អេសាយ 59
59
អំពើបាបរបស់ប្រជាជន
1កុំនឹកស្មានថា
ព្រះអម្ចាស់មានបារមីទន់ខ្សោយ
ពុំអាចសង្គ្រោះអ្នករាល់គ្នាបាននោះឡើយ
ហើយកុំនឹកស្មានថា ព្រះអង្គមានព្រះកាណ៌ធ្ងន់
ស្ដាប់មិនឮនោះដែរ!
2តាមពិត គឺអំពើអាក្រក់របស់អ្នករាល់គ្នាទេតើ
ដែលខណ្ឌអ្នករាល់គ្នាពីព្រះរបស់អ្នករាល់គ្នា
អំពើបាបរបស់អ្នករាល់គ្នា
ធ្វើឲ្យព្រះអង្គលាក់ព្រះភ័ក្ត្រ
មិនព្រមស្ដាប់ឮពាក្យរបស់អ្នករាល់គ្នា
3ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម
ម្រាមដៃអ្នករាល់គ្នាពោរពេញដោយអំពើទុច្ចរិត
មាត់អ្នករាល់គ្នាចេះតែពោលពាក្យភូតភរ
និងនិយាយបរិហារគេ។
4ក្នុងចំណោមអ្នករាល់គ្នា
នរណាក៏ចោទប្រកាន់គ្នាដោយអយុត្តិធម៌
និងឆ្លើយការពារខ្លួនដោយមិនទៀងត្រង់ដែរ
អ្នករាល់គ្នាយករឿងមិនពិតមកធ្វើជាភស្ដុតាង
អ្វីៗដែលអ្នករាល់គ្នានិយាយសុទ្ធតែឥតន័យ។
អ្នករាល់គ្នាគិតគូរគម្រោងការជិះជាន់គេ
រួចនាំគ្នាសម្រេចចេញជាអំពើទុច្ចរិត។
5គម្រោងការរបស់អ្នករាល់គ្នាប្រៀបបាននឹង
ស៊ុតពស់អសិរពិស
អ្នកណាបរិភោគស៊ុតនេះមុខជាត្រូវស្លាប់
ហើយបើគេបំបែកស៊ុតណាមួយ
នោះនឹងមានពស់វែកចេញមក។
6អ្នករាល់គ្នារៀបចំគម្រោងការ
ដូចត្បាញសំបុកពីងពាង
ដែលពុំអាចយកទៅធ្វើជាសម្លៀកបំពាក់
បិទបាំងកាយឡើយ។
អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្តសុទ្ធតែទុច្ចរិត
ស្នាដៃរបស់អ្នករាល់គ្នាសុទ្ធតែឃោរឃៅ។
7 ជើងរបស់អ្នករាល់គ្នាគិតតែពីរត់ទៅ
ប្រព្រឹត្តអំពើអាក្រក់
ហើយប្រញាប់ទៅបង្ហូរឈាមជនស្លូតត្រង់
គំនិតរបស់អ្នករាល់គ្នាសុទ្ធតែទុច្ចរិត
អ្នករាល់គ្នាទៅទីណា
ទីនោះនឹងត្រូវវិនាសហិនហោច។
8អ្នករាល់គ្នាមិនស្គាល់មាគ៌ាដែលនាំទៅរក
សេចក្ដីសុខសាន្តទេ
អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្ត មិនយុត្តិធម៌សោះ
កិរិយាមារយាទរបស់អ្នករាល់គ្នាសុទ្ធតែវៀច
អ្នកដែលដើរតាមផ្លូវរបស់អ្នក
នឹងមិនស្គាល់សេចក្ដីសុខសាន្តឡើយ។
ប្រជារាស្ត្ររបស់ព្រះអម្ចាស់ទទួលស្គាល់កំហុស
9ហេតុនេះហើយបានជាព្រះអង្គមិនប្រញាប់
នឹងរកយុត្តិធម៌ឲ្យយើង
ព្រះអង្គក៏មិនសង្គ្រោះយើងភ្លាមៗដែរ។
យើងសង្ឃឹមថានឹងមានពន្លឺ
ផ្ទុយទៅវិញ យើងជួបតែភាពងងឹត
យើងរង់ចាំថ្ងៃរះ
ផ្ទុយទៅវិញ យើងបែរជាដើរក្នុងយប់អន្ធការ។
10យើងដើរស្ទាបៗ ដូចមនុស្សខ្វាក់ដើរសសៀរ
តាមជញ្ជាំង
យើងដើរស្ទាបៗ ដូចមនុស្សគ្មានភ្នែក
យើងដើរជំពប់ជើង ទាំងកណ្ដាលថ្ងៃត្រង់
ដូចដើរនៅពេលយប់
ទោះបីយើងមានសុខភាពល្អក្ដី
ក៏យើងដូចជាមនុស្សស្លាប់ដែរ។
11យើងរអ៊ូរទាំបញ្ចេញសំឡេងដូចខ្លាឃ្មុំ
និងថ្ងូរឥតឈប់ឈរដូចសត្វព្រាប។
យើងសង្ឃឹមថាព្រះអម្ចាស់រកយុត្តិធម៌ឲ្យយើង
តែព្រះអង្គមិនរកឲ្យទេ!
យើងរង់ចាំព្រះអម្ចាស់សង្គ្រោះ
តែព្រះអង្គគង់នៅឆ្ងាយពីយើង!។
12បពិត្រព្រះអម្ចាស់!
យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិតជាច្រើន
នៅចំពោះព្រះភ័ក្ត្រព្រះអង្គ
អំពើបាបរបស់យើងខ្ញុំចោទប្រកាន់យើងខ្ញុំ
អំពើទុច្ចរិតរបស់យើងខ្ញុំតាមយើងខ្ញុំជាប់ជានិច្ច
យើងខ្ញុំស្គាល់កំហុសរបស់ខ្លួនហើយ។
13យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត
និងក្បត់ព្រះអម្ចាស់
ហើយងាកចេញឆ្ងាយពីព្រះរបស់យើងខ្ញុំ
យើងខ្ញុំនិយាយអំពីការជិះជាន់អ្នកដទៃ
ព្រមទាំងការបះបោរប្រឆាំងនឹងព្រះអង្គ
ជាពាក្យសម្ដីហូរចេញពីជម្រៅចិត្តរបស់យើងខ្ញុំ
យើងខ្ញុំនិយាយពាក្យភូតភរច្រំដែលៗ។
14ហេតុនេះហើយបានជាព្រះអង្គមិនរកយុត្តិធម៌
ឲ្យយើងខ្ញុំទេ
ព្រះអង្គក៏មិនសង្គ្រោះយើងខ្ញុំដែរ
ដ្បិតនៅក្នុងក្រុងរបស់យើងខ្ញុំ
គ្មានសេចក្ដីពិតទេ
យើងខ្ញុំគ្មានចិត្តទៀងត្រង់សោះ។
15សេចក្ដីពិតបានបាត់ពីខ្លួនយើងខ្ញុំទៅហើយ
សូម្បីអ្នកដែលងាកចេញពីអំពើអាក្រក់
ក៏ត្រូវអ្នកដទៃប្លន់យកអ្វីៗដែលគេមាន។
ព្រះអម្ចាស់បានទតមើលការទាំងនេះ
ហើយយល់ឃើញថាសុទ្ធតែអាក្រក់
គឺគ្មានយុត្តិធម៌ទាល់តែសោះ។
16 ព្រះអង្គទតឃើញថាគ្មាននរណាម្នាក់អើពើ
ហើយព្រះអង្គសោកស្ដាយ
ដោយពុំឃើញមាននរណាម្នាក់ឈឺឆ្អាល
ព្រះអង្គក៏យាងមកសង្គ្រោះ
ដោយឫទ្ធិបារមីរបស់ព្រះអង្គ
និងសំអាងលើសេចក្ដីសុចរិតរបស់ព្រះអង្គ។
17 ព្រះអង្គយកសេចក្ដីសុចរិតរបស់ព្រះអង្គ
ធ្វើជាអាវក្រោះ
ព្រះអង្គយកការសង្គ្រោះធ្វើជាមួកដែក
ព្រះអង្គយកការសងសឹកធ្វើជាព្រះពស្ដ្រ
និងយកព្រះហឫទ័យប្រច័ណ្ឌធ្វើជាព្រះភូសា។
18ព្រះអង្គដាក់ទោសម្នាក់ៗតាមអំពើ
ដែលខ្លួនប្រព្រឹត្ត។
ព្រះអង្គដាក់ទោសខ្មាំងសត្រូវ
និងបច្ចាមិត្តយ៉ាងខ្លាំង
សូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗ
ក៏ព្រះអង្គដាក់ទោសដែរ។
19ពេលនោះ ចាប់តាំងពីទិសខាងកើត
រហូតដល់ទិសខាងលិច
មនុស្សម្នានឹងកោតខ្លាចព្រះនាមព្រះអម្ចាស់
និងសិរីរុងរឿងរបស់ព្រះអង្គ
ដ្បិតព្រះអង្គនឹងយាងមកដូចទឹកទន្លេ
ត្រូវខ្យល់បក់បោក ហូរមកយ៉ាងខ្លាំង។
20 ព្រះអម្ចាស់នឹងយាងមកលោះក្រុងស៊ីយ៉ូន
និងលោះប្រជាជនក្នុងចំណោមកូនចៅ
របស់លោកយ៉ាកុបដែលលះបង់អំពើទុច្ចរិត
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «រីឯសម្ពន្ធមេត្រី* ដែលយើងចងជាមួយអ្នកទាំងនោះមានដូចតទៅ: ព្រះវិញ្ញាណរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសព្រះបន្ទូលរបស់យើង ចាប់ពីពេលនេះ រហូតអស់កល្បតទៅ។ យើងនឹងមិនដកព្រះបន្ទូលនេះចេញពីមាត់អ្នក មាត់កូនចៅ និងពូជពង្សរបស់អ្នកឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
Currently Selected:
អេសាយ 59: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.