YouVersion Logo
Search Icon

លូកា 4

4
ព្រះ‌យេស៊ូ​ឈ្នះ​ការ​ល្បួង
(ម៉ាថាយ ៤.១-១១ ម៉ាកុស ១.១២-១៣)
1ព្រះ‌យេស៊ូ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ព្រះអង្គ​យាង​ត្រឡប់​ពី​ទន្លេ​យ័រដាន់​មក​វិញ ហើយ​ព្រះ‌វិញ្ញាណ​នាំ​ព្រះអង្គ​ទៅ​វាល​រហោ‌ស្ថាន។ 2នៅ​ទី​នោះ ព្រះអង្គ​ត្រូវ​មារ*​សាតាំង​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​អំឡុង​ពេល​នោះ ព្រះអង្គ​ពុំ​សោយ​អ្វី​ឡើយ។ លុះ​ផុត​ពី​ពេល​នោះ​ទៅ ទើប​ព្រះអង្គ​ឃ្លាន។ 3មារ*​ទូល​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​នេះ​ទៅ​ជា​នំប៉័ង​មើល៍»។ 4 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារ ប៉ុណ្ណោះ​ទេ»។
5មារ​នាំ​ព្រះអង្គ​ទៅ​កន្លែង​មួយ​ដ៏​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឲ្យ​ព្រះអង្គ​ឃើញ ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី។ 6មារ​សាតាំង​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​នឹង​ប្រគល់​អំណាច ព្រម​ទាំង​ភោគ‌ទ្រព្យ​របស់​នគរ​ទាំង​នោះ​ឲ្យ​លោក ដ្បិត​អ្វីៗ​ទាំង​អស់​ជា​សម្បត្តិ​របស់​ខ្ញុំ ខ្ញុំ​អាច​ប្រគល់​ឲ្យ​អ្នក​ណា​ក៏​បាន ស្រេច​តែ​នឹង​ចិត្ត​ខ្ញុំ។ 7ដូច្នេះ ប្រសិន​បើ​លោក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ សម្បត្តិ​ទាំង​នោះ​នឹង​បាន​ជា​របស់​លោក​ហើយ»។ 8 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “អ្នក​ត្រូវ​តែ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់* ជា​ព្រះ​របស់​អ្នក និង​គោរព​បម្រើ​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ”»។
9បន្ទាប់​មក មារ​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូ‌សាឡឹម ដាក់​ព្រះអង្គ​លើ​កំពូល​ព្រះ‌វិហារ* ហើយ​ទូល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ 10 ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះ‌ជាម្ចាស់​នឹង​បញ្ជា​ឲ្យ​ទេវតា*​ថែ‌រក្សា​លោក 11 ហើយ​ទេវតា​ទាំង​នោះ​នឹង​ចាំ​ទ្រ​លោក មិន​ឲ្យ​ជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ”»។ 12 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​មារ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា កុំ​ល្បង‌ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ»។ 13លុះ​មារ​ល្បួង​ព្រះ‌យេស៊ូ​សព្វ​បែប​យ៉ាង​ហើយ វា​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ព្រះអង្គ​ទៅ រហូត​ដល់​ពេល​កំណត់។
ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​ផ្សាយ​ដំណឹង‌ល្អ​នៅ​ស្រុក​កាលី‌ឡេ អ្នក​ភូមិ​ណាសា‌រ៉ែត​បដិសេធ​មិន​ព្រម​ទទួល​ព្រះអង្គ
(មថ.៤.១២-១៧, ១៣.៥៣-៥៨ មក.១.១៤-១៥, ៦.១-៦)
14ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ ព្រះ‌នាម​ព្រះអង្គ​ឮ​ល្បី‌ល្បាញ​ពាស‌ពេញ​តំបន់​នោះ។ 15ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ* គេ​សរសើរ​តម្កើង​សិរី‌រុងរឿង​ព្រះអង្គ​គ្រប់ៗ​គ្នា។
16ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​ព្រះអង្គ​គង់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​សប្ប័ទ* ព្រះអង្គ​យាង​ទៅ​សាលា​ប្រជុំ*​តាម​ទម្លាប់​របស់​ព្រះអង្គ។ ព្រះអង្គ​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គម្ពីរ។ 17គេ​បាន​យក​គម្ពីរ​របស់​ព្យាការី*​អេសាយ​មក​ថ្វាយ​ព្រះអង្គ ព្រះអង្គ​បើក​គម្ពីរ​ត្រង់​អត្ថ‌បទ​មួយ ដែល​មាន​ចែង​ថា៖
18 «ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។
ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ
ឲ្យ​នាំ​ដំណឹង‌ល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ។
ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់
ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព
ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា
គេ​នឹង​មើល​ឃើញ​វិញ។
ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ
អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន
19 ព្រម​ទាំង​ប្រកាស​អំពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់
សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា»។
20លុះ​អាន​ចប់​ហើយ ព្រះ‌យេស៊ូ​បិទ​គម្ពីរ ប្រគល់​ទៅ​អ្នក​ថែ‌រក្សា រួច​ព្រះអង្គ​គង់​ចុះ​វិញ។ មនុស្ស​គ្រប់ៗ​រូប​នៅ​ក្នុង​សាលា​ប្រជុំ​សម្លឹង​មើល​ព្រះអង្គ។ 21ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដូច​អ្នក​រាល់​គ្នា​ទើប​នឹង​ស្ដាប់​អម្បាញ់​មិញ បាន​សម្រេច​ជា​រូប​រាង​នៅ​ថ្ងៃ​នេះ​ហើយ»។ 22ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ព្រះ‌បន្ទូល ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​យ៉ូសែប​ទេ​ឬ?»។ 23ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ប្រហែល​ជា​ចង់​យក​សុភាសិត​ដែល​ចែង​ថា “គ្រូ​ពេទ្យ​អើយ ចូរ​មើល​ជំងឺ​របស់​ខ្លួន​ឲ្យ​ជា​សិន​ទៅ” មក​ផ្ចាញ់‌ផ្ចាល​ខ្ញុំ​ទេ​ដឹង! ឬ​មួយ​អ្នក​រាល់​គ្នា​ចង់​និយាយ​មក​ខ្ញុំ​ទៀត​ថា “យើង​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​អស់ ដែល​អ្នក​ធ្វើ​នៅ​ក្រុង​កាពើ‌ណិម ចូរ​ធ្វើ​ការ​ដដែល​នៅ​ទី​នេះ ជា​ស្រុក​កំណើត​របស់​អ្នក ឲ្យ​យើង​ឃើញ​ផង!”»។
24 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​ដែល​មាន​ព្យាការី*​ណា​ម្នាក់​ត្រូវ​គេ​គោរព នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ឡើយ។ 25 ខ្ញុំ​សុំ​បញ្ជាក់​ថា នៅ​ជំនាន់​លោក​អេលីយ៉ា មេឃ​រាំង​អស់​រយៈ​ពេល​បី​ឆ្នាំ​កន្លះ បណ្ដាល​ឲ្យ​មាន​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​ពេញ​ទាំង​ស្រុក។ នៅ​ស្រុក​អ៊ីស្រា‌អែល មាន​ស្ត្រី​មេម៉ាយ​ជា​ច្រើន។ 26 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ពុំ​បាន​ចាត់​ព្យាការី​អេលីយ៉ា​ឲ្យ​ទៅ​ជួយ​ស្ត្រី​មេ‌ម៉ាយ​ណា​ម្នាក់ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ គឺ​ព្រះអង្គ​បាន​ចាត់​លោក​ឲ្យ​ទៅ​ជួយ​ស្ត្រី​មេ‌ម៉ាយ​ម្នាក់ ដែល​រស់​នៅ​ភូមិ​សារិប‌តា ក្នុង​ក្រុង​ស៊ីដូន​វិញ។ 27 នៅ​ជំនាន់​ព្យាការី​អេលីសេ មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​ក្នុង​ស្រុក​អ៊ីស្រា‌អែល ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​សោះ​ឡើយ គឺ​មាន​តែ​លោក​ណាម៉ាន់​ជា​ជន‌ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។
28កាល​បាន​ឮ​ព្រះ‌បន្ទូល​ទាំង​នេះ អ្នក​នៅ​ក្នុង​សាលា​ប្រជុំ*​ទាំង​ប៉ុន្មាន​ខឹង​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា។ 29គេ​ក្រោក​ឡើង ចាប់​ប្រអូស​ប្រទាញ​ព្រះ‌យេស៊ូ​ចេញ​ពី​ភូមិ ដែល​សង់​លើ​កំពូល​ភ្នំ នាំ​ឆ្ពោះ​ទៅ​មាត់​ជ្រោះ បម្រុង​នឹង​ច្រាន​ព្រះអង្គ​ទម្លាក់​ទៅ​ក្រោម។ 30ប៉ុន្តែ ព្រះអង្គ​យាង​ចេញ​ពី​កណ្ដាល​ចំណោម​គេ​បាត់​ទៅ។
ព្រះ‌យេស៊ូ​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ម្នាក់
(ម៉ាកុស ១.២១-២៨)
31ព្រះ‌យេស៊ូ​យាង​ទៅ​ក្រុង​កាពើ‌ណិម ក្នុង​ស្រុក​កាលី‌ឡេ។ នៅ​ទី​នោះ ព្រះអង្គ​បង្រៀន​បណ្ដា‌ជន​ជា​រៀង​រាល់​ថ្ងៃ​សប្ប័ទ*។ 32 មនុស្ស​គ្រប់​គ្នា​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​ព្រះអង្គ​បង្រៀន ព្រោះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រកប​ដោយ​អំណាច។ 33នៅ​ក្នុង​សាលា​ប្រជុំ*​មាន​បុរស​ម្នាក់ ដែល​មាន​វិញ្ញាណ​របស់​អារក្ស‌អសោច​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ខ្លាំងៗ​ថា៖ 34«ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​យើង? ព្រះអង្គ​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ*​ដែល​មក​ពី​ព្រះ‌ជាម្ចាស់»។ 35ព្រះ‌យេស៊ូ​គំរាម​វិញ្ញាណ​របស់​អារក្ស‌អសោច​នោះ​ថា៖ «ស្ងៀម ចេញ​ពី​អ្នក​នេះ​ទៅ!»។ អារក្ស​ក៏​ផ្ដួល​បុរស​នោះ នៅ​កណ្ដាល​ចំណោម​បណ្ដា‌ជន រួច​ចេញ​ទៅ ដោយ​ពុំ​មាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​អ្វី​ឡើយ។ 36មនុស្ស‌ម្នា​ភ័យ​ស្រឡាំង‌កាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​ពាក្យ​សម្ដី​របស់​លោក​នេះ​អី​ក៏​ពូកែ​ម៉្លេះ មើល៍​លោក​មាន​អំណាច និង​ឫទ្ធា‌នុភាព​អាច​បញ្ជា​ទៅ​វិញ្ញាណ​អាក្រក់​ឲ្យ​វា​ចេញ ហើយ​វា​ធ្វើ​តាម»។ 37បន្ទាប់​មក ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ​ល្បី​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​តំបន់​នោះ។
ព្រះ‌យេស៊ូ​ប្រោស​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​ជា
(ម៉ាថាយ ៨.១៤-១៧ ម៉ាកុស ១.២៩-៣៤)
38ព្រះ‌យេស៊ូ​យាង​ចេញ​ពី​សាលា​ប្រជុំ*​ទៅ​ផ្ទះ​លោក​ស៊ីម៉ូន ពេល​នោះ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​គ្រុន​យ៉ាង​ខ្លាំង គេ​ទូល​សូម​ព្រះអង្គ​មេត្តា​ប្រោស​គាត់​ឲ្យ​ជា។ 39ព្រះ‌យេស៊ូ​ឱន​ទៅ​លើ​អ្នក​ជំងឺ ព្រះអង្គ​គំរាម​ជំងឺ​គ្រុន ជំងឺ​គ្រុន​ក៏​ចេញ​បាត់​ទៅ ហើយ​ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​ក៏​ជា។ រំពេច​នោះ គាត់​ក្រោក​ឡើង បម្រើ​ភ្ញៀវ។
40នៅ​ពេល​ថ្ងៃ​លិច អ្នក​ស្រុក​ទាំង​អស់​នាំ​បងប្អូន​ដែល​មាន​ជំងឺ​ផ្សេងៗ​មក​រក​ព្រះ‌យេស៊ូ។ ព្រះអង្គ​ដាក់​ព្រះ‌ហស្ដ​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​ឲ្យ​ជា​សះ‌ស្បើយ​គ្រប់ៗ​គ្នា។ 41មាន​អារក្ស​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ថា៖ «ព្រះអង្គ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។ ប៉ុន្តែ ព្រះ‌យេស៊ូ​គំរាម​អារក្ស​ទាំង​នោះ​មិន​ឲ្យ​និយាយ​ជា​ដាច់​ខាត ព្រោះ​ពួក​វា​ដឹង​ថា ព្រះអង្គ​ជា​ព្រះ‌គ្រិស្ត*។
42លុះ​ព្រលឹម​ឡើង ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ក្រុង​ទៅ​កន្លែង​ស្ងាត់។ បណ្ដា‌ជន​នាំ​គ្នា​ដើរ​រក​ព្រះអង្គ។ លុះ​ជួប​ហើយ គេ​ឃាត់​ព្រះអង្គ​ឲ្យ​នៅ​ជា​មួយ មិន​ចង់​ឲ្យ​យាង​ចាក​ចោល​គេ​ឡើយ។ 43ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ត្រូវ​នាំ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទៅ​ក្រុង​ឯ​ទៀតៗ​ដែរ ដ្បិត​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​បំពេញ​ការ​នេះ​ឯង»។
44បន្ទាប់​មក ព្រះ‌យេស៊ូ​ប្រកាស​ដំណឹង‌ល្អ*​តាម​សាលា​ប្រជុំ*​នានា ក្នុង​ស្រុក​កាលី‌ឡេ។

Currently Selected:

លូកា 4: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in