YouVersion Logo
Search Icon

រ៉ូម 7

7
គ្រិស្ត‌បរិស័ទ​រួច​ផុត​ពី​អំណាច​របស់​ក្រឹត្យ‌វិន័យ
1បងប្អូន​អើយ ខ្ញុំ​សូម​និយាយ​ចំពោះ​បងប្អូន ដែល​ស្ទាត់​ជំនាញ​ខាង​ច្បាប់ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ច្បាប់​មាន​អំណាច​លើ​មនុស្ស តែ​ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​នៅ​ឡើយ។ 2ឧបមា​ថា ស្ត្រី​ម្នាក់​មាន​ប្ដី​តាម​ច្បាប់ នាង​នៅ​ជាប់​ជា​មួយ​ប្ដី តែ​ក្នុង​ពេល​ដែល​ប្ដី​មាន​ជីវិត​នៅ​ឡើយ​ប៉ុណ្ណោះ។ បើ​ប្ដី​ស្លាប់ នាង​នឹង​រួច​ផុត​ពី​ច្បាប់​ដែល​ចង​នាង​ឲ្យ​នៅ​ជាប់​នឹង​ប្ដី​នោះ​ហើយ។ 3ដូច្នេះ ពេល​ប្ដី​នៅ​រស់​នៅ​ឡើយ ប្រសិន​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​មាន​ឈ្មោះ​ថា​ជា​ស្ត្រី​ផិត​ក្បត់។ ផ្ទុយ​ទៅ​វិញ បើ​ប្ដី​នាង​ស្លាប់ នាង​មាន​សេរី‌ភាព​រួច​ផុត​ពី​ច្បាប់ ហើយ​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​ឥត​មាន​ឈ្មោះ​ថា​ជា​ស្ត្រី​ផិត​ក្បត់​ទេ។ 4រីឯ​បងប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ដោយ‌សារ​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ត បងប្អូន​បាន​ស្លាប់ រួច​ផុត​ពី​ក្រឹត្យ‌វិន័យ ហើយ​ទៅ​ជាប់​នឹង​ម្ចាស់​មួយ​ទៀត គឺ​ជាប់​នឹង​ព្រះ‌គ្រិស្ត​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ថ្វាយ​ព្រះ‌ជាម្ចាស់ 5ដ្បិត​កាល​យើង​រស់​នៅ​ខាង​និស្ស័យ​លោកីយ៍​នៅ​ឡើយ ដោយ​មាន​ក្រឹត្យ‌វិន័យ​ជំរុញ តណ្ហា​អាក្រក់​ផ្សេងៗ​បាន​សម្តែង​ឥទ្ធិ‌ពល​ក្នុង​សរី‌រាង្គ‌កាយ​របស់​យើង ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ដែល​បណ្ដាល​ឲ្យ​ស្លាប់ 6តែ​ឥឡូវ​នេះ ដោយ​យើង​បាន​ស្លាប់ រួច​ផុត​ពី​ក្រឹត្យ‌វិន័យ​ហើយ គឺ​រួច​ផុត​ពី​អ្វីៗ​ដែល​បាន​ឃុំ‌ឃាំង​យើង ដូច្នេះ យើង​បម្រើ​ព្រះ‌ជាម្ចាស់​តាម​របៀប​ថ្មី ដែល​មក​ពី​ព្រះ‌វិញ្ញាណ មិន​មែន​បម្រើ​តាម​របៀប​ចាស់ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​នោះ​ឡើយ។
ក្រឹត្យ‌វិន័យ​ពុំ​អាច​រំដោះ​មនុស្ស​ឲ្យ​រួច​ពី​បាប​ឡើយ
7 ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច? តើ​ក្រឹត្យ‌វិន័យ​ជា​បាប​ឬ? ទេ មិន​មែន​ទេ។ ប៉ុន្តែ ប្រសិន​បើ​គ្មានក្រឹត្យ‌វិន័យ​ទេ​នោះ ខ្ញុំ​ក៏​មិន​ដឹង​ថា បាប​ជា​អ្វី​ដែរ។ ប្រសិន​បើ​ក្រឹត្យ‌វិន័យ​មិន​ហាម​ថា «កុំ​លោភ‌លន់» នោះ​ខ្ញុំ​មុខ​ជា​ពុំ​ដឹង​ថា​ការ​លោភ‌លន់​នេះ​ជា​អ្វី​ផង។ 8បាប*​ក៏​ឆ្លៀត​ឱកាស​ដែល​បញ្ញត្តិ​ហាម​ឃាត់​ខ្ញុំ​នោះ បង្កើត​ឲ្យ​មាន​ការ​លោភ‌លន់​គ្រប់​យ៉ាង​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ ប្រសិន​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ បាប​ក៏​រលាយ​សូន្យ​ដែរ​ ។ 9ពី​ដើម ខ្ញុំ​រស់​នៅ​ដោយ​គ្មាន​ក្រឹត្យ‌វិន័យ។ លុះ​បញ្ញត្តិ​មក​ដល់ បាប​ក៏​កើត​មាន​ឡើង 10រីឯ​ខ្ញុំ ខ្ញុំ​ក៏​បាត់​បង់​ជីវិត។ ដូច្នេះ បញ្ញត្តិ​ដែល​ត្រូវ​នាំ​ឲ្យ​ខ្ញុំ​មាន​ជីវិត​នោះ បែរ​ជា​បណ្ដាល​ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​វិញ 11 ដ្បិត​បាប​បាន​ឆ្លៀត​ឱកាស​យក​បញ្ញត្តិ​មក​បោក​បញ្ឆោត​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ដោយ‌សារ​បញ្ញត្តិ​នេះ។
12ដូច្នេះ ក្រឹត្យ‌វិន័យ​ក៏​វិសុទ្ធ* រីឯ​បញ្ញត្តិ​ក៏​វិសុទ្ធ សុចរិត ហើយ​ល្អ​ដែរ។ 13តើ​អ្វីៗ​ដ៏​ល្អ​នេះ​បែរ​ជា​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​ឬ? ទេ មិន​មែន​ទេ! គឺ​បាប​វិញ​ទេ​តើ ដែល​នាំ​ឲ្យ​ខ្ញុំ​ស្លាប់។ បាប​បាន​ប្រើ​វិន័យ​ដែល​ល្អ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា បាប​ពិត​ជា​បាប​មែន ហើយ​តាម​រយៈ​បញ្ញត្តិ បាប​លេច​ចេញ​មក​រឹត​តែ​អាក្រក់​ហួស​ហេតុ​ទៅ​ទៀត។
មនុស្ស​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​បាប
14យើង​ដឹង​ស្រាប់​ហើយ​ថា ក្រឹត្យ‌វិន័យ​មក​ពី​ព្រះ‌វិញ្ញាណ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ជា​មនុស្ស​ដែល​មាន​និស្ស័យ​លោកីយ៍ លក់​ខ្លួន​ដាច់​ថ្លៃ​ឲ្យ​បាប 15 ដ្បិត​ខ្ញុំ​មិន​យល់​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទេ កិច្ចការ​ណា​ដែល​ខ្ញុំ​ចង់​ធ្វើ ខ្ញុំ​មិន​ធ្វើ រីឯ​កិច្ចការ​ណា​ដែល​ខ្ញុំ​ស្អប់ ខ្ញុំ​បែរ​ជា​ធ្វើ​ទៅ​វិញ។ 16ប្រសិន​បើ​ខ្ញុំ​ធ្វើ​កិច្ចការ​ណា​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ដូច្នេះ បាន​សេចក្ដី​ថា ខ្ញុំ​យល់​ស្រប​នឹង​វិន័យ ហើយ​ទទួល​ស្គាល់​ថា ក្រឹត្យ‌វិន័យ​ពិត​ជា​ល្អ​មែន។ 17ដូច្នេះ មិន​មែន​ខ្ញុំ​ទេ​ដែល​ប្រព្រឹត្ត​កិច្ចការ​នោះ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ​ដែល​ប្រព្រឹត្ត 18ដ្បិត​ខ្ញុំ​ដឹង​ថា អ្វីៗ​ដែល​ល្អ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ទេ ពោល​គឺ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ដែល​មាន​និស្ស័យ​លោកីយ៍​ទេ។ ខ្ញុំ​មាន​ឆន្ទៈ​នឹង​ធ្វើ​អំពើ​ល្អ តែ​ខ្ញុំ​គ្មាន​សមត្ថ‌ភាព​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។ 19ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​បែរ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ទៅ​វិញ។ 20ប្រសិន​បើ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ណា​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ បាន​សេចក្ដី​ថា មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​ប្រព្រឹត្ត​ដូច្នេះ គឺ​បាប​ស្ថិត​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ ដែល​ប្រព្រឹត្ត។ 21ដូច្នេះ ចំពោះ​ខ្ញុំ​ដែល​ចង់​ធ្វើ​អំពើ​ល្អ ខ្ញុំ​សង្កេត​ឃើញ​មាន​គោល‌ការណ៍​មួយ​នេះ​ថា ខ្ញុំ​មាន​សមត្ថ‌ភាព​ធ្វើ​បាន​តែ​អំពើ​អាក្រក់​ប៉ុណ្ណោះ។ 22ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជា‌ម្ចាស់​ណាស់ 23ក៏​ប៉ុន្តែ ខ្ញុំ​ឃើញ​ថា នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ មាន​គោល‌ការណ៍​មួយ​ទៀត ដែល​តយុទ្ធ​នឹង​មន‌សិការ​ របស់​ខ្ញុំ ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​ជា​ឈ្លើយ ធ្វើ​តាម​បញ្ជា​របស់​បាប​ ដែល​ស្ថិត​នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ​ថែម​ទៀត​ផង។ 24ខ្ញុំ​វេទនា​ណាស់! តើ​នរណា​នឹង​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ​បាន? 25សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត​ជា‌អម្ចាស់​នៃ​យើង។
ដូច្នេះ ដោយ‌សារ​គំនិត​ប្រាជ្ញា​របស់​ខ្ញុំ ខ្ញុំ​ធ្វើ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់ តែ​ដោយ‌សារ​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​និស្ស័យ​លោកីយ៍ ខ្ញុំ​បែរ​ជា​ធ្វើ​តាម​បញ្ជា​របស់​បាប​ ​វិញ។

Currently Selected:

រ៉ូម 7: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for រ៉ូម 7