YouVersion Logo
Search Icon

យ៉ូប 20

20
ប្រសាសន៍​លើក​ទី​ពីរ​របស់​លោក​សូផារ: ទុក្ខ​វេទនា​របស់​មនុស្ស​អាក្រក់
1លោក​សូផារ ជា​អ្នក​ស្រុក
ណា‌អាម៉ា ពោល​ឡើង​ថា៖
2«ការ​រិះគិត​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ទ្រាំ​មិន​បាន
គឺ​ខ្ញុំ​ត្រូវ​តែ​ឆ្លើយ​តប​នឹង​លោក​វិញ។
3ពាក្យ​ស្ដី​បន្ទោស​របស់​លោក
ដូច​ជា​បន្តុះ‌បង្អាប់​យើង​ខ្ញុំ​ជ្រុល​ពេក​ហើយ
ហេតុ​នេះ ខ្ញុំ​ត្រូវ​តែ​យក​គំនិត​ប្រាជ្ញា​របស់​ខ្ញុំ
មក​ឆ្លើយ​តប។
4លោក​មិន​ជ្រាប​ទេ​ឬ​ថា តាំង​ពី​បុរាណ​រៀង​មក
គឺ​ចាប់​ពី​ពេល​ដែល​ព្រះ‌ជាម្ចាស់​ដាក់​មនុស្ស
នៅ​លើ​ផែនដី​នេះ
5មនុស្ស​អាក្រក់​មាន​ជ័យ‌ជម្នះ​តែ​មួយ​ស្របក់​ទេ
ហើយ​មនុស្ស​ទមិឡ​ក៏​មាន​អំណរ​មិន​យូរ​ដែរ។
6ទោះ​បី​គេ​មាន​កម្ពស់​រហូត​ដល់​មេឃ
ហើយ​ក្បាល​របស់​គេ​ទើស​ពពក​ក្ដី
7ក៏​គេ​មុខ​ជា​វិនាស​រហូត​ត​ទៅ
ដូច​លាមក​របស់​ខ្លួន​ដែរ។
អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​អ្នក​នោះ​នឹង​ពោល​ថា
“តើ​គាត់​ទៅ​ណា​បាត់​ហើយ?”
8គេ​នឹង​រសាត់​បាត់​ទៅ ដូច​ការ​យល់​សប្ដិ
គ្មាន​នរណា​ឃើញ​គេ​ទៀត​ឡើយ
គេ​នឹង​រលាយ​សូន្យ​ទៅ
ដូច​សុបិន​និមិត្ត​នៅ​ពេល​យប់។
9អ្នក​ដែល​ធ្លាប់​ឃើញ​គេ
នឹង​លែង​ឃើញ​គេ​ទៀត​ហើយ
នៅ​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​អាស្រ័យ
ក៏​គ្មាន​នរណា​ឃើញ​គេ​ទៀត​ដែរ។
10គេ​នឹង​ប្រគល់​ទ្រព្យ‌សម្បត្តិ​ដែល​ខ្លួន​រឹប​អូស​បាន
ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ
ហើយ​កូន​ចៅ​របស់​គេ​ក៏​ត្រូវ​សង​ប្រាក់​ជន​ក្រីក្រ
ត​ទៅ​មុខ​ទៀត។
11រូប​រាង​កាយ​របស់​គេ​ពោរ‌ពេញ
ដោយ​កម្លាំង​របស់​យុវ‌វ័យ
តែ​កម្លាំង​នេះ​នឹង​រលាយ​ទៅ​ជា​ធូលី​ដី
ជា​មួយ​គេ​ដែរ។
12ទោះ​បី​អំពើ​អាក្រក់​មាន​រស‌ជាតិ​ផ្អែម
នៅ​ក្នុង​មាត់​របស់​គេ
ទោះ​បី​គេ​លាក់​វា​នៅ​ក្រោម​អណ្ដាត
13ទោះ​បី​គេ​ខំ​រក្សា​ទុក ដោយ​មិន​លេប
គឺ​បៀម​ទុក​នៅ​ក្នុង​មាត់​ក្ដី
14គង់​តែ​អាហារ​នោះ​រលាយ
ក្លាយ​ដូច​ជា​ពិស​របស់​ពស់​អាសិ‌រពិស
នៅ​ក្នុង​ពោះ​របស់​គេ។
15គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល​ទៅ​ក្នុង​ពោះ
តែ​គេ​នឹង​ក្អួត​ចេញ​មក​វិញ
គឺ​ព្រះ‌ជាម្ចាស់​នឹង​ហូត​យក​ទ្រព្យ‌សម្បត្តិ​នោះ
ចេញ​ពី​ពោះ​របស់​គេ។
16គេ​ជញ្ជក់​ពិស​របស់​ពស់​អាសិ‌រពិស
គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ពស់​វែក​ចឹក។
17គេ​នឹង​លែង​ឃើញ​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ
ដ៏​សម្បូណ៌​ហូរ‌ហៀរ
ដូច​ទឹក​ជ្រោះ ទឹក​ទន្លេ​ទៀត​ហើយ។
18អ្វីៗ​ដែល​គេ​ខំ​ស្វែង​រក​នោះ​នឹង​បាត់​បង់​ទៅ​វិញ
គឺ​គេ​មិន​អាច​រក្សា​ទុក​ឡើយ
ហើយ​គេ​ក៏​មិន​បាន​សប្បាយ​នឹង​ទ្រព្យ‌សម្បត្តិ
ដែល​គេ​រក​ស៊ី​បាន​នោះ​ដែរ។
19គេ​ជិះ‌ជាន់ និង​បោះ​បង់​ចោល​ជន​ក្រីក្រ
គេ​រឹប​អូស​យក​ផ្ទះ​ដែល​ខ្លួន​មិន​បាន​សង់។
20គេ​មាន​ចិត្ត​លោភ‌លន់​មិន​ចេះ​ស្កប់
តែ​គេ​មិន​អាច​រក្សា​ទុក​នូវ​អ្វីៗ
ដែល​គេ​ពេញ​ចិត្ត​នោះ​បាន​ឡើយ។
21គេ​ត្របាក់​លេប​អ្វីៗ​ទាំង​អស់ ឥត​មាន​សល់
តែ​ភាព​ចម្រុង‌ចម្រើន​របស់​គេ
នឹង​មិន​នៅ​ស្ថិត‌ស្ថេរ​រហូត​ទេ។
22ក្នុង​ពេល​កំពុង​តែ​សម្បូណ៌‌សប្បាយ
នោះ​គេ​បែរ​ជា​ខ្វះ​ខាត​វិញ
ទុក្ខ​វេទនា​ទាំង​អស់​នឹង​គ្រប​សង្កត់​លើ​គេ។
23នៅ​ពេល​ដែល​គេ​កំពុង​តែ​បំពេញ​ក្រពះ
នោះ​ព្រះ‌ជាម្ចាស់​ស្រោច​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា
របស់​ព្រះអង្គ​ទៅ​លើ​គេ ទុក​ជា​អាហារ។
24ប្រសិន​បើ​គេ​រត់​គេច​ពី​អាវុធ​ដែក
នោះ​ធ្នូ​លង្ហិន​នឹង​បាញ់​ព្រួញ​ទៅ​ទម្លុះ​គេ
25ប្រសិន​បើ​គេ​ដក​ព្រួញ​ចេញ​ពី​ខ្លួន
នោះ​មុខ​ដាវ​ដ៏​មុត​នឹង​ចាក់​ទម្លុះ
រហូត​ដល់​ថ្លើម​របស់​គេ។
ការ​ភ័យ​តក់‌ស្លុត​នឹង​កើត​មាន​ដល់​គេ។
26ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​វិនាស​បាត់
ក្នុង​ភាព​ងងឹត​អន្ធការ
ភ្លើង​ដែល​គ្មាន​នរណា​បញ្ឆេះ នឹង​មក​បំផ្លាញ​គេ
អ្វីៗ​ដែល​នៅ​សេស‌សល់​ក្នុង​ផ្ទះ​របស់​គេ
ក៏​ឆេះ​អស់​ដែរ។
27ផ្ទៃ​មេឃ​លាត​ត្រដាង​កំហុស​របស់​គេ
ផែនដី​ក្រោក​ឡើង​ប្រឆាំង​នឹង​គេ។
28នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ព្រះ‌ពិរោធ
ទ្រព្យ‌សម្បត្តិ​នៅ​ក្នុង​ផ្ទះ​របស់​គេ
នឹង​ត្រូវ​អ្នក​ដទៃ​រឹប​អូស​យក​ទៅ​អស់។
29នេះ​ជា​ចំណែក​មត៌ក​ដែល​ព្រះ‌ជាម្ចាស់
បម្រុង​ទុក​សម្រាប់​មនុស្ស​អាក្រក់»។

Currently Selected:

យ៉ូប 20: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in