អេសាយ 27
27
1 នៅថ្ងៃនោះ ព្រះអម្ចាស់នឹងប្រើព្រះខ័នដ៏ធំ ហើយមុត និងប្រកបដោយមហិទ្ធិឫទ្ធិ ដើម្បីដាក់ទោសអារក្សទឹក គឺពស់ដ៏កំសាក ហើយមានកលល្បិច ព្រះអង្គនឹងសម្លាប់សត្វនាគដ៏សម្បើមដែលស្ថិតនៅក្នុងសមុទ្រ ។
ចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់
2នៅថ្ងៃនោះ ចូរនាំគ្នាបន្លឺសំឡេងច្រៀង
សរសើរចម្ការទំពាំងបាយជូរ
ដែលផ្ដល់ស្រាដ៏មានរសជាតិឆ្ងាញ់ពិសា។
3 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
យើងថែរក្សាចម្ការទំពាំងបាយជូរ
យើងស្រោចទឹកវា ត្រូវតាមពេលកំណត់។
យើងយាមចម្ការនេះទាំងថ្ងៃទាំងយប់
ក្រែងលោមាននរណាលួចចូលមកបំផ្លាញ។
4យើងមិនខឹងសម្បារនឹងវាទៀតទេ
ប៉ុន្តែ ប្រសិនបើយើងឃើញ
បន្លា ឬអញ្ចាញដុះនៅក្នុងនោះ
យើងនឹងកាប់ឆ្ការវា
ព្រមទាំងដុតកម្ទេចចោលទៀតផង។
5បើគេចូលមកជ្រកកោននឹងយើង
ហើយចុះចូលសុំសេចក្ដីសុខសាន្តពីយើង
នោះយើងនឹងផ្ដល់សេចក្ដីសុខសាន្តឲ្យគេ។
6នៅអនាគតកាល ពូជពង្សរបស់លោកយ៉ាកុប
នឹងចាក់ឫស
ពូជពង្សរបស់លោកអ៊ីស្រាអែល
នឹងមានពន្លកដុះចេញមក
រួចមានផ្កា មានផ្លែពាសពេញលើផែនដី។
7តើព្រះអម្ចាស់បានវាយប្រជារាស្ត្ររបស់ព្រះអង្គ
ដូចព្រះអង្គវាយអស់អ្នក
ដែលបានវាយពួកគេឬទេ?
តើព្រះអង្គប្រហារជីវិតពួកគេ
ដូចព្រះអង្គប្រហារជីវិតអស់អ្នក
ដែលបានសម្លាប់ពួកគេឬទេ?
8ទេ! ព្រះអម្ចាស់ដាក់ទោសប្រជារាស្ត្រ
របស់ព្រះអង្គ ដោយនិរទេសពួកគេ
គឺព្រះអង្គបានបណ្ដេញពួកគេ
ដោយសារខ្យល់បក់បោកយ៉ាងខ្លាំង
ពីបូព៌ាប្រទេស។
9ដោយព្រះអម្ចាស់លើកលែងទោសឲ្យ
កូនចៅរបស់លោកយ៉ាកុបរួចពីបាប
ពួកគេនឹងកម្ទេចថ្មអាសនៈ
របស់ព្រះក្លែងក្លាយឲ្យខ្ទេច
ដូចថ្មកំបោរដែលគេកម្ទេចឲ្យទៅជាធូលីដី
ព្រមទាំងផ្ដួលរំលំបង្គោលរបស់ព្រះអាសេរ៉ា
និងកន្លែងថ្វាយសក្ការបូជាដល់ព្រះទាំងនោះ។
10ទីក្រុងដែលមានកំពែងដ៏រឹងមាំ
នឹងលែងមានមនុស្សនៅទៀតហើយ
គឺក្រុងនោះត្រូវគេបោះបង់ចោលឲ្យនៅ
ស្ងាត់ជ្រងំ ក្លាយទៅជាវាលស្មៅ
សម្រាប់គោមកដេក
ហើយស៊ីស្លឹកឈើតាមគុម្ពោតនៅទីនោះ។
11ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើម
ស្រីៗមកប្រមូលយកទៅដុត។
ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះ
ហេតុនេះហើយបានជាព្រះអាទិកររបស់ពួកគេ
លែងអាណិតមេត្តាពួកគេ
ព្រះដែលបានបង្កើតពួកគេមក
លែងអត់ឱនដល់ពួកគេទៀតហើយ។
12នៅថ្ងៃនោះ ព្រះអម្ចាស់នឹងបោកបែនស្រូវ
ចាប់ពីទន្លេអឺប្រាត
រហូតដល់ទឹកជ្រោះស្រុកអេស៊ីប
ជនជាតិអ៊ីស្រាអែលអើយ
នៅពេលនោះ ព្រះអង្គនឹងប្រមូល
អ្នករាល់គ្នាម្ដងមួយៗ។
13នៅថ្ងៃនោះ គេនឹងផ្លុំត្រែធំ
ប្រជាជនដែលខ្ចាត់ព្រាត់នៅស្រុកអាស្ស៊ីរី
ប្រជាជនដែលបែកខ្ញែកនៅស្រុកអេស៊ីប
នឹងនាំគ្នាវិលត្រឡប់មកវិញ
គេនឹងក្រាបថ្វាយបង្គំព្រះអម្ចាស់
នៅលើភ្នំដ៏វិសុទ្ធ គឺនៅក្រុងយេរូសាឡឹម។
Currently Selected:
អេសាយ 27: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.