គ​ឧត្ដុង្គ‌ឧត្ដម​ណាស់។
5ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌អម្ចាស់
ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការ​ផ្សេងៗ​ដ៏​អស្ចារ្យ​បំផុត
ចូរ​ប្រកាស​ពី​ការ​អស្ចារ្យ​ទាំង​នេះ
ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​ដឹង​ផង!
6អ្នក​ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជយ‌ឃោស​ដោយ​អំណរ!
ដ្បិត​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
ដែល​គង់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា
ទ្រង់​ឧត្ដុង្គ‌ឧត្ដម!

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for អេសាយ 12