YouVersion Logo
Search Icon

យ៉ូប 23

23
ចម្លើយ​របស់​លោក​យ៉ូប​ទៅ​កាន់​លោក​អេលី‌ផាស: ព្រះអង្គ​មិន​ព្រម​ចរចា​ជា​មួយ​ខ្ញុំ​ទេ!
1លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖
2«នៅ​ថ្ងៃ​នេះ​ទៀត
ទោះ​បី​ខ្ញុំ​យក​ដៃ​ខ្ទប់​ពាក្យ​ត្អូញ‌ត្អែរ​របស់​ខ្ញុំ​ក្ដី
ក៏​ខ្ញុំ​រអ៊ូ‌រទាំ​កាន់​តែ​ខ្លាំង​ថែម​ទៀត។
3បើ​ខ្ញុំ​ដឹង​ថា ព្រះអង្គ​នៅ​ទី​ណា
បើ​ខ្ញុំ​អាច​ទៅ​ដល់​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ
4នោះ​ខ្ញុំ​នឹង​នាំ​សំណុំ​រឿង​ទៅ​ទូល​ព្រះអង្គ
ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ព្រះអង្គ​ឲ្យ​អស់​សេចក្ដី។
5ខ្ញុំ​មុខ​ជា​ដឹង​សេចក្ដី​ដែល​ព្រះអង្គ​នឹង​ឆ្លើយ​មក​ខ្ញុំ
ព្រម​ទាំង​យល់​សេចក្ដី​ដែល​ព្រះអង្គ
សព្វ​ព្រះ‌ហឫទ័យ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ។
6តើ​ព្រះអង្គ​នឹង​ប្រើ​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះអង្គ
ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​ឬ?
ទេ! ព្រះអង្គ​មុខ​ជា​ស្ដាប់​ខ្ញុំ​ពុំ‌ខាន។
7ខ្ញុំ​នឹង​ជជែក​តវ៉ា​ជា​មួយ​ព្រះអង្គ
ព្រោះ​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់
ពេល​នោះ ព្រះអង្គ​ដែល​ជា​ចៅ‌ក្រម​របស់​ខ្ញុំ
នឹង​ប្រកាស​ថា ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស​រហូត​ត​ទៅ។
8ប្រសិន​បើ​ខ្ញុំ​ទៅ​ទិស​ខាង​កើត
ព្រះអង្គ​មិន​គង់​នៅ​ទី​នោះ​ទេ
ប្រសិន​ខ្ញុំ​ទៅ​ទិស​ខាង​លិច
ក៏​មិន​ឃើញ​ព្រះអង្គ​នៅ​ទី​នោះ​ដែរ។
9តើ​ព្រះអង្គ​រវល់​នៅ​ទិស​ខាង​ជើង​ឬ
បាន​ជា​ខ្ញុំ​មិន​អាច​ឃើញ​ព្រះអង្គ?
ឬ​មួយ​ព្រះអង្គ​ពួន​នៅ​ទិស​ខាង​ត្បូង
ហើយ​ខ្ញុំ​មិន​អាច​ឃើញ​ព្រះអង្គ។
10ព្រះ‌ជាម្ចាស់​ជ្រាប​ច្បាស់​នូវ​មាគ៌ា​ដែល​ខ្ញុំ​ដើរ
ប្រសិន​បើ​ព្រះអង្គ​ល្បង‌ល​មើល​ខ្ញុំ
ព្រះអង្គ​មុខ​ជា​ឃើញ​ថា
ខ្ញុំ​ប្រៀប​បាន​នឹង​មាស​សុទ្ធ។
11ខ្ញុំ​ដើរ​តាម​គន្លង​របស់​ព្រះអង្គ
ខ្ញុំ​នៅ​ជាប់​នឹង​មាគ៌ា​របស់​ព្រះអង្គ​ជានិច្ច
ឥត​ងាក​ចេញ​ឡើយ។
12ខ្ញុំ​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ព្រះអង្គ​បង្គាប់
ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ
គឺ​មិន​ធ្វើ​តាម​ចិត្ត​របស់​ខ្ញុំ​ឡើយ។
13ប្រសិន​បើ​ព្រះអង្គ​សម្រេច​ធ្វើ​ការ​អ្វី​មួយ
គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​ព្រះអង្គ​បាន​ទេ
ព្រះអង្គ​ចង់​ធ្វើ​អ្វី​មួយ ព្រះអង្គ​ធ្វើ​ការ​នោះ។
14ព្រះអង្គ​វិនិច្ឆ័យ​ទោស​ខ្ញុំ​យ៉ាង​ណា
ព្រះអង្គ​នឹង​ដាក់​ទោស​ខ្ញុំ​យ៉ាង​នោះ
ហើយ​នៅ​មាន​ការ​វិនិច្ឆ័យ​ជា​ច្រើន​ទៀត
ដែល​ព្រះអង្គ​គ្រោង​ទុក​ដែរ។
15ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​តក់‌ស្លុត
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ
ពេល​ណា​ខ្ញុំ​រិះគិត​ដូច្នេះ
ខ្ញុំ​ភ័យ​ខ្លាច​ព្រះអង្គ​កាន់​តែ​ខ្លាំង​ឡើងៗ។
16ព្រះអង្គ​បាន​បំបាក់​ទឹក​ចិត្ត​ក្លា‌ហាន​របស់​ខ្ញុំ
ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង។
17ទោះ​បី​សេចក្ដី​ងងឹត​នៅ​ជុំ‌វិញ​ខ្ញុំ
ទោះ​បី​ភាព​អន្ធការ​គ្រប​បាំង​លើ​ខ្ញុំ
ក៏​ខ្ញុំ​មិន​នៅ​ស្ងៀម​ដែរ។

Currently Selected:

យ៉ូប 23: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in