រ៉ូម 9
9
ព្រះជាម្ចាស់បានជ្រើសរើសសាសន៍អ៊ីស្រាអែល
1ខ្ញុំសូមនិយាយសេចក្ដីពិត ដោយរួមជាមួយព្រះគ្រិស្ត ខ្ញុំមិនកុហកទេ គឺខ្ញុំនិយាយដោយមានមនសិការរបស់ខ្ញុំផ្ទាល់ ជាសាក្សី និងដោយមានព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺថា 2ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចុកចាប់ក្នុងចិត្តជានិច្ចផង 3ដ្បិតខ្ញុំបន់ឲ្យតែខ្លួនខ្ញុំត្រូវបណ្ដាសា បែកចេញពីព្រះគ្រិស្ត ព្រោះតែបងប្អូន និងញាតិសន្ដាន ដែលជាសាច់សាលោហិតរបស់ខ្ញុំផ្ទាល់ 4 គឺសាសន៍អ៊ីស្រាអែល។ ព្រះជាម្ចាស់បានរាប់ពួកគេទុកជាបុត្ររបស់ព្រះអង្គ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រី*នានា មានគម្ពីរវិន័យ* ស្គាល់របៀបគោរពបម្រើព្រះអង្គ ទទួលព្រះបន្ទូលសន្យាផ្សេងៗ 5មានបុព្វបុរស ហើយព្រះគ្រិស្តក៏កើតមកជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង ព្រះអង្គជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច អាម៉ែន!
6ប៉ុន្តែ មិនមែនមានន័យថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បែរទៅជាអសារឥតការនោះទេ ព្រោះអស់អ្នកដែលកើតមកពីពូជពង្សលោកអ៊ីស្រាអែល មិនមែនសុទ្ធតែជាសាសន៍អ៊ីស្រាអែលពិតប្រាកដឡើយ 7 ហើយអស់អ្នកដែលកើតពីពូជពង្សរបស់លោកអប្រាហាំ ក៏មិនមែនសុទ្ធតែជាកូនចៅរបស់លោកអប្រាហាំទាំងអស់គ្នាដែរ ដូចមានថ្លែងទុកមកថា «មានតែកូនចៅអ៊ីសាកប៉ុណ្ណោះ ដែលមានឈ្មោះថាជាពូជពង្សរបស់អ្នក» 8ពោលគឺមិនមែនកូនចៅដែលកើតមកតាមសាច់ឈាមធម្មតានោះទេ ដែលត្រូវរាប់ជាបុត្ររបស់ព្រះជាម្ចាស់ មានតែកូនចៅដែលកើតមកតាមព្រះបន្ទូលសន្យាប៉ុណ្ណោះ ទើបរាប់ជាពូជពង្សបាន 9 ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា «ឆ្នាំក្រោយ យើងនឹងមកក្នុងពេលដដែលនេះ ហើយនាងសារ៉ានឹងមានកូនប្រុសមួយ»។
10មិនតែប៉ុណ្ណោះសោត នាងរេបិកាក៏មានផ្ទៃពោះនឹងបុរសតែមួយ គឺលោកអ៊ីសាកជាបុព្វបុរសរបស់យើង។ 11 ព្រះជាម្ចាស់មានគម្រោងការជ្រើសរើសមនុស្ស ដោយមិនគិតពីអំពើដែលគេប្រព្រឹត្តនោះទេ គឺជ្រើសរើសតាមព្រះហឫទ័យរបស់ព្រះអង្គដែលត្រាស់ហៅ។ ដើម្បីឲ្យបានស្របតាមគម្រោងការនេះ នៅពេលកូនភ្លោះនៅក្នុងផ្ទៃ ពុំទាន់បានប្រព្រឹត្តអំពើល្អ ឬអាក្រក់នៅឡើយផងនោះ 12ព្រះអង្គក៏មានព្រះបន្ទូលទៅនាងរេបិកាថា «កូនច្បងនឹងបម្រើកូនប្អូន» 13 ដូចមានចែងទុកមកថា «យើងស្រឡាញ់យ៉ាកុបជាងអេសាវ» ។
14ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? តើព្រះជាម្ចាស់អយុត្ដិធម៌ឬ? ទេ មិនមែនទេ! 15 ដ្បិតព្រះអង្គមានព្រះបន្ទូលទៅកាន់លោកម៉ូសេថា: «យើងនឹងមានចិត្តមេត្តាករុណាដល់នរណា ដែលយើងមេត្តាករុណា ហើយយើងក៏នឹងអាណិតអាសូរនរណា ដែលយើងអាណិតអាសូរដែរ»។ 16ដូច្នេះ មិនមែនស្រេចតាមតែបំណងចិត្ត ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចតាមតែព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណានោះវិញ 17ដ្បិតក្នុងគម្ពីរ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ស្ដេចផារ៉ោនថា «យើងបានតាំងអ្នកជាស្ដេច ដើម្បីបង្ហាញឫទ្ធានុភាពរបស់យើងតាមរយៈអ្នក និងឲ្យកិត្តិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល» ។ 18ដូច្នេះ ព្រះអង្គមេត្តាករុណាដល់នរណាក៏បាន ស្រេចតែនឹងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យចិត្តនរណាទៅជារឹងរូសក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គដែរ។
ព្រះពិរោធ និងព្រះហឫទ័យអាណិតអាសូរ
19អ្នកប្រហែលជាសួរខ្ញុំថា «បើដូច្នេះ ម្ដេចក៏ព្រះជាម្ចាស់នៅតែបន្ទោសមនុស្សទៀត? តើមាននរណាអាចប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះអង្គ?»។ 20 ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងព្រះជាម្ចាស់បែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ? ។ 21ជាងស្មូនយកដីទៅសូនធ្វើអ្វីក៏បាន គឺដីឥដ្ឋដដែល គាត់អាចយកទៅសូនធ្វើជារបស់ថ្លៃថ្នូរផង ហើយសូនធ្វើជារបស់ធម្មតាផង។
22រីឯព្រះជាម្ចាស់វិញ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញព្រះពិរោធ និងសម្តែងឫទ្ធានុភាពរបស់ព្រះអង្គ។ ដូច្នេះ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់យ៉ាងខ្លាំង ព្រះអង្គស៊ូទ្រាំនឹងអស់អ្នកដែលត្រូវរងព្រះពិរោធ ហើយត្រូវវិនាសអន្តរាយ។ 23ព្រះអង្គក៏ចង់បង្ហាញសិរីរុងរឿងដ៏ប្រសើរលើសលុបរបស់ព្រះអង្គ ចំពោះអស់អ្នកដែលព្រះអង្គមេត្តាករុណាដែរ ជាអ្នកដែលព្រះអង្គបានតម្រូវទុកជាមុនឲ្យទទួលសិរីរុងរឿង 24ពោលគឺយើងទាំងអស់គ្នាដែលព្រះអង្គបានត្រាស់ហៅ មិនត្រឹមតែពីក្នុងចំណោមសាសន៍យូដាប៉ុណ្ណោះទេ គឺពីក្នុងចំណោមជាតិសាសន៍ដទៃថែមទៀតផង 25 ដូចមានថ្លែងទុកក្នុងគម្ពីរព្យាការី*ហូសេថា:
«អ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើង
យើងនឹងហៅគេថាជាប្រជារាស្ត្ររបស់យើង
រីឯជាតិសាសន៍ដែលយើងមិនបានស្រឡាញ់
យើងនឹងហៅគេថាជាជាតិសាសន៍
ដ៏ជាទីស្រឡាញ់របស់យើង
26 ហើយត្រង់ណាដែលមានពោលទៅ
អ្នកទាំងនោះថា “អ្នករាល់គ្នាមិនមែនជា
ប្រជារាស្ដ្ររបស់យើងទេ!”
ត្រង់នោះ គេនឹងមានឈ្មោះថាជាបុត្រ
របស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់» ។
27 រីឯព្យាការីអេសាយវិញ លោកបានប្រកាសអំពីសាសន៍អ៊ីស្រាអែលថា:
ទោះបីសាសន៍អ៊ីស្រាអែលបានកើនចំនួនច្រើន
ដូចខ្សាច់នៅឆ្នេរសមុទ្រហើយក៏ដោយ
មានតែមួយចំនួនតូច សល់ពីស្លាប់ប៉ុណ្ណោះ
ដែលនឹងទទួលការសង្គ្រោះ
28 ដ្បិតព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូល
របស់ព្រះអង្គគ្រប់ប្រការទាំងអស់
យ៉ាងឆាប់ៗនៅផែនដីនេះ។
29 មួយវិញទៀត ព្យាការីអេសាយក៏បានថ្លែងទុកជាមុនមកថា:
ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូល
មិនបានទុកកូនចៅយើងមួយចំនួន
ឲ្យនៅសល់ទេ
នោះយើងនឹងវិនាសទៅដូចជាអ្នកក្រុងសូដុម
ហើយយើងក៏ប្រៀបបីដូចជាអ្នកក្រុង
កូម៉ូរ៉ាដែរ ។
អ៊ីស្រាអែល និងដំណឹងល្អ
30ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? សាសន៍ដទៃដែលពុំបានស្វះស្វែងរកសេចក្ដីសុចរិត បែរជាបានទទួលសេចក្ដីសុចរិតទៅវិញ គឺសេចក្ដីសុចរិតមកពីជំនឿ។ 31រីឯសាសន៍អ៊ីស្រាអែល គេខំប្រឹងធ្វើតាមក្រឹត្យវិន័យ*ដែលផ្ដល់សេចក្ដីសុចរិត តែពួកគេពុំបានសុចរិតតាមក្រឹត្យវិន័យនោះឡើយ។ 32ហេតុអ្វីបានជាដូច្នេះ? គឺមកពីពួកគេពឹងលើការប្រព្រឹត្តតាមវិន័យ មិនពឹងលើជំនឿទេ។ ពួកគេជំពប់ដួលនឹង «ថ្មដែលនាំឲ្យគេជំពប់» 33 ដូចមានចែងទុកមកថា:
យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន
ជាថ្មដែលនាំឲ្យគេជំពប់ដួល
ជាសិលាដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ
អ្នកណាជឿលើថ្មនេះ
អ្នកនោះមុខជាមិនខកចិត្តឡើយ ។
Currently Selected:
រ៉ូម 9: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.