ទំនុកតម្កើង 72
72
សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះមហាក្សត្រ
ទំនុករបស់ស្ដេចសាឡូម៉ូន។
1ឱព្រះជាម្ចាស់អើយ
សូមប្រទានឲ្យព្រះរាជា
ចេះវិនិច្ឆ័យដូចព្រះអង្គ
ហើយសូមឲ្យព្រះរាជបុត្ររបស់ព្រះរាជា
បានប្រកបដោយសេចក្ដីសុចរិត ដូចព្រះអង្គដែរ!
2ដើម្បីឲ្យព្រះរាជាអាចគ្រប់គ្រង
ប្រជារាស្ត្ររបស់ព្រះអង្គ ដោយសុចរិត
ហើយគ្រប់គ្រងជនក្រីក្រដោយយុត្តិធម៌។
3សូមឲ្យភ្នំទាំងឡាយផ្ដល់នូវភោគផល
ដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រ
ព្រមទាំងនាំឲ្យពួកគេស្គាល់
សេចក្ដីសុចរិតដែរ។
4សូមព្រះរាជារកយុត្តិធម៌ឲ្យជនក្រីក្រ
ក្នុងចំណោមប្រជារាស្ត្រ
សូមទ្រង់ជួយសង្គ្រោះមនុស្សកម្សត់ទុគ៌ត
ហើយកម្ទេចអស់អ្នកដែលជិះជាន់សង្កត់សង្កិនគេ
5ដរាបណានៅមានព្រះអាទិត្យរះ
មានព្រះច័ន្ទបញ្ចេញរស្មី
សូមឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរ
អស់កល្បជាអង្វែងតរៀងទៅ។
6សូមទ្រង់ផ្ដល់ព្រះពរដល់ប្រជារាស្ត្រ
ដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការ
និងដូចជាភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។
7សូមឲ្យសេចក្ដីសុចរិតរីកចម្រើនឡើង
ក្នុងរជ្ជកាលរបស់ព្រះករុណា
ហើយដរាបណានៅមានព្រះច័ន្ទ
សូមឲ្យសេចក្ដីសុខសាន្តមានយ៉ាងបរិបូណ៌។
8 សូមឲ្យរាជ្យរបស់ព្រះករុណាលាតសន្ធឹង
ពីសមុទ្រមួយទៅសមុទ្រមួយ
និងលាតសន្ធឹងពីទន្លេអឺប្រាតនេះ
រហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។
9ប្រជាជនដែលរស់នៅតាមវាលរហោស្ថាន
នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះករុណា
ហើយខ្មាំងសត្រូវរបស់ព្រះករុណា
ត្រូវបរាជ័យ ងើបមុខមិនរួច ។
10ស្ដេចទាំងឡាយនៅស្រុកតើស៊ីស
និងនៅកោះនានា
នឹងយកតង្វាយមកថ្វាយព្រះករុណា
ស្ដេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា
ក៏នាំគ្នាយកសួយសារអាករមកថ្វាយដែរ។
11ស្ដេចទាំងប៉ុន្មាននឹងនាំគ្នា
ក្រាបថ្វាយបង្គំព្រះករុណា
ហើយប្រជាជាតិទាំងអស់
នឹងនាំគ្នាបម្រើព្រះករុណា។
12ព្រះករុណារំដោះជនក្រីក្រ
នៅពេលគេស្រែកអង្វរព្រះករុណា
ហើយព្រះករុណារំដោះជនទុគ៌ត
ដែលគ្មានទីពឹង។
13ព្រះករុណាអាណិតអាសូរមនុស្សទន់ខ្សោយ
និងមនុស្សកម្សត់ទុគ៌ត
ព្រះករុណាសង្គ្រោះជីវិតមនុស្សក្រីក្រ។
14ព្រះករុណារំដោះពួកគេឲ្យរួចផុត
ពីការសង្កត់សង្កិនរបស់មនុស្សឃោរឃៅ
ចំពោះព្រះករុណា
ជីវិតរបស់ពួកគេមានតម្លៃណាស់។
15សូមឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរ!
គេនឹងយកមាសពីស្រុកសាបាមកថ្វាយព្រះករុណា
គេនឹងទូលអង្វរព្រះជាម្ចាស់ឲ្យព្រះរាជា
ឥតឈប់ឈរ ហើយរៀងរាល់ថ្ងៃ
គេនឹងថ្វាយព្រះពរដល់ព្រះរាជា។
16នៅក្នុងស្រុក សូមឲ្យមានស្រូវយ៉ាងបរិបូណ៌
នៅតាមកំពូលភ្នំ សូមឲ្យមានភោគផលច្រើន
ដូចនៅស្រុកលីបង់ ហើយនៅក្នុងទីក្រុង
សូមឲ្យប្រជាជនកើនចំនួនឡើង
ដូចស្មៅនៅតាមទីវាល។
17សូមឲ្យព្រះរាជាមានព្រះនាម
ល្បីល្បាញរហូតតទៅ
គឺសូមឲ្យព្រះនាមព្រះករុណា
នៅស្ថិតស្ថេរគង់វង្សដូចព្រះអាទិត្យ។
សូមឲ្យមនុស្សម្នាយកព្រះនាមព្រះករុណា
ទៅជូនពរគ្នាទៅវិញទៅមក
ហើយប្រជាជាតិទាំងអស់នឹងពោលថា
ព្រះរាជាប្រកបដោយព្រះពរ!
18សូមលើកតម្កើងព្រះជាអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតមានតែព្រះអង្គទេ
ដែលសម្តែងការអស្ចារ្យទាំងនេះ!
19សូមលើកតម្កើងព្រះនាមដ៏រុងរឿង
របស់ព្រះអង្គរហូតតទៅ!
សូមឲ្យផែនដីទាំងមូលបានពោរពេញ
ទៅដោយសិរីរុងរឿងរបស់ព្រះអង្គ!
អាម៉ែន! អាម៉ែន!
20ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ
ជាបុត្ររបស់លោកអ៊ីសាយ ចប់តែត្រឹមណេះ។
Currently Selected:
ទំនុកតម្កើង 72: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.