ទំនុកតម្កើង 42
42
ភាគទីពីរ
(ទំនុកតម្កើង ៤២-៧២)
ពាក្យអធិស្ឋានរបស់មនុស្សជាប់ជាឈ្លើយសឹក
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំណាព្យរបស់កូនចៅលោកកូរេ។
1ឱព្រះជាម្ចាស់អើយ
ទូលបង្គំប្រាថ្នាចង់នៅជាមួយ
ព្រះអង្គខ្លាំងណាស់
ដូចសត្វក្តាន់ប្រាថ្នារកទឹកហូរ។
2ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់
គឺព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ
តើដល់កាលណាទើបខ្ញុំអាចទៅជិត
ដើម្បីថ្វាយបង្គំព្រះអង្គបាន?
3ខ្ញុំសម្រក់ទឹកភ្នែកទាំងថ្ងៃទាំងយប់ ឥតមានល្ហែ។
គេចេះតែពោលមកខ្ញុំគ្រប់ពេលគ្រប់វេលាថា
«តើព្រះរបស់ឯងនៅឯណា?»។
4ខ្ញុំស្រណោះស្រណោកក្រៃលែង
នៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខ
ប្រជាជនមួយចំនួនធំ
ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ
ពួកគេមានអំណរសប្បាយ ស្រែកហ៊ោ
និងអរព្រះគុណព្រះអង្គ។
5ខ្ញុំនិយាយមកខ្លួនឯងថា:
«ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!»
ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គសង្គ្រោះខ្ញុំ។
6ព្រះនៃទូលបង្គំអើយ
ទូលបង្គំស្រយុតចិត្តជាខ្លាំង
ហេតុនេះហើយបានជាទូលបង្គំនឹកឃើញ
ព្រះអង្គពីកន្លែងដែលទូលបង្គំនៅនេះ
គឺភូមិភាគទន្លេយ័រដាន់
ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។
7ព្រះអង្គបានធ្វើឲ្យទុក្ខកង្វល់
ធ្លាក់មកលើទូលបង្គំ
ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ
លាន់ឮគគ្រឹកគគ្រេង។
8នៅពេលថ្ងៃ ព្រះអម្ចាស់សម្តែង
ព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ
នៅពេលយប់ ខ្ញុំច្រៀងបទតម្កើងព្រះអង្គ
បទចម្រៀងនេះជាពាក្យអធិស្ឋានចំពោះ
ព្រះជាម្ចាស់នៃជីវិតខ្ញុំ។
9ខ្ញុំទូលព្រះជាម្ចាស់ដែលជាថ្មដារបស់ខ្ញុំថា
ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ?
ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាក
ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?
10ខ្មាំងសត្រូវនាំគ្នាជេរប្រមាថទូលបង្គំ
ធ្វើឲ្យទូលបង្គំឈឺចុកចាប់សព្វសព៌ាង្គកាយ
គេចេះតែពោលមកទូលបង្គំគ្រប់ពេល
គ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។
11ខ្ញុំនិយាយមកខ្លួនឯងថា
«ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!»
ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គសង្គ្រោះខ្ញុំ ហើយព្រះអង្គជាព្រះនៃខ្ញុំ។
Currently Selected:
ទំនុកតម្កើង 42: គខប
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.