YouVersion Logo
Search Icon

បទចម្រៀង 2

2
1រូប​អូន​ប្រៀប​បាន​នឹង​បុប្ផា​នៅ​វាល​សារ៉ូន
និង​ដូច​ផ្កា​ក្រវាន់​ដុះ​នៅ​តាម​ជ្រលង​ភ្នំ។
2ក្នុង​ចំណោម​ស្រីៗ​ទាំង‌ឡាយ
អូន​ប្រៀប​បាន​នឹង​ផ្កា​ក្រវាន់​នៅ​ក្នុង​បន្លា។
3ម្ចាស់​ជីវិត​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង
ចំណោម​យុវជន​ទាំង‌ឡាយ
ដូច​ដើម​ចន្ទន៍​ដុះ​ក្នុង​ចំណោម​ដើម​ឈើ​ព្រៃ។
អូន​ពេញ​ចិត្ត​អង្គុយ​នៅ​ក្រោម​ម្លប់​របស់​បង
ហើយ​ផ្លែ​ចន្ទន៍​នេះ​មាន​រស‌ជាតិ​ផ្អែម​ឆ្ងាញ់។
4ម្ចាស់​ជីវិត​របស់​ខ្ញុំ​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង
ដំណាក់​ស្រា​ទំពាំង‌បាយជូរ
នៅ​ពី​លើ​ខ្ញុំ​មាន​សរសេរ​ថា «សេចក្ដី​ស្នេហា»។
5សូម​ចម្អែត​ខ្ញុំ ដោយ​នំ​ទំពាំង‌បាយជូរ
សូម​យក​ផ្លែ​ចន្ទន៍​មក​ឲ្យ​ខ្ញុំ​ទទួល​ទាន
ដើម្បី​មាន​កម្លាំង​ឡើង​វិញ
ដ្បិត​ខ្ញុំ​មាន​ជំងឺ​ស្នេហា។
6ដៃ​ឆ្វេង​របស់​បង​ដាក់​ឲ្យ​ខ្ញុំ​កើយ
ហើយ​ដៃ​ស្ដាំ​របស់​បង​ឱប​រឹត​ខ្ញុំ។
7ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ
ខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្ដាន់
និង​សត្វ​ប្រើស​ធ្វើ​ជា​សាក្សី​ថា
មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប
កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។
8ខ្ញុំ​ឮ​សំនៀង​ម្ចាស់​ជីវិត​របស់​ខ្ញុំ
គាត់​កំពុង​តែ​មក
ទាំង​លោត​ផ្លោះ​នៅ​លើ​ភ្នំ​តូច​ធំ។
9ម្ចាស់​ជីវិត​របស់​ខ្ញុំ​រត់​លឿន​ដូច​ក្ដាន់ ឬ​ប្រើស​ស្ទាវ
មើល៍ គាត់​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ
គាត់​អើត​តាម​បង្អួច
ហើយ​ពិនិត្យ​មើល​តាម​ចម្រឹង។
10ម្ចាស់​ជីវិត​របស់​ខ្ញុំ​បន្លឺ​សំឡេង​មក​ខ្ញុំ​ថា:
អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង
ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!
11ដ្បិត​រដូវ​រងា​បាន​កន្លង​ផុត​ទៅ​ហើយ
រីឯ​ភ្លៀង​ក៏​ឈប់​បង្អុរ​មក​ទៀត​ដែរ។
12បុប្ផា​ទាំង‌ឡាយ​រីក​ស្គុស‌ស្គាយ​ពាស‌ពេញ​ស្រុក
ហើយ​ជា​ពេល​ដែល​បក្សា‌បក្សី​យំ​ខ្ញៀវ‌ខ្ញារ
លលក​បូល​លាន់​ឮ​ពេញ​ក្នុង​ស្រុក​យើង។
13ឧទុម្ពរ​ចាប់​ផ្ដើម​ផ្លែ
ដើម​ទំពាំង‌បាយជូរ​មាន​ផ្កា សាយ​ក្លិន​ក្រអូប
អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង
ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!
14ព្រលឹង​មាស​បង ប្រៀប​ដូច​ជា​ព្រាប​លាក់​ខ្លួន
នៅ​តាម​ក្រហែង​ថ្ម
សូម​បង្ហាញ​មុខ​ឲ្យ​បង​ឃើញ​ផង
សូម​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង
ដ្បិត​សំឡេង​របស់​អូន​ពីរោះ
ហើយ​មុខ​របស់​អូន​ស្អាត​ណាស់។
15ចូរ​នាំ​គ្នា​ចាប់​កញ្ជ្រោង​នោះ​មក​ឲ្យ​យើង
កូន​កញ្ជ្រោង​ទាំង​នោះ​បំផ្លាញ
ទំពាំង‌បាយជូរ​របស់​យើង
ដែល​កំពុង​តែ​ចេញ​ផ្កា។
16ម្ចាស់​ចិត្ត​របស់​ខ្ញុំ ជា​គូ​ស្នេហ៍​របស់​ខ្ញុំ
ហើយ​ខ្ញុំ​ក៏​ជា​គូ​ស្នេហ៍​របស់​គាត់​ដែរ
គាត់​ឃ្វាល​ហ្វូង​សត្វ នៅ​តាម​ដើម​ក្រវាន់។
17ម្ចាស់​ជីវិត​អូន​អើយ សូម​វិល​ទៅ​វិញ
ឲ្យ​បាន​មុន​ជំនោរ​ពេល​ល្ងាច
ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។
សូម​វិល​ទៅ​វិញ​ឲ្យ​បាន​លឿន​ដូច​ក្ដាន់
និង​ប្រើស​ស្ទាវ នៅ​លើ​ភ្នំ​ដែល​បែក​គ្នា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for បទចម្រៀង 2