YouVersion Logo
Search Icon

លូកា 7

7
ព្រះ‌យេស៊ូ​ប្រោស​អ្នក​បម្រើ​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ឲ្យ​ជា
(ម៉ាថាយ ៨.៥-១៣)
1កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឲ្យ​ប្រជា‌ជន​ស្ដាប់​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្រុង​កាពើ‌ណិម។ 2នៅ​ក្រុង​នោះ មាន​អ្នក​បម្រើ​សំណព្វ​ចិត្ត​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់ មាន​ជំងឺ​ជា​ទម្ងន់ ជិត​ស្លាប់។ 3ពេល​នាយ​ទាហាន​នោះ​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ គាត់​ក៏​ចាត់​ចាស់​ទុំ​នៃ​ជន‌ជាតិ​យូដា​ខ្លះ​ឲ្យ​ទៅ​យាង​ព្រះអង្គ​មក​ប្រោស​អ្នក​បម្រើ​របស់​គាត់។ 4ចាស់​ទុំ​ទាំង​នោះ​ទៅ​គាល់​ព្រះ‌យេស៊ូ ទទូច​អង្វរ​ព្រះអង្គ​ថា៖ «នាយ​ទាហាន​នោះ​ជា​មនុស្ស​ម្នាក់​ដែល​គួរ​តែ​លោក​ប្រោស‌ប្រណី​ដល់​គាត់ 5ព្រោះ​គាត់​ស្រឡាញ់​ជាតិ​សាសន៍​របស់​យើង ថែម​ទាំង​បាន​សង់​សាលា​ប្រជុំ*​ឲ្យ​យើង​ផង»។ 6ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​ចាស់​ទុំ​ទាំង​នោះ។ លុះ​យាង​ជិត​ដល់​ហើយ នាយ​ទាហាន​ចាត់​មិត្ត‌ភក្ដិ​របស់​គាត់​ឲ្យ​មក​ទូល​ថា៖ «លោក​ម្ចាស់! មិន​បាច់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ ដ្បិត​ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​ទទួល​លោក​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ឡើយ។ 7ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្របាទ​មិន​ហ៊ាន​មក​ជួប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់ នោះ​អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។ 8ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​ក៏​មាន​កូន​ទាហាន​ជា​ច្រើន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ។ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​ប្រាកដ​ជា​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។ 9កាល​ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទាំង​នេះ​ហើយ ព្រះអង្គ​ស្ងើច​សរសើរ​នាយ​ទាហាន​នោះ​ណាស់។ ព្រះអង្គ​ងាក​ទៅ​រក​បណ្ដា‌ជន​ដែល​ដើរ​តាម​ព្រះអង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ​ឡើយ ទោះ​បី​នៅ​ស្រុក​អ៊ីស្រា‌អែល​ក៏​គ្មាន​ផង»។ 10មិត្ត‌ភក្ដិ​ដែល​នាយ​ទាហាន​ចាត់​ឲ្យ​មក ក៏​វិល​ត្រឡប់​ទៅ​វិញ ឃើញ​អ្នក​បម្រើ​បាន​ជា​សះ‌ស្បើយ។
ព្រះ‌យេស៊ូ​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​មេ‌ម៉ាយ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ
11ក្រោយ​មក​ទៀត ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភូមិ​មួយ​ឈ្មោះ​ណាអ៊ីន។ សិស្ស​របស់​ព្រះអង្គ និង​បណ្ដា‌ជន​ជា​ច្រើន ក៏​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ព្រះអង្គ​ដែរ។ 12ពេល​ព្រះអង្គ​យាង​មក​ជិត​ដល់​ទ្វារ​កំពែង​ក្រុង មាន​គេ​ដង្ហែ​សព​យក​ទៅ​បញ្ចុះ។ បុគ្គល​ដែល​ស្លាប់​នោះ​ជា​កូន​ប្រុស​តែ​មួយ​របស់​ស្ត្រី​មេ‌ម៉ាយ​ម្នាក់។ អ្នក​ស្រុក​ជា​ច្រើន​បាន​មក​ជួយ​ដង្ហែ​សព​ជា​មួយ​គាត់។ 13កាល​ព្រះ‌អម្ចាស់​ឃើញ​ស្ត្រី​មេ‌ម៉ាយ​នោះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​គាត់​យ៉ាង​ខ្លាំង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សូម​កុំ​យំ​អី!»។ 14ព្រះអង្គ​យាង​ចូល​ទៅ​ជិត ព្រះអង្គ​ពាល់​មឈូស ពួក​អ្នក​សែង​ក៏​នាំ​គ្នា​ឈប់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​កំលោះ​អើយ! ចូរ​ក្រោក​ឡើង»។ 15រំពេច​នោះ បុគ្គល​ដែល​ស្លាប់​ក៏​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ​ស្ដី។ ព្រះ‌យេស៊ូ​ប្រគល់​អ្នក​កំលោះ​ទៅ​ម្ដាយ​វិញ។ 16គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ថា៖ «មាន​ព្យាការី​ដ៏​ប្រសើរ​ឧត្ដម​មួយ​រូប​បាន​មក​នៅ​ក្នុង​ចំណោម​យើង​ហើយ ព្រះ‌ជាម្ចាស់​យាង​មក​រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ»។
17ពាក្យ​ដែល​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ​បាន​លេច​ឮ ពាស‌ពេញ​ក្នុង​ស្រុក​យូដា និង​តំបន់​ជិត​ខាង​ទាំង​មូល។
លោក​យ៉ូហាន‌បាទីស្ដ​ចាត់​សិស្ស​ទៅ​ជួប​ព្រះ‌យេស៊ូ
(ម៉ាថាយ ១១.២-១៩)
18សិស្ស​របស់​លោក​យ៉ូហាន​បាន​រៀប​រាប់​ជូន​លោក​នូវ​ហេតុ‌ការណ៍​ទាំង​អស់​នោះ។ លោក​យ៉ូហាន​ក៏​ហៅ​សិស្ស​ពីរ​នាក់​មក 19រួច​ចាត់​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូ​ជា​អម្ចាស់​ថា៖ «តើ​លោក​ជា​ព្រះ‌គ្រិស្ត*​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។ 20អ្នក​ទាំង​ពីរ​ទៅ​ដល់ ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​យ៉ូហាន‌បាទីស្ដ​ចាត់​ឲ្យ​យើង​ខ្ញុំ​មក​សួរ​លោក​ថា តើ​លោក​ជា​ព្រះ‌គ្រិស្ត​ដែល​ត្រូវ​យាង​មក ឬ​មួយ​ក៏​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។ 21នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​កំពុង​ប្រោស​អ្នក​ជំងឺ មនុស្ស​ពិការ និង​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន​ឲ្យ​ជា។ ព្រះអង្គ​ក៏​បាន​ប្រោស​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​មើល​ឃើញ​ដែរ។ 22 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ទាំង​ពីរ​នាក់​នោះ​ថា៖ «ចូរ​អ្នក​ទៅ​ជម្រាប​លោក​យ៉ូហាន​នូវ​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​បាន​ឮ គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ* មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​គេ​នាំ​ដំណឹង‌ល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ23អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។ 24ពេល​សិស្ស​របស់​លោក​យ៉ូហាន​ត្រឡប់​ទៅ​វិញ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​រក​មើល​អ្វី? មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ? 25តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុងរឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុងរឿង ហើយ​មាន​ជីវ‌ភាព​ខ្ពង់‌ខ្ពស់ គេ​រស់​នៅ​ក្នុង​វាំង​ឯ‌ណោះ។ 26បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការី*​ម្នាក់​ឬ? ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត 27 ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​អំពី​លោក​យ៉ូហាន​ថា “យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះអង្គ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអង្គ”28ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ ពុំ​មាន​នរណា​ម្នាក់​ប្រសើរ​ជាង​លោក​យ៉ូហាន​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត»។ 29 ប្រជា‌ជន​ទាំង​មូល និង​អ្នក​ទារ​ពន្ធ*​បាន​ស្ដាប់​លោក​យ៉ូហាន ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ពិត​ជា​មាន​ព្រះ‌ហឫទ័យ​សុចរិត​មែន ហើយ​នាំ​គ្នា​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក។ 30រីឯ​ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​បណ្ឌិត​ខាង​វិន័យ*​មិន​ទទួល​ស្គាល់​គម្រោង‌ការ ដែល​ព្រះ‌ជាម្ចាស់​បាន​រៀបចំ​សម្រាប់​គេ​នោះ​ទេ គឺ​គេ​បដិសេធ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន។ 31តើ​ខ្ញុំ​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​មនុស្ស​ប្រភេទ​ណា? តើ​គេ​ដូច​នរណា? 32គឺ​គេ​ប្រៀប​បី​ដូច​ជា​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា “យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​មិន​ព្រម​រាំ យើង​បាន​ស្មូត្រ​បទ​ទំនួញ តែ​ពួក​ឯង​ក៏​ពុំ​ព្រម​យំ​ដែរ”។ 33យ៉ាង​ណា‌មិញ លោក​យ៉ូហាន‌បាទីស្ដ​បាន​មក លោក​តម​អាហារ លោក​តម​សុរា តែ​អ្នក​រាល់​គ្នា​ថា លោក​មាន​អារក្ស​ចូល។
34រីឯ​បុត្រ​មនុស្ស*​ក៏​បាន​មក​ដែរ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​អ្នក​រាល់​គ្នា​ថា “មើល​ចុះ​អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព‌គប់​ជា​មួយ​ពួក​ទារ​ពន្ធ* និង​មនុស្ស​បាប”។ 35ប៉ុន្តែ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ទទួល​ស្គាល់​ថា ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន»។
ព្រះ‌យេស៊ូ​លើក‌លែង​ទោស​ឲ្យ​ស្ត្រី​មាន​បាប​ម្នាក់
36មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី*​បាន​យាង​ព្រះ‌យេស៊ូ​ទៅ​សោយ​ព្រះ‌ស្ងោយ ព្រះអង្គ​ក៏​យាង​ទៅ​ផ្ទះ​បុរស​នោះ ហើយ​គង់​រួម​តុ​ជា​មួយ​គាត់។ 37 នៅ​ក្រុង​នោះ មាន​ស្ត្រី​ម្នាក់​មាន​កេរ្តិ៍‌ឈ្មោះ​មិន​ល្អ។ ពេល​ឮ​ថា​ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​ផ្ទះ​អ្នក​ខាង​គណៈ‌ផារីស៊ី* នោះ​នាង​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​ចូល​មក។ 38នាង​នៅ​ពី​ក្រោយ​ព្រះ‌យេស៊ូ ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ នាង​យំ សម្រក់​ទឹក​ភ្នែក​ជោក​ព្រះ‌បាទា​ព្រះ‌យេស៊ូ ហើយ​យក​សក់​មក​ជូត។ បន្ទាប់​មក នាង​ថើប រួច​យក​ប្រេង​ក្រអូប​មក​ចាក់​ពី​លើ​ផង។ 39ពេល​បុរស​ម្ចាស់​ផ្ទះ​ឃើញ​ដូច្នោះ គាត់​រិះគិត​ក្នុង​ចិត្ត​ថា៖ «បើ​លោក​នេះ​ពិត​ជា​ព្យាការី*​មែន ច្បាស់​ជា​លោក​ជ្រាប​ថា​ស្ត្រី​ដែល​ពាល់​លោក​នេះ ជា​ស្ត្រី​ប្រភេទ​ណា​ពុំ‌ខាន គឺ​នាង​ជា​មនុស្ស​បាប»។ 40ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​ខាង​គណៈ‌ផារីស៊ី​នោះ​ថា៖ «លោក​ស៊ីម៉ូន ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ជា​មួយ​លោក»។ លោក​ស៊ីម៉ូន​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ»។ 41ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​មនុស្ស​ពីរ​នាក់​ជំពាក់​ប្រាក់​គេ ម្នាក់​ជំពាក់​ប្រាំ​រយ ម្នាក់​ទៀត​ហា‌សិប។ 42ដោយ​អ្នក​ទាំង​ពីរ​គ្មាន​ប្រាក់​សង ម្ចាស់​ប្រាក់​ក៏​លុប​បំណុល​ចោល ឈប់​ទារ​ពី​អ្នក​ទាំង​ពីរ​នោះ​ទៅ។ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?»។ 43លោក​ស៊ីម៉ូន​ទូល​ឆ្លើយ​ថា៖ «តាម​យោបល់​ខ្ញុំ គឺ​អ្នក​ដែល​ជំពាក់​ប្រាក់​ច្រើន​ជាង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «លោក​មាន​យោបល់​ត្រឹម​ត្រូវ​មែន»។ 44បន្ទាប់​មក ព្រះអង្គ​បែរ​ទៅ​រក​ស្ត្រី​នោះ រួច​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «សូម​មើល​ស្ត្រី​នេះ​ចុះ! ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក តែ​លោក​ពុំ​បាន​យក​ទឹក​មក​លាង​ជើង​ខ្ញុំ​ទេ រីឯ​នាង នាង​បាន​សម្រក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ព្រម​ទាំង​យក​សក់​នាង​មក​ជូត​ទៀត​ផង។ 45លោក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ ឥត​ឈប់​ឈរ​សោះ​ឡើយ។ 46លោក​មិន​បាន​យក​ប្រេង​មក​លាប​ក្បាល​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​បាន​ចាក់​ប្រេង​ក្រអូប​លាប​ជើង​ខ្ញុំ។ 47ហេតុ​នេះ​ហើយ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​លោក​ដឹង​ថា នាង​សម្តែង​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង​យ៉ាង​នេះ ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​នាង​រួច​ពី​បាប​ជា​ច្រើន។ រីឯ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​តិច ក៏​សម្តែង​សេចក្ដី​ស្រឡាញ់​តិច​ដែរ»។ 48ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា៖ «ខ្ញុំ​អត់‌ទោស​ឲ្យ​នាង​រួច​ពី​បាប​ហើយ»។ 49អស់​អ្នក​ដែល​អង្គុយ​រួម​តុ​ជា​មួយ រិះគិត​ក្នុង​ចិត្ត​រៀងៗ​ខ្លួន​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​អត់‌ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​ដូច្នេះ?»។ 50ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ទៀត​ថា៖ «ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​វិញ​ដោយ​សុខ‌សាន្ត​ចុះ»។

Currently Selected:

លូកា 7: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in