YouVersion Logo
Search Icon

យ៉ូប 33

33
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ទុក្ខ​លំបាក
1លោក​យ៉ូប​អើយ
សូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង
នៅ​ពេល​នេះ​ចុះ
សូម​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ!
2ខ្ញុំ​រៀបចំ​ពាក្យ​សម្ដី
ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ប្រុង​នឹង​និយាយ។
3ខ្ញុំ​នឹង​ថ្លែង​ដោយ​ស្មោះ​អស់​ពី​ចិត្ត
ខ្ញុំ​នឹង​និយាយ​ដោយ​សេចក្ដី​ពិត​ទាំង​ស្រុង។
4ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​បាន​សូន​ខ្ញុំ​ឡើង
ខ្យល់​ដង្ហើម​របស់
ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
ធ្វើ​ឲ្យ​ខ្ញុំ​រស់​រាន​មាន​ជីវិត។
5សូម​ឆ្លើយ​មក​ខ្ញុំ​ចុះ បើ​លោក​អាច​ឆ្លើយ​បាន
សូម​រក​ហេតុ​ផល​តទល់​នឹង​ខ្ញុំ​ចុះ!
6នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់
ខ្ញុំ​មិន​ខុស​ពី​លោក​ទេ
ព្រះអង្គ​បាន​សូន​ខ្ញុំ​ពី​ដី​ឥដ្ឋ ដូច​លោក​ដែរ។
7ដូច្នេះ សូម​កុំ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឡើយ
ហើយ​ក៏​កុំ​នឹក​ស្មាន​ថា
ខ្ញុំ​ចង់​យក​អំណាច
មក​គាប​សង្កត់​លោក​ឲ្យ​សោះ។
8ខ្ញុំ​បាន​ឮ​ពាក្យ​ដែល​លោក​ថ្លែង​ប្រាប់
ហើយ​ខ្ញុំ​ចង​ចាំ ឥត​ភ្លេច​ឡើយ
9គឺ​លោក​ពោល​ថា:
“ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស គ្មាន​បាប
ខ្ញុំ​ជា​មនុស្ស​ស្អាត‌ស្អំ ឥត​មាន​កំហុស​អ្វី​ទេ
10តែ​ព្រះ‌ជាម្ចាស់​រក​រឿង​ទាស់​នឹង​ខ្ញុំ
ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ជា​ខ្មាំង​សត្រូវ។
11 ព្រះអង្គ​ដាក់​ខ្នោះ​ជើង​ខ្ញុំ
ព្រះអង្គ​ឃ្លាំ​មើល​គ្រប់​សកម្ម‌ភាព​របស់​ខ្ញុំ”។
12លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​ត្រូវ​ទេ
ចាំ​ខ្ញុំ​ពន្យល់​លោក
ដ្បិត​ព្រះ‌ជាម្ចាស់​ធំ​ជាង​មនុស្ស​លោក។
13ហេតុ​អ្វី​បាន​ជា​លោក​ចោទ​ប្រកាន់​ព្រះអង្គ​ថា
ព្រះអង្គ​មិន​ឆ្លើយ​តប​នឹង​ពាក្យ
របស់​លោក​ដូច្នេះ?
14ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​របៀប​ផ្សេងៗ
តែ​គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ។
15 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ការ​យល់​សប្ដិ
តាម​រយៈ​សុបិន​និមិត្ត​នា​រាត្រី​កាល
ក្នុង​ពេល​ដែល​មនុស្ស​កំពុង​តែ​ដេក
លង់‌លក់​មិន​ដឹង​ខ្លួន។
16ព្រះអង្គ​ក៏​សម្តែង​ឲ្យ​គេ​ស្គាល់
ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ
ព្រម​ទាំង​បញ្ជាក់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ
ឲ្យ​គេ​យល់​យ៉ាង​ច្បាស់​ផង។
17ធ្វើ​ដូច្នេះ ព្រះអង្គ​នាំ​មនុស្ស​ឲ្យ​ងាក
ចេញ​ពី​អំពើ​អាក្រក់
ហើយ​ការពារ​មនុស្ស​កុំ​ឲ្យ​មាន​អំនួត
18ដើម្បី​កុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ
និង​ការពារ​ជីវិត​គេ ឲ្យ​រួច​ពី​មុខ​លំពែង។
19ព្រះ‌ជាម្ចាស់​ក៏​វាយ​ប្រដៅ​មនុស្ស​តាម​រយៈ
ការ​ឈឺ​ចាប់​ដែរ គឺ​នៅ​ពេល​ដែល​គេ​ដេក
ឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ​កាយ។
20ពេល​នោះ គេ​បរិភោគ​អាហារ​លែង​កើត
ហើយ​ក៏​លែង​នឹក​ឃ្លាន​ម្ហូប​ចំណី​ទៀត​ដែរ។
21រូប​កាយ​របស់​គេ​កាន់​តែ​ស្គម​ទៅៗ
នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។
22គេ​កាន់​តែ​ខិត​ជិត​រណ្ដៅ
ជីវិត​របស់​គេ ក៏​ខិត​ទៅ​ជិត​មច្ចុរាជ​ដែរ។
23ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​ទេវតា​មួយ​រូប
ក្នុង​ចំណោម​ទេវតា​មួយ​ពាន់
មក​បក​ស្រាយ និង​បង្ហាញ​ឲ្យ​អ្នក​នោះ
ស្គាល់​ផ្លូវ​ត្រឹម​ត្រូវ
24ព្រះ‌ជាម្ចាស់​មុខ​ជា​លើក‌លែង​ទោស​ឲ្យ​គេ
ដ្បិត​ទេវតា​អង្វរ​ថា:
“សូម​ដោះ​លែង​អ្នក​នេះ​ទៅ
កុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ឡើយ
ទូលបង្គំ​រក​បាន​ហេតុ​ផល
ដើម្បី​រំដោះ​គេ​ហើយ!”។
25ពេល​នោះ សាច់​ឈាម​របស់​គេ​នឹង​ប្រែ​ជា
ស្រស់​ស្អាត​ដូច​គ្រា​នៅ​ពី​ក្មេង
ហើយ​គេ​នឹង​បាន​ដូច​គ្រា​នៅ​វ័យ​ជំទង់។
26ពេល​គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ស្ដាប់​គេ
គេ​ចូល​ទៅ​គាល់​ព្រះអង្គ​ដោយ​អំណរ
ព្រះអង្គ​រាប់​គេ​ជា​មនុស្ស​សុចរិត​ឡើង​វិញ។
27ពេល​នោះ គេ​នឹង​ច្រៀង
នៅ​ចំពោះ​មុខ​មនុស្ស‌ម្នា​ថា:
“ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប
ខ្ញុំ​បាន​វង្វេង​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ
តែ​ព្រះ‌ជាម្ចាស់​ពុំ​បាន​ដាក់​ទោស​ខ្ញុំ
ស្រប​តាម​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត​នោះ​ឡើយ។
28ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ
ខ្ញុំ​នៅ​មាន​ជីវិត ហើយ​មើល​ឃើញ​ពន្លឺ”។
29ព្រះ‌ជាម្ចាស់​ធ្វើ​ការ​ទាំង​នេះ​ចំនួន​ពីរ
ឬ​បី​លើក ចំពោះ​មនុស្ស
30ដើម្បី​នាំ​គេ​ឲ្យ​ចៀស​ផុត​ពី​រណ្ដៅ
ហើយ​ឲ្យ​ពន្លឺ​ជីវិត​ចាំង​ចែង​ទៅ​លើ​គេ។
31លោក​យ៉ូប​អើយ សូម​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ!
សូម​លោក​នៅ​ស្ងៀម​ទៅ
ទុក​ឲ្យ​ខ្ញុំ​និយាយ​ម្ដង!
32ប្រសិន​បើ​លោក​ចង់​ឆ្លើយ
សូម​ឆ្លើយ​មក​ចុះ!
សូម​មាន​ប្រសាសន៍​មក
ដ្បិត​ខ្ញុំ​ចង់​រក​យុត្តិធម៌​ជូន​លោក។
33បើ​គ្មាន​ទេ សូម​ស្ដាប់​ខ្ញុំ!
សូម​នៅ​ស្ងៀម​ទៅ
ខ្ញុំ​នឹង​បង្រៀន​លោក​អំពី​ប្រាជ្ញា»។

Currently Selected:

យ៉ូប 33: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in