YouVersion Logo
Search Icon

អេសាយ 51

51
ព្រះ‌អម្ចាស់​រំដោះ​ពូជ‌ពង្ស​លោក​អប្រាហាំ
1អស់​អ្នក​ដែល​ខិត‌ខំ
ស្វែង​រក​សេចក្ដី​សុចរិត
អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់​អើយ
ចូរ​ស្ដាប់​យើង! ចូរ​រំពឹង​គិត​ថា
តើ​ព្រះអង្គ​យក​ថ្ម‌ដា​ណា​មក​ដាប់​ធ្វើ​អ្នក​រាល់​គ្នា
ព្រះអង្គ​យក​ដី​ឥដ្ឋ​ណា​មក​សូន​ធ្វើ​អ្នក​រាល់​គ្នា?
2“ចូរ​រំពឹង​គិត​ពី​អប្រាហាំ
ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា
និង​សារ៉ា​ដែល​បាន​បង្កើត​អ្នក​រាល់​គ្នា។
ពេល​យើង​ហៅ​អប្រាហាំ​មក
គាត់​នៅ​ម្នាក់​ឯង គ្មាន​កូន​ទេ។
យើង​ឲ្យ​ពរ​គាត់ ហើយ​គាត់​ក៏​មាន​កូន​ចៅ
កើន​ចំនួន​ឡើង​ជា​ច្រើន”។
3មែន​ហើយ! ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ
ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន
ព្រះអង្គ​សម្រាល​ទុក្ខ​ក្រុង​ដែល​ខូច​ខ្ទេច‌ខ្ទី​អស់
គឺ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ក្រុង​ដែល​ស្ងាត់​ជ្រងំ​នេះ
បាន​ដូច​ជា​សួន​អេដែន។
ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ដី​ហួត‌ហែង​នេះ
ប្រែ​ទៅ​ជា​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់
ពេល​នោះ នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន
នឹង​មាន​ឮ​សូរ​សម្រែក​សប្បាយ​រីក‌រាយ
ព្រម​ទាំង​មាន​បទ​ចម្រៀង​អរ​ព្រះ‌គុណ
និង​មាន​ស្នូរ​តូរ្យ‌តន្ត្រី​ឡើង​វិញ។
4ប្រជា‌ជន​របស់​យើង​អើយ
ចូរ​ត្រង‌ត្រាប់​ស្ដាប់​យើង!
ប្រជា‌ជាតិ​របស់​យើង​អើយ
ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង!
ដ្បិត​យើង​នឹង​បង្កើត​ក្រឹត្យ‌វិន័យ
យើង​នឹង​ឲ្យ​ការ​វិនិច្ឆ័យ​ហូរ​ចេញ​មក
ជា​ពន្លឺ​បំភ្លឺ​ប្រជា‌ជន​ទាំង‌ឡាយ។
5សេចក្ដី​សុចរិត​របស់​យើង​នៅ​ជិត​បង្កើយ
ការ​សង្គ្រោះ​របស់​យើង​ក៏​ជិត​មក​ដល់​ដែរ
យើង​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន​នានា
ដោយ​បារមី​របស់​យើង
មនុស្ស‌ម្នា​នៅ​តាម​កោះ​នឹង​សង្ឃឹម​លើ​យើង
ពួក​គេ​នឹង​ទុក​ចិត្ត​លើ​បារមី​របស់​យើង។
6ចូរ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​លើ​មេឃ
រួច​ក្រឡេក​មើល​មក​ផែនដី​នេះ
ផ្ទៃ​មេឃ​នឹង​រសាត់​បាត់​ទៅ​ដូច​ផ្សែង
ផែនដី​នឹង​រេច‌រឹល​ទៅ​ដូច​សម្លៀក‌បំពាក់
មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​ដូច​សត្វ​ល្អិត
តែ​ការ​សង្គ្រោះ​របស់​យើង​នៅ​ស្ថិត‌ស្ថេរ
អស់‌កល្ប​ជានិច្ច
ហើយ​សេចក្ដី​សុចរិត​របស់​យើង
នឹង​មិន​សាប‌សូន្យ​ឡើយ។
7អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត
ប្រជា‌ជន​ដែល​គោរព​ក្រឹត្យ‌វិន័យ​របស់​យើង
ដោយ​ចិត្ត​ស្មោះ​អើយ
ចូរ​នាំ​គ្នា​ស្ដាប់​យើង!
មិន​ត្រូវ​ខ្លាច​មនុស្ស​លោក​ចំអក​ឲ្យ​ឡើយ
ហើយ​ក៏​មិន​ត្រូវ​ចុះ​ចាញ់
ព្រោះ​តែ​គេ​បន្ទាប​បន្ថោក​អ្នក​រាល់​គ្នា​ដែរ។
8ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស
ដូច​សម្លៀក‌បំពាក់ និង​រោម​ចៀម
ត្រូវ​កណ្ដៀរ​ស៊ី​បំផ្លាញ
តែ​សេចក្ដី​សុចរិត និង​ការ​សង្គ្រោះ​របស់​យើង
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
9ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង!
សូម​ក្រោក​ឡើង សម្តែង​ព្រះ‌បារមី!
សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម!
កាល​ពី​បុរាណ ព្រះ‌បារមី​ព្រះអង្គ
បាន​ប្រហារ​ស្រុក​អេស៊ីប
និង​ចាក់​ទម្លុះ​សត្វ​ដ៏​សម្បើម​នោះ។
10ព្រះអង្គ​បាន​ធ្វើ​ឲ្យ​សមុទ្រ​រីង​ស្ងួត
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មហា‌សាគរ​ដ៏​ជ្រៅ
ប្រែ​ទៅ​ជា​ផ្លូវ សម្រាប់​អស់​អ្នក​ដែល
ព្រះអង្គ​បាន​លោះ ដើរ​ឆ្លង​កាត់។
11ពួក​ឈ្លើយ​សឹក​ដែល​ព្រះ‌អម្ចាស់​បាន​រំដោះ
នឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញ
ពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូន
ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។
ទឹក​មុខ​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​អំណរ
រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន
ពួក​គេ​សប្បាយ​រីក‌រាយ​ឥត​ឧបមា
ដ្បិត​ទុក្ខ​ព្រួយ និង​សម្រែក​យំ​ថ្ងូរ
លែង​មាន​ទៀត​ហើយ។
12ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
គឺ​យើង​នេះ​ហើយ​ដែល​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា
ហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាច
មនុស្ស​ដែល​តែងតែ​ស្លាប់?
មនុស្ស​លោក នឹង​ត្រូវ​វិនាស​ដូច​ស្មៅ​ដែរ។
13អ្នក​ភ្លេច​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្នក
គឺ​ព្រះអង្គ​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ
និង​ចាក់​គ្រឹះ​នៃ​ផែនដី។
រៀង​រាល់​ថ្ងៃ អ្នក​ចេះ​តែ​ភ័យ​ញ័រ​នៅ​ចំពោះ​មុខ
មនុស្ស​ដែល​សង្កត់‌សង្កិន
ហាក់​ដូច​ជា​គេ​មាន​កម្លាំង​បំផ្លាញ​អ្នក​បាន។
ពួក​គេ​ពុំ​អាច​គំរាម​កំហែង​អ្នក
រហូត​ត​ទៅ​ឡើយ។
14បន្តិច​ទៀត អ្នក​ជាប់​ឃុំ‌ឃាំង​នឹង​មាន​សេរី‌ភាព
គេ​មិន​ត្រូវ​ស្លាប់​នៅ​ក្នុង​គុក​នោះ​ទេ
គេ​ក៏​មិន​ខ្វះ​ម្ហូប​អាហារ​បរិភោគ​ដែរ។
15យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក
យើង​ធ្វើ​ឲ្យ​សមុទ្រ​កក្រើក
ព្រម​ទាំង​ធ្វើ​ឲ្យ​ទឹក​រលក​បក់​បោក
យើង​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។
16យើង​ធ្វើ​ឲ្យ​មាត់​អ្នក​ពោល​ពាក្យ​របស់​យើង
យើង​លាត​ដៃ​ធ្វើ​ជា​ម្លប់​ការពារ​អ្នក
ដោយ​លាត​សន្ធឹង​ផ្ទៃ​មេឃ ចាក់​គ្រឹះ​នៃ​ផែនដី
ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​ថា
“អ្នក​ជា​ប្រជា‌ជន​របស់​យើង”។
17 យេរូ‌សាឡឹម​អើយ
ចូរ​ភ្ញាក់​រឭក ចូរ​ក្រោក​ឡើង!
អ្នក​បាន​ផឹក​ពី​ពែង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង
របស់​ព្រះ‌អម្ចាស់
អ្នក​បាន​ផឹក​ព្រះ‌ពិរោធ​ពី​ពែង​នេះ
រហូត​ដល់​តំណក់​ចុង​ក្រោយ
គឺ​រហូត​ដល់​បាត់​ស្មារតី!
18ក្នុង​ចំណោម​កូន​ចៅ​ដែល​កើត​ចេញ​ពី​អ្នក​មក
គ្មាន​នរណា​ម្នាក់​ដឹក​នាំ​អ្នក​សោះ
ក្នុង​ចំណោម​កូន​ទាំង​ប៉ុន្មាន​ដែល​អ្នក​ចិញ្ចឹម
គ្មាន​នរណា​ម្នាក់​ជួយ​ឧបត្ថម្ភ​អ្នក​វិញ​ទេ។
19ទុក្ខ​វេទនា​ពីរ​យ៉ាង​បាន​កើត​មាន
ចំពោះ​អ្នក​ផ្ទួនៗ​គ្នា
គឺ​អ្នក​ត្រូវ​ហិន‌ហោច និង​ខ្ទេច‌ខ្ទី
ទុរ្ភិក្ស និង​សង្គ្រាម
តែ​គ្មាន​នរណា​អាណិត​អាសូរ​អ្នក
គ្មាន​នរណា​សម្រាល​ទុក្ខ​អ្នក​សោះ។
20កូន​ចៅ​របស់​អ្នក​ដួល​ដេក​នៅ​តាម​ដង​ផ្លូវ
ពួក​គេ​កម្រើក​លែង​រួច ដូច​សត្វ​ជាប់​អន្ទាក់
ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​ពួក​គេ
ព្រះ​របស់​អ្នក​គំរាម​កំហែង​ពួក​គេ។
21ហេតុ​នេះ ក្រុង​ដែល​រង​ទុក្ខ​វេទនា​អើយ
ចូរ​ស្ដាប់​ចុះ!
អ្នក​ស្រវឹង តែ​មិន​មែន​ស្រវឹង​ដោយ​ផឹក​ស្រា​ទេ!
22 ព្រះ‌ជា‌អម្ចាស់​របស់​អ្នក គឺ​ព្រះ​ដែល​តែងតែ
រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
ទ្រង់​មាន​ព្រះ‌បន្ទូល​ថា:
យើង​លែង​ឲ្យ​អ្នក​ផឹក​ពី​ពែង
ដែល​បណ្ដាល​ឲ្យ​អ្នក​បាត់​ស្មារតី
អ្នក​នឹង​លែង​ផឹក​ពី​ពែង​នៃ​កំហឹង
របស់​យើង​ទៀត​ហើយ។
23យើង​នឹង​ឲ្យ​សត្រូវ​ដែល​ធ្វើ​បាប​អ្នក
ផឹក​ពី​ពែង​នេះ​វិញ។
គឺ​ពួក​នោះ​ដែល​ធ្លាប់​ពោល​មក​អ្នក​ថា
“ក្រាប​ចុះ ទុក​ឲ្យ​យើង​ដើរ​លើ​ខ្នង​ឯង!”
ពេល​នោះ អ្នក​ក៏​ក្រាប​ចុះ
ធ្វើ​ដូច​ដី និង​ដូច​ផ្លូវ​ដែល​គេ​ដើរ​ជាន់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in