អេសាយ 18
18
ព្រះបន្ទូលប្រឆាំងនឹងស្រុកអេត្យូពី
1 រីឯទឹកដីដែលមានទូកក្ដោង
ធ្វើដំណើរនៅតាមដងទន្លេ
ខាងនាយស្រុកអេត្យូពី
នឹងត្រូវវេទនាជាពុំខាន។
2ពួកគេបានចាត់ទូតរបស់ខ្លួនឲ្យជិះក្បូន
ដែលធ្វើពីដើមកក់ ចុះតាមទន្លេនីល។
អ្នកនាំសារដ៏រហ័សអើយ
ចូរនាំគ្នាវិលត្រឡប់ទៅស្រុករបស់សាសន៍
ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប។
មនុស្សទាំងជិតទាំងឆ្ងាយស្ញែងខ្លាចសាសន៍នេះ
ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។
ពួកគេនិយាយភាសាចម្លែក
រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។
3អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោក
អ្នករាល់គ្នាជាប្រជាជននៅលើផែនដីអើយ
ពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានា
ចូរនាំគ្នាសម្លឹងមើលទៅ ហើយពេលណាគេផ្លុំស្នែង
ចូរនាំគ្នាស្ដាប់កុំបីខាន។
4ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ:
«យើងសម្លឹងមើលពីស្ថានលើមក
យ៉ាងស្ងៀមស្ងាត់ ដូចនៅពេលថ្ងៃបណ្ដើរកូន
និងដូចទឹកសន្សើមនៅរដូវចម្រូត។
5មុនពេលរដូវចម្រូត
នៅពេលទំពាំងបាយជូរឈប់ផ្កា
គឺពេលផ្កាទំពាំងបាយជូរក្លាយទៅជាផ្លែ
ហើយពេលផ្លែនោះទុំ
គេយកកាំបិតមកកាប់មែក
និងលួសធាងវាចោលយ៉ាងណា
6ខ្មាំងសត្រូវនឹងប្រល័យជីវិតជនជាតិអេត្យូពី
ហើយទុកសាកសពចោលយ៉ាងនោះដែរ
គេនឹងក្លាយទៅជាចំណីត្មាតដែលរស់នៅតាមភ្នំ
និងជាចំណីរបស់សត្វសាហាវ។
ត្មាតនឹងស៊ីសាកសព
របស់ពួកគេនៅរដូវក្ដៅ
ហើយសត្វសាហាវនឹងស៊ីសាកសពរបស់ពួកគេ
នៅរដូវត្រជាក់»។
7នៅគ្រានោះ សាសន៍ដែលមានមាឌខ្ពស់
និងមានស្បែកភ្លឺរលើប នឹងនាំតង្វាយ
មកថ្វាយព្រះអម្ចាស់នៃពិភពទាំងមូល
គឺសាសន៍ដែលមនុស្សទាំងជិត
ទាំងឆ្ងាយ ស្ញែងខ្លាច
ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។
ពួកគេនិយាយភាសាចម្លែក
រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។
សាសន៍នេះនឹងនាំតង្វាយមកថ្វាយនៅភ្នំស៊ីយ៉ូន
ជាកន្លែងដែលព្រះនាមរបស់ព្រះអម្ចាស់ស្ថិតនៅ។
Currently Selected:
អេសាយ 18: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.