YouVersion Logo
Search Icon

ជនគណនា 8

8
របៀប​តម្កល់​ចង្កៀង
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​ប្រាប់​អើរ៉ុន​ដូច​ត​ទៅ: “ពេល​ណា​តម្កល់​ចង្កៀង ចូរ​រៀបចំ​យ៉ាង​ណា​ឲ្យ​ចង្កៀង​ទាំង​ប្រាំ‌ពីរ​នោះ ភ្លឺ​ចាំង​មក​ផ្នែក​ខាង​មុខ​ជើង​ចង្កៀង”»។
3លោក​អើរ៉ុន​ក៏​ធ្វើ​តាម គឺ​លោក​ដាក់​ចង្កៀង​នៅ​ផ្នែក​ខាង​មុខ​ជើង​ចង្កៀង ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​បង្គាប់​មក​លោក​ម៉ូសេ។ 4ជើង​ចង្កៀង​ធ្វើ​ពី​មាស​មាន​ក្បាច់​រចនា គឺ​ចាប់​ពី​ជើង​រហូត​ដល់​ចុង​ខាង​លើ សុទ្ធ​តែ​មាន​ក្បាច់​ទាំង​អស់។ គេ​បាន​ធ្វើ​ជើង​ចង្កៀង​នេះ​តាម​គំរូ ដែល​ព្រះ‌អម្ចាស់​បង្ហាញ​ឲ្យ​លោក​ម៉ូសេ​ឃើញ។
ពិធី​តែង‌តាំង​ក្រុម​លេវី
5 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 6«ចូរ​នាំ​ពួក​លេវី​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ធ្វើ​ពិធី​ជម្រះ​ពួក​គេ​ឲ្យ​បរិសុទ្ធ។ 7អ្នក​ត្រូវ​ជម្រះ​ពួក​គេ​ដូច​ត​ទៅ គឺ​ធ្វើ​ពិធី​ប្រោះ​ទឹក​រំដោះ​បាប ​លើ​ពួក‌គេ ត្រូវ​ឲ្យ​ពួក​គេ​ទៅ​កោរ​រោម​នៅ​លើ​រូប​កាយ​របស់​ខ្លួន បោក​សម្លៀក‌បំពាក់ និង​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ។ 8បន្ទាប់​មក ពួក​គេ​ត្រូវ​យក​គោ​បា​មួយ​មក ព្រម​ទាំង​តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ គឺ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង។ អ្នក​ត្រូវ​យក​គោ​បា​មួយ​ទៀត​មក សម្រាប់​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប។ 9ចូរ​នាំ​ពួក​លេវី​ឲ្យ​ចូល​មក​ជិត​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ប្រមូល​ផ្ដុំ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល។ 10ចូរ​នាំ​ពួក​លេវី​ចូល​មក​ជិត​យើង ហើយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដាក់​ដៃ​លើ​ពួក​គេ។ 11អើរ៉ុន​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​លេវី ទុក​ជា​តង្វាយ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ​យើង ដើម្បី​ឲ្យ​បម្រើ​យើង។ 12ពួក​លេវី​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​ទាំង​ពីរ រួច​ហើយ​អ្នក ​ត្រូវ​ថ្វាយ​គោ​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល ដើម្បី​ជម្រះ​ពួក​លេវី​ឲ្យ​រួច​ពី​បាប។ 13បន្ទាប់​មក ចូរ​ឲ្យ​ពួក​លេវី​ឈរ​នៅ​មុខ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ហើយ​អ្នក​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​គេ​ទុក​ជា​តង្វាយ​សម្រាប់​យើង។ 14ចូរ​ញែក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​នឹង​បាន​ជា​ចំណែក​របស់​យើង។ 15បន្ទាប់​មក​ទៀត ពួក​លេវី​ត្រូវ​មក​បំពេញ​មុខងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ជម្រះ​ពួក​គេ​ឲ្យ​បរិសុទ្ធ និង​ធ្វើ​ពិធី​ញែក​ពួក​គេ​ទុក​ជា​តង្វាយ​សម្រាប់​យើង​បែប​នេះ​ឯង។ 16យើង​ញែក​ពួក​គេ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​សម្រាប់​យើង ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល 17 ដ្បិត​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល និង​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​គេ ត្រូវ​បាន​ជា​ចំណែក​របស់​យើង។ នៅ​ថ្ងៃ​យើង​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប យើង​បាន​ញែក​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទុក​សម្រាប់​យើង។ 18ហេតុ​នេះ យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ។ 19យើង​បាន​យក​ពួក​លេវី​ពី​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រគល់​ទៅ​ឲ្យ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​ការ‌ងារ​បម្រើ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ឲ្យ​ពួក​គេ​ធ្វើ​ពិធី​រំដោះ​បាប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ធ្វើ​ដូច្នេះ អ៊ីស្រា‌អែល​នឹង​មិន​ជួប​គ្រោះ​កាច​ណា​មួយ ព្រោះ​តែ​ចូល​មក​ជិត​ទីសក្ការៈ​ឡើយ»។
20លោក​ម៉ូសេ លោក​អើរ៉ុន និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​អនុវត្ត​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ស្ដី​អំពី​ពួក​លេវី។ 21ពួក​លេវី​នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ និង​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន។ លោក​អើរ៉ុន​បាន​ធ្វើ​ពិធី​ញែក​ពួក​គេ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ហើយ​ធ្វើ​ពិធី​លោះ​បាប​ពួក​គេ និង​ជម្រះ​ពួក​គេ​ឲ្យ​បរិសុទ្ធ។ 22បន្ទាប់​មក ពួក​លេវី​នាំ​គ្នា​មក​បំពេញ​មុខងារ​របស់​ខ្លួន​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក។ គេ​បាន​អនុវត្ត​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ស្ដី​អំពី​ពួក​លេវី។
23 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 24«ពួក​លេវី​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ត្រូវ​ចូល​ទៅ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទាំង​អស់​គ្នា។ 25ចាប់​ពី​អាយុ​ហា‌សិប​ឆ្នាំ​ទៅ គេ​នឹង​ចូល​និវត្តន៍ លែង​បម្រើ​យើង​ទៀត​ហើយ។ 26គេ​នឹង​ជួយ​បងប្អូន​របស់​ខ្លួន​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ មើល​ថែ​ទាំ​អ្វីៗ​ដែល​ជា​ភារ‌កិច្ច​របស់​ខ្លួន ប៉ុន្តែ គេ​លែង​មាន​បន្ទុក​បម្រើ​យើង​ទៀត​ហើយ។ អ្នក​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ពួក​លេវី​តាម​ភារ‌កិច្ច​របស់​ពួក​គេ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in