ទំនុកតម្កើង 18
18
ពាក្យអរព្រះគុណរបស់ស្ដេចដាវីឌនៅពេលមានជ័យជម្នះ
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង ទំនុករបស់ស្ដេចដាវីឌជាអ្នកបម្រើរបស់ព្រះអម្ចាស់ ជាពាក្យដែលស្ដេចច្រៀងថ្វាយព្រះអម្ចាស់ នៅថ្ងៃដែលព្រះអង្គបានរំដោះស្ដេច ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចពីកណ្ដាប់ដៃរបស់ស្ដេចសូល។
1ទ្រង់មានរាជឱង្ការថា៖
ឱព្រះអម្ចាស់អើយ
ទូលបង្គំស្រឡាញ់ព្រះអង្គ
ព្រោះព្រះអង្គជាកម្លាំងរបស់ទូលបង្គំ!
2 ព្រះអម្ចាស់ជាថ្មដាការពារទូលបង្គំ
ជាបន្ទាយដ៏រឹងមាំរបស់ទូលបង្គំ
ជាព្រះដែលជួយរំដោះទូលបង្គំ
ព្រះអង្គជាព្រះនៃទូលបង្គំ
ជាថ្មដាសម្រាប់ទូលបង្គំពឹងជ្រក ព្រះអង្គជាខែល
ជាកម្លាំងដែលសង្គ្រោះទូលបង្គំ
និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
3ពេលខ្ញុំស្រែករកព្រះអង្គ
ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ
សូមលើកតម្កើងព្រះអម្ចាស់!។
4សេចក្ដីស្លាប់រួបរឹតខ្ញុំ
រីឯសេចក្ដីវិនាសអន្តរាយ
ធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។
5សេចក្ដីស្លាប់នៅព័ទ្ធជុំវិញខ្ញុំ
ដូចជាសំណាញ់ដែលគេបោះមកលើខ្ញុំ។
6នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកព្រះអម្ចាស់
ខ្ញុំស្រែកហៅរកព្រះរបស់ខ្ញុំ
ពីក្នុងព្រះវិហាររបស់ព្រះអង្គ
ទ្រង់ព្រះសណ្ដាប់ឮសំឡេងខ្ញុំ
ហើយស្នូរសម្រែករបស់ខ្ញុំបានឮទៅដល់
ព្រះកាណ៌របស់ព្រះអង្គ។
7ពេលនោះ ផែនដីក៏កក្រើកញាប់ញ័រ
ភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះរបស់វា
ហើយកក្រើក
ដោយសារព្រះអង្គទ្រង់ព្រះពិរោធ។
8មានផ្សែងហុយចេញមកពីព្រះនាសារបស់ព្រះអង្គ
ព្រះអង្គផ្លុំភ្លើងដែលឆាបឆេះចេញមក
ហើយក៏មានរងើកភ្លើងខ្ទាតចេញមក
ពីព្រះឱស្ឋរបស់ព្រះអង្គដែរ។
9ព្រះអង្គបានផ្អៀងផ្ទៃមេឃ ទ្រង់យាងចុះមក
ដោយមានពពកយ៉ាងក្រាស់
នៅពីក្រោមព្រះបាទាផង។
10ព្រះអង្គយាងគង់លើចេរូប៊ីន* ហើយហោះមក
ព្រះអង្គគង់នៅលើវាយោ
ដូចគង់នៅលើស្លាបបក្សី។
11ព្រះអង្គយកភាពងងឹតធ្វើជាកន្លែងពួន
ហើយយកពពកខ្មៅក្រាស់ពេញទៅដោយទឹក
ធ្វើជាព្រះពន្លា។
12មានផ្លេកបន្ទោរចេញមកពីពពក
ភ្លឺនៅខាងមុខព្រះអង្គ
ហើយមានព្រឹល និងរងើកភ្លើងធ្លាក់ចុះមក។
13 ព្រះអម្ចាស់ធ្វើឲ្យមានស្នូរផ្គរលាន់នៅលើមេឃ
ព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀង ។
14ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គទៅលើខ្មាំងសត្រូវ
ដើម្បីកម្ចាត់កម្ចាយពួកគេ។
ព្រះអង្គបាញ់ផ្លេកបន្ទោរ
ធ្វើឲ្យពួកគេបាក់ទ័ព។
15ឱព្រះអម្ចាស់អើយ
ព្រះបន្ទូលគំរាមរបស់ព្រះអង្គ និងខ្យល់ព្យុះ
ដែលបក់ចេញមកពីព្រះនាសារបស់ព្រះអង្គ
បានធ្វើឲ្យបាតសមុទ្រលេចចេញមក
ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
16ព្រះអង្គបានលាតព្រះហស្ដពីស្ថានលើមករកខ្ញុំ
ព្រះអង្គស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ
17ព្រះអង្គបានរំដោះខ្ញុំឲ្យរួចផុតពី
ខ្មាំងសត្រូវដ៏ខ្លាំងពូកែ
ហើយឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំ
ព្រមទាំងអស់អ្នកដែលមានកម្លាំង
ខ្លាំងជាងខ្ញុំផង។
18នៅពេលខ្ញុំមានទុក្ខវេទនា
អ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំ
ក៏ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាបង្អែករបស់ខ្ញុំ។
19ព្រះអង្គបាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់
ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។
20 ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំ
ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ
ព្រះអង្គតបស្នងមកខ្ញុំវិញ
ស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ
21ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់
ហើយខ្ញុំមិនបានឃ្លាតចេញពីព្រះរបស់ខ្ញុំ
ដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។
22ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មាន
របស់ព្រះអង្គ ខ្ញុំមិនបានបំពានលើបញ្ញត្តិ
របស់ព្រះអង្គទេ។
23ព្រះអង្គជ្រាបថាខ្ញុំគ្មានសៅហ្មង
ហើយខ្ញុំបានប្រយ័ត្នខ្លួន
មិនឲ្យមានកំហុសឡើយ។
24 ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំ
ស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្ត
ព្រោះព្រះអង្គឈ្វេងយល់ថា
ខ្ញុំប្រព្រឹត្តអំពើបរិសុទ្ធ។
25 ព្រះអម្ចាស់អើយ
ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះអ្នក
ដែលមានចិត្តស្មោះត្រង់
ព្រះអង្គសម្តែងព្រះហឫទ័យស្មោះសរ
ចំពោះអ្នកដែលមានចិត្តស្មោះសរ។
26ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ
ព្រះអង្គក៏សម្តែងថា ព្រះអង្គបរិសុទ្ធដែរ
ចំពោះអ្នកដែលមានចិត្តវៀចវេរវិញ
ព្រះអង្គសម្តែងថាព្រះអង្គឈ្លាសវៃ
27ដ្បិតព្រះអង្គហើយដែលសង្គ្រោះមនុស្សទន់ទាប
និងបន្ទាបអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ។
28ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ
ព្រះអង្គជាពន្លឺរបស់ទូលបង្គំ
ហើយព្រះអង្គក៏បំភ្លឺសេចក្ដីងងឹត
របស់ទូលបង្គំដែរ។
29ព្រះអង្គប្រទានកម្លាំងឲ្យទូលបង្គំ
វាយលុកខ្មាំងសត្រូវ
និងឲ្យទូលបង្គំអាចលោតរំលងកំពែង
ក្រុងរបស់ពួកគេ។
30មាគ៌ារបស់ព្រះជាម្ចាស់សុទ្ធតែល្អឥតខ្ចោះ
ព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ពិតទាំងស្រុង
ព្រះអង្គជាខែលការពារអស់អ្នក
ដែលមកជ្រកកោនជាមួយព្រះអង្គ។
31មានតែព្រះអម្ចាស់មួយគត់
ដែលពិតជាព្រះជាម្ចាស់
មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះ
ដែលពិតជាថ្មដាសម្រាប់ឲ្យយើងជ្រកកោន។
32ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកម្លាំង
និងប្រទានឲ្យមាគ៌ារបស់ខ្ញុំបានល្អឥតខ្ចោះ។
33 ព្រះអង្គប្រោសប្រទានឲ្យខ្ញុំ
រត់លឿនដូចសត្វក្ដាន់
ហើយឲ្យខ្ញុំអាចឈរនៅទីខ្ពស់។
34ព្រះអង្គបង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹក
និងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។
35ឱព្រះអម្ចាស់អើយ
ព្រះអង្គការពារ និងសង្គ្រោះទូលបង្គំ
ព្រះអង្គគាំទ្រទូលបង្គំ
ដោយឫទ្ធិបារមីរបស់ព្រះអង្គ
ហើយព្រះអង្គលើកទូលបង្គំឡើង
ដោយព្រះហឫទ័យមេត្តា។
36ព្រះអង្គការពារទូលបង្គំ
មិនឲ្យខ្មាំងសត្រូវដេញទាន់
មិនឲ្យទូលបង្គំភ្លាត់ជើងដួលឡើយ។
37ទូលបង្គំដេញតាមពួកខ្មាំងសត្រូវ
និងចាប់ពួកគេបាន
ហើយទូលបង្គំមិនត្រឡប់មកវិញទេ
ដរាបទាល់តែបានកម្ទេចពួកគេអស់។
38ទូលបង្គំកាប់សម្លាប់ពួកគេ
មិនឲ្យពួកគេក្រោកឡើងវិញបានឡើយ
ពួកគេដួលស្លាប់នៅនឹងជើងរបស់ទូលបង្គំ។
39ព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំង
នឹងធ្វើសឹក និងមានជ័យជម្នះលើខ្មាំងសត្រូវ។
40ព្រះអង្គបានធ្វើឲ្យពួកគេបាក់ទ័ព
រត់នៅមុខទូលបង្គំ
ហើយទូលបង្គំបានធ្វើឲ្យអស់អ្នក
ដែលស្អប់ទូលបង្គំវិនាសសូន្យអស់ទៅ។
41គេនាំគ្នាស្រែករកជំនួយ
តែគ្មាននរណាជួយពួកគេសោះ
គេស្រែកហៅព្រះអម្ចាស់
តែព្រះអង្គមិនឆ្លើយតបនឹងពួកគេឡើយ។
42ទូលបង្គំបានកម្ទេចពួកគេឲ្យហ្មត់
ដូចធូលីដីដែលត្រូវខ្យល់ផាត់
ទូលបង្គំបានបោសពួកគេ
ដូចភក់ជ្រាំនៅតាមផ្លូវ។
43ព្រះអង្គបានរំដោះទូលបង្គំឲ្យរួច
ពីការបះបោររបស់ប្រជាជន
ហើយតែងតាំងទូលបង្គំ
ឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានា
ប្រជាជនមួយដែលទូលបង្គំមិនស្គាល់
បានមកចុះចូលនឹងទូលបង្គំ។
44ជនបរទេសនាំគ្នាស្ដាប់បង្គាប់ទូលបង្គំ
ហើយពេលទូលបង្គំនិយាយតែមួយម៉ាត់
គេក៏ធ្វើតាមភ្លាម។
45ជនបរទេសបាក់ទឹកចិត្ត
ហើយចេញពីទីជម្រករបស់គេមក
ទាំងភ័យញាប់ញ័រ។
46ជយោព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអង្គ
ដែលជាថ្មដារបស់ទូលបង្គំ!
សូមលើកតម្កើងព្រះជាម្ចាស់
ដែលបានសង្គ្រោះទូលបង្គំ!
47ដ្បិតព្រះអង្គបានឲ្យទូលបង្គំ
មានជ័យជម្នះលើខ្មាំងសត្រូវ
ព្រះអង្គបានបង្ក្រាបប្រជាជននានា
ឲ្យមកចុះចូលនឹងទូលបង្គំ
48ហើយព្រះអង្គបានប្រោសទូលបង្គំ
ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!។
ព្រះអង្គបានលើកទូលបង្គំឡើងខ្ពស់
ជាងបច្ចាមិត្តរបស់ទូលបង្គំ
និងរំដោះទូលបង្គំឲ្យរួចផុតពី
មនុស្សឃោរឃៅ។
49 ហេតុនេះហើយបានជាទូលបង្គំសរសើរ
តម្កើងព្រះអង្គក្នុងចំណោមប្រជាជាតិនានា
ឱព្រះអម្ចាស់អើយ!
ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះនាម
របស់ព្រះអង្គ។
50ព្រះអង្គបានធ្វើការអស្ចារ្យ
ដើម្បីសង្គ្រោះស្ដេចដែលព្រះអង្គបានតែងតាំង
ព្រះអង្គបានសម្តែងព្រះហឫទ័យស្មោះត្រង់
ចំពោះស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក
គឺចំពោះស្ដេចដាវីឌ
និងពូជពង្សរៀងរហូតតទៅ។
Currently Selected:
ទំនុកតម្កើង 18: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.