យ៉ាកុប 2
2
គ្រិស្តបរិស័ទមិនត្រូវប្រកាន់វណ្ណៈ
1បងប្អូនអើយ បងប្អូនមានជំនឿលើព្រះយេស៊ូគ្រិស្ត* ជាព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងរបស់យើងហើយ ដូច្នេះ សូមកុំប្រកាន់វណ្ណៈឲ្យសោះ។
2ពេលបងប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមកមានពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ីរយ៉ៃចូលមកដែរ 3ប្រសិនបើបងប្អូនរាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះ ទាំងពោលថា «សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្តិយសឯណេះ!» ហើយពោលទៅកាន់អ្នកក្រថា «ទៅឈរនៅកៀននោះទៅ!» ឬថា «មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!» 4តើមិនបានសេចក្ដីថា បងប្អូនរាប់រកមនុស្សក្នុងចំណោមបងប្អូន ដោយរើសមុខ ហើយបងប្អូនវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ?។
5បងប្អូនជាទីស្រឡាញ់អើយ សូមស្ដាប់ខ្ញុំ ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលព្រះរាជ្យ*ដែលព្រះអង្គបានសន្យាថាប្រទានឲ្យអស់អ្នកស្រឡាញ់ព្រះអង្គ ទុកជាមត៌ក។ 6រីឯបងប្អូន បងប្អូនបែរជាបន្ថោកអ្នកក្រទៅវិញ! តើមិនមែនពួកអ្នកមានទេឬ ដែលបានជិះជាន់សង្កត់សង្កិនបងប្អូន និងអូសទាញបងប្អូនយកទៅឲ្យតុលាការកាត់ទោស! 7តើអ្នកទាំងនោះមិនបានប្រមាថមាក់ងាយព្រះនាមដ៏ប្រសើរបំផុត ដែលជាទីពឹងរបស់បងប្អូន ទេឬ!។
8 ប្រសិនបើបងប្អូនប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះរាជ្យ ស្របតាមគម្ពីរ ពោលគឺ«ត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» នោះបងប្អូនពិតជាបានសម្រេចកិច្ចការមួយដ៏ល្អប្រសើរហើយ។ 9ផ្ទុយទៅវិញ ប្រសិនបើបងប្អូននាំគ្នាប្រកាន់វណ្ណៈ បានសេចក្ដីថា បងប្អូនប្រព្រឹត្តអំពើបាប ហើយក្រឹត្យវិន័យចាត់ទុកបងប្អូនជាអ្នកប្រព្រឹត្តបទល្មើស 10ដ្បិតអ្នកណាប្រតិបត្តិតាមក្រឹត្យវិន័យទាំងមូល តែធ្វើខុសត្រង់ចំណុចណាមួយក៏ដូចជាខុសនឹងក្រឹត្យវិន័យទាំងមូលដែរ។ 11 ព្រះជាម្ចាស់មានព្រះបន្ទូលថា «កុំប្រព្រឹត្តអំពើផិតក្បត់» ហើយព្រះអង្គមានព្រះបន្ទូលទៀតថា «កុំសម្លាប់មនុស្ស»។ ប្រសិនបើអ្នកមិនប្រព្រឹត្តអំពើផិតក្បត់ទេ តែសម្លាប់គេ នោះបានសេចក្ដីថា អ្នកប្រព្រឹត្តល្មើសនឹងក្រឹត្យវិន័យហើយ។
12បងប្អូនត្រូវនិយាយ និងប្រព្រឹត្តឲ្យស្របនឹងក្រឹត្យវិន័យដែលផ្ដល់សេរីភាព គឺមានតែក្រឹត្យវិន័យនោះហើយដែលនឹងវិនិច្ឆ័យបងប្អូន 13ដ្បិតអ្នកណាគ្មានចិត្តមេត្តាករុណា ព្រះជាម្ចាស់ក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្តាករុណាដែរ។ អ្នកមានចិត្តមេត្តាករុណា មិនខ្លាចព្រះអង្គវិនិច្ឆ័យទោសឡើយ។
ជំនឿ និងអំពើល្អ
14បងប្អូនអើយ ប្រសិនបើមានម្នាក់ពោលថាខ្លួនមានជំនឿ តែមិនប្រព្រឹត្តអំពើល្អទេ តើមានប្រយោជន៍អ្វី? តើជំនឿនេះអាចធ្វើឲ្យគេទទួលការសង្គ្រោះបានឬ? 15ប្រសិនបើបងប្អូនប្រុស ឬស្រីណាម្នាក់ គ្មានសម្លៀកបំពាក់បិទបាំងខ្លួន និងគ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ 16ហើយមានម្នាក់ក្នុងចំណោមបងប្អូនពោលទៅគាត់ថា «សូមអញ្ជើញទៅដោយសុខសាន្ត សូមឲ្យបានក្ដៅស្រួល សូមបរិភោគឲ្យឆ្អែត!» តែមិនឲ្យអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី? 17រីឯជំនឿវិញក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្តអំពើល្អទេ ជំនឿនោះស្លាប់តែម្ដង!។
18ប្រសិនបើមានម្នាក់ពោលថា: អ្នកឯងមានជំនឿ រីឯខ្ញុំ ខ្ញុំប្រព្រឹត្តអំពើល្អ។ សូមបង្ហាញជំនឿរបស់អ្នកដែលឥតមានការប្រព្រឹត្តអំពើល្អឲ្យខ្ញុំមើលមើល៍ នោះខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញជំនឿរបស់ខ្ញុំ ដោយអំពើល្អដែលខ្ញុំបានប្រព្រឹត្ត។ 19អ្នកជឿថាព្រះជាម្ចាស់មានតែមួយព្រះអង្គ ត្រឹមត្រូវហើយ ក៏ប៉ុន្តែ ពួកអារក្សក៏ជឿដូច្នេះដែរ ហើយថែមទាំងភ័យញាប់ញ័រទៀតផង។ 20ឱមនុស្សឥតប្រាជ្ញាអើយ! ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ ជាជំនឿឥតបានការអ្វីទាំងអស់ តើអ្នកចង់យល់ទេ! 21 លោកអប្រាហាំជាបុព្វបុរសរបស់យើងបានសុចរិត ដោយសារអំពើដែលលោកប្រព្រឹត្ត គឺលោកបានយកអ៊ីសាកជាកូនទៅដាក់នៅលើអាសនៈ ដើម្បីថ្វាយជាយញ្ញបូជា។ 22អ្នកឃើញទេ ជំនឿរបស់លោកបានរួមជាមួយអំពើដែលលោកប្រព្រឹត្ត ហើយអំពើដែលលោកប្រព្រឹត្ត ធ្វើឲ្យជំនឿបានពេញលក្ខណៈ 23 ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត* ដោយយល់ដល់ជំនឿនេះ» លោកក៏មានឈ្មោះថាជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ដែរ។ 24ដូច្នេះ បងប្អូនឃើញថា ព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិត ដោយសារអំពើល្អដែលគេប្រព្រឹត្ត គឺមិនត្រឹមតែដោយសារជំនឿប៉ុណ្ណោះទេ។ 25 នាងរ៉ាហាបជាស្ត្រីពេស្យាក៏បានសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តដែរ ព្រោះនាងបានទទួលពួកអ្នកនាំសារ ឲ្យស្នាក់នៅ ហើយឲ្យគេចាកចេញទៅវិញ តាមផ្លូវមួយផ្សេងទៀត។ 26រូបកាយដែលគ្មានវិញ្ញាណ ជារូបកាយស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ ក៏ជាជំនឿស្លាប់យ៉ាងនោះដែរ។
Currently Selected:
យ៉ាកុប 2: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.