YouVersion Logo
Search Icon

បទចម្រៀង 6

6
1ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ
តើ​ម្ចាស់​ចិត្ត​របស់​នាង​ទៅ​ទី​ណា?
តើ​គាត់​តម្រង់​ទៅ​ទិស​ណា?
យើង​ស្វែង​រក​គាត់​ជា​មួយ​នាង​ដែរ។
2ម្ចាស់​ចិត្ត​របស់​ខ្ញុំ​បាន​ចុះ​ទៅ​ក្នុង
សួន​ឧទ្យាន​របស់​គាត់​ឆ្ពោះ​ទៅ​ថ្នាល
ដែល​មាន​ពេញ​ដោយ​ផ្កា​សាយ​គន្ធ‌ពិដោរ។
គាត់​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​គាត់
ព្រម​ទាំង​បេះ​ផ្កា​ក្រវាន់​ផង។
3ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ជា​គូ​ស្នេហ៍​របស់​ខ្ញុំ
ហើយ​ខ្ញុំ​ក៏​ជា​គូ​ស្នេហ៍​របស់​គាត់​ដែរ
គាត់​ឃ្វាល​ហ្វូង​សត្វ​នៅ​តាម​ដើម​ក្រវាន់។
4ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់
គឺ​ស្អាត​ដូច​ក្រុង​ធើសា
ស្រស់​ដូច​ក្រុង​យេរូ‌សាឡឹម ហើយ​អូន​ដូច​ហ្វូង‌តារា​គួរ​ឲ្យ​ស្ញប់‌ស្ញែង។
5ចូរ​កុំ​សម្លឹង​មើល​មក​បង​ដូច្នេះ
ដ្បិត​កែវ​ភ្នែក​របស់​អូន​ធ្វើ​ឲ្យ​បង​ភាំង​ស្មារតី
សក់​របស់​អូន​មាន​ពណ៌​ខ្មៅ​ដូច​ហ្វូង​ពពែ
ចុះ​ពី​ភ្នំ​នៅ​ស្រុក​កាឡាត។
6ធ្មេញ​របស់​អូន​មាន​ពណ៌​ស
ដូច​ហ្វូង​ចៀម​ដែល​ឡើង​ពី​អណ្ដូង​ទឹក​មក​វិញ។
វា​សុទ្ធ​តែ​មាន​គូ​របស់​វា
ហើយ​គ្មាន​ណា​មួយ​នៅ​ឯកោ​ឡើយ។
7នៅ​ពី​ក្រោយ​ស្បៃ
ថ្ពាល់​របស់​អូន​ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។
8ស្ដេច​មាន​មហេសី​ហុក‌សិប​នាក់
មាន​ស្រី​ស្នំ​ប៉ែត‌សិប​នាក់
ព្រម​ទាំង​យុវ‌នារី​ឯ​ទៀតៗ​ច្រើន​ឥត​គណនា
9ក៏​ប៉ុន្តែ ចំពោះ​បង​វិញ
មាន​តែ​អូន​មួយ​ប៉ុណ្ណោះ​ដែល​ជា​គូ​កំណាន់​ចិត្ត
អូន​ល្អ​ឥត​ខ្ចោះ
អូន​ជា​កូន​តែ​មួយ​គត់​របស់​ម្ដាយ
ជា​កូន​សម្លាញ់​ចិត្ត​របស់​ម្ដាយ។
ពួក​យុវ‌នារី​ឃើញ​នាង
ក៏​ពោល​ថា នាង​ជា​ស្ត្រី​ប្រកប​ដោយ​សុភមង្គល
ពួក​មហេសី និង​ពួក​ស្រី​ស្នំ
ក៏​កោត​សរសើរ​នាង​ដែរ។
10តើ​ស្ត្រី​ដែល​មាន​សម្ផស្ស ដូច​ពេល​អរុណ‌រះ
មាន​រូប​ឆោម​ល្អ​ដូច​ព្រះ‌ច័ន្ទ
មាន​ពន្លឺ​រស្មី​ដូច​ព្រះ‌អាទិត្យ
ហើយ​ដូច​ហ្វូង‌តារា​គួរ​ឲ្យ​ស្ញប់‌ស្ញែង​នេះ
ជា​នរណា?
11ខ្ញុំ​បាន​ចុះ​ទៅ​ចម្ការ​ដែល​មាន​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ
ដើម្បី​មើល​កូន​ឈើ​ដែល​ទើប​នឹង​ដុះ
មើល​ទំពាំង‌បាយជូរ​ដែល​ទើប​នឹង​ពន្លក
មើល​ដើម​ទទឹម ក្រែង​លោ​មាន​ផ្កា។
12ខ្ញុំ​ភាន់‌ភាំង​ស្មារតី
ទោះ​បី​ខ្ញុំ​ជា​អ្នក​ត្រកូល​ខ្ពស់​ក្ដី
ក៏​ខ្ញុំ​លែង​យល់​អ្វី​ទាំង​អស់។
13ស្ត្រី​សាសន៍​ស៊ូឡាម​អើយ
ចូរ​នាង​រាំ ចូរ​នាង​រាំ
ដើម្បី​ឲ្យ​យើង​គយ‌គន់​មើល​នាង​ផង។
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​គយ‌គន់​មើល
ស្ត្រី​សាសន៍​ស៊ូឡាម​នេះ
តើ​ចង់​ឲ្យ​នាង​ចូល​រួម​ក្នុង​ក្រុម​របាំ
ទាំង​ពីរ​ពួក​ឬ?

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in