លូកា 23

23
ព្រះ‌យេស៊ូ​នៅ​មុខ​លោក​ពីឡាត
(មថ.២៧.១-២, ១១-១៤ មក.១៥.១-៥ យហ.១៨.២៨-៣៨)
1ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ក្រោក​ឡើង​ទាំង​អស់​គ្នា ហើយ​បញ្ជូន​ព្រះ‌យេស៊ូ​ទៅ​លោក​ពីឡាត។ 2គេ​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ឃើញ​អ្នក​នេះ​កំពុង​តែ​បំបះ‌បំបោរ​ប្រជា‌រាស្ដ្រ​យើង គឺ​ហាម​គេ​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​ព្រះចៅ​អធិរាជ ហើយ​គាត់​អះ‌អាង​ខ្លួន​ថា ជា​ព្រះ‌គ្រិស្ត* គឺ​ជា​ស្ដេច»។ 3លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។ 4លោក​ពីឡាត​ក៏​ពោល​ទៅ​កាន់​ពួក​នាយក​បូជា‌ចារ្យ* និង​បណ្ដា‌ជន​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​ឡើយ!»។ 5ប៉ុន្តែ គេ​រឹត​តែ​ចោទ​ប្រកាន់​ខ្លាំង​ឡើងៗ​ថា៖ «អ្នក​នេះ​បាន​បំបះ‌បំបោរ​ប្រជា‌ជន ដោយ​បង្រៀន​គេ​ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេ​រហូត​មក​ដល់​ទី​នេះ»។
ព្រះ‌យេស៊ូ​នៅ​មុខ​ស្ដេច​ហេរ៉ូដ
6លោក​ពីឡាត​ឮ​ដូច្នោះ​ក៏​សួរ​ថា៖ «តើ​អ្នក​នេះ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ឬ?»។ 7កាល​លោក​ពីឡាត​ដឹង​ថា ព្រះ‌យេស៊ូ​ជា​អ្នក​ស្រុក​នៅ​ក្រោម​អំណាច​របស់​ព្រះ‌បាទ​ហេរ៉ូដ លោក​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ព្រះ‌បាទ​ហេរ៉ូដ ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ពេល​នោះ​ដែរ។ 8ពេល​ឃើញ​ព្រះ‌យេស៊ូ ព្រះ‌បាទ​ហេរ៉ូដ​សប្បាយ​ព្រះ‌ហឫទ័យ​ក្រៃ‌លែង ដ្បិត​ស្ដេច​ចង់​ជួប​ព្រះ‌យេស៊ូ​តាំង​ពី​យូរ‌យារ​មក​ហើយ ព្រោះ​ស្ដេច​តែង​ឮ​គេ​និយាយ​អំពី​ព្រះអង្គ ហើយ​សង្ឃឹម​ថា​នឹង​បាន​ឃើញ​ព្រះ‌យេស៊ូ​ធ្វើ​ការ​អស្ចារ្យ​អ្វី​មួយ។ 9ស្ដេច​ទូល​សួរ​សំណួរ​ជា​ច្រើន តែ​ព្រះ‌យេស៊ូ​ពុំ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​ទាល់​តែ​សោះ។ 10ពួក​មហា​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ក៏​នៅ​ទី​នោះ​ដែរ គេ​បាន​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ​យ៉ាង​ខ្លាំង​បំផុត។ 11ព្រះ‌បាទ​ហេរ៉ូដ និង​ពួក​ទាហាន​ចំអក​ឲ្យ​ព្រះ‌យេស៊ូ ព្រម​ទាំង​ជេរ​ប្រមាថ​មើល‌ងាយ​ព្រះអង្គ​ផង។ គេ​យក​អាវ​ដ៏​ល្អ​វិសេស​មក​ពាក់​ឲ្យ​ព្រះអង្គ រួច​បញ្ជូន​ទៅ​លោក​ពីឡាត​វិញ។ 12កាល​ពី​មុន ព្រះ‌បាទ​ហេរ៉ូដ និង​លោក​ពីឡាត ជា​សត្រូវ​នឹង​គ្នា។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នោះ​មក លោក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា​វិញ។
លោក​ពីឡាត​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌យេស៊ូ
(មថ.២៧.១៥-២៦ មក.១៥.៦-១៥ យហ.១៨.៣៩-១៩.១៦)
13លោក​ពីឡាត​បាន​កោះ​ហៅ​ពួក​នាយក​បូជា‌ចារ្យ* ពួក​មន្ត្រី និង​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា។ 14លោក​មាន​ប្រសាសន៍​ថា៖ «អស់​លោក​បាន​នាំ​បុរស​នេះ​មក​ឲ្យ​ខ្ញុំ​កាត់​ទោស ដោយ​ចោទ​ប្រកាន់​ថា​គាត់​បំបះ‌បំបោរ​ប្រជា‌រាស្ត្រ។ ខ្ញុំ​បាន​សួរ​ចម្លើយ​គាត់​នៅ​មុខ​អស់​លោក តែ​មិន​ឃើញ​មាន​ទោស​អ្វី​ដូច​អស់​លោក​ចោទ​ប្រកាន់​សោះ។ 15សូម្បី​តែ​ស្ដេច​ហេរ៉ូដ​ក៏​មិន​ឃើញ​គាត់​មាន​ទោស​អ្វី​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​ស្ដេច​បញ្ជូន​គាត់​មក​វិញ។ បុរស​នេះ​មិន​បាន​ប្រព្រឹត្ត​អ្វី គួរ​ឲ្យ​ប្រហារ​ជីវិត​ឡើយ។ 16ខ្ញុំ​គ្រាន់​តែ​ឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។ [17ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ពីឡាត​ត្រូវ​លែង​អ្នក​ទោស​ម្នាក់]។ 18គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា៖ «សូម​សម្លាប់​អ្នក​នេះ​ទៅ! លែង​បារ៉ា‌បាស​ឲ្យ​យើង​ខ្ញុំ​វិញ!»។ 19ឈ្មោះ​បារ៉ា‌បាស​នេះ​ជាប់​ឃុំ‌ឃាំង ព្រោះ​គាត់​បាន​បង្ក​ចលាចល​ក្នុង​ទីក្រុង ព្រម​ទាំង​បាន​សម្លាប់​មនុស្ស​ផង។ 20លោក​ពីឡាត​ចង់​ដោះ​លែង​ព្រះ‌យេស៊ូ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត។ 21ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។ 22លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ជា​លើក​ទី​បី​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​គាត់​មាន​ទោស​អ្វី គួរ​ឲ្យ​ប្រហារ​ជីវិត​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។ 23ប៉ុន្តែ គេ​ចេះ​តែ​ស្រែក​ខ្លាំង​ឡើងៗ ទាម‌ទារ​ឲ្យ​ឆ្កាង​ព្រះ‌យេស៊ូ សម្រែក​របស់​គេ​មាន​ប្រៀប​ជាង។ 24លោក​ពីឡាត​ក៏​យល់​ព្រម​តាម​ពាក្យ​ទាម‌ទារ​របស់​ពួក​គេ 25លោក​ដោះ​លែង​បារ៉ា‌បាស ជា​អ្នក​ជាប់​ឃុំ‌ឃាំង​មក​ពី​បាន​បង្ក​ចលាចល និង​បាន​សម្លាប់​មនុស្ស។ រីឯ​ព្រះ‌យេស៊ូ​វិញ លោក​ប្រគល់​ឲ្យ​គេ​យក​ទៅ​ធ្វើ​តាម​អំពើ​ចិត្ត។
គេ​ឆ្កាង​ព្រះ‌យេស៊ូ
(មថ.២៧.៣២-៤៤ មក.១៥.២១-៣២ យហ.១៩.១៧-២៧)
26នៅ​ពេល​បណ្ដើរ​ព្រះ‌យេស៊ូ​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន ដែល​ត្រឡប់​មក​ពី​ចម្ការ។ គេ​ចាប់​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង ដើរ​តាម​ក្រោយ​ព្រះ‌យេស៊ូ។ 27ប្រជា‌ជន​ច្រើន​កុះ‌ករ​ដើរ​តាម​ព្រះអង្គ​ទៅ ព្រម​ទាំង​មាន​ពួក​ស្ត្រី​គក់​ទ្រូង យំ​សោក​អាណិត​ព្រះអង្គ​ផង។ 28ព្រះ‌យេស៊ូ​ងាក​មក​មាន​ព្រះ‌បន្ទូល​នឹង​ស្ត្រី​ទាំង​នោះ​ថា៖ «ស្ត្រី​ក្រុង​យេរូ‌សាឡឹម​អើយ! កុំ​យំ​សោក​អាណិត​ខ្ញុំ​ធ្វើ​អ្វី ចូរ​យំ​សោក​អាណិត​ខ្លួន​នាង និង​កូន​នាង​វិញ 29ដ្បិត​នៅ​ថ្ងៃ​ក្រោយ​នឹង​មាន​គេ​ពោល​ថា “ស្ត្រី​ណា​ឥត​កូន ស្ត្រី​ណា​មិន​បង្កើត​កូន និង​ស្ត្រី​ណា​មិន​ដែល​បំបៅ​កូន ស្ត្រី​នោះ​ពិត​ជា​មាន​សុភមង្គល​មែន”។ 30 នៅ​ពេល​នោះ គេ​នឹង​និយាយ​ទៅ​ភ្នំ​ថា “ចូរ​រលំ​សង្កត់​ពី​លើ​យើង​ខ្ញុំ​មក! ចូរ​ជួយ​លាក់​ខ្លួន​យើង​ខ្ញុំ​ផង!”31បើ​គេ​ធ្វើ​បាប​ឈើ​ស្រស់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ឈើ​ងាប់​វិញ តើ​គេ​នឹង​ធ្វើ​បាប​ដល់​កម្រិត​ណា​ទៅ!»។ 32គេ​បាន​នាំ​អ្នក​ទោស ​ពីរ​នាក់​ទៀត​មក​សម្លាប់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ។
33លុះ​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅ​ថា “ភ្នំ​លលាដ៍​ក្បាល” គេ​ឆ្កាង​ព្រះ‌យេស៊ូ​នៅ​ទី​នោះ ហើយ​គេ​ក៏​ឆ្កាង​អ្នក​ទោស​ទាំង​ពីរ​នាក់​នោះ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។ 34 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌បិតា​អើយ! សូម​ព្រះអង្គ​អត់‌ទោស​ឲ្យ​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី​ឡើយ»។ គេ​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា។ 35 ប្រជា‌ជន​នាំ​គ្នា​ឈរ​មើល រីឯ​ពួក​នាម៉ឺន​និយាយ​ចំអក​មើល‌ងាយ​ព្រះអង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ឯ​ទៀតៗ បើ​គាត់​ជា​ព្រះ‌គ្រិស្ត*​របស់​ព្រះ‌ជាម្ចាស់ ហើយ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​មែន​នោះ ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ!»។ 36 ពួក​ទាហាន​ក៏​បាន​ចំអក​ដាក់​ព្រះអង្គ​ដែរ គេ​យក​ទឹក​ខ្មេះ​មក​ថ្វាយ​ព្រះអង្គ​សោយ 37ទាំង​ពោល​ថា៖ «បើ​អ្នក​ជា​ស្ដេច​ជន‌ជាតិ​យូដា​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ!»។ 38នៅ​ពី​លើ​ព្រះអង្គ មាន​សរសេរ​អក្សរ​ថា «អ្នក​នេះ​ជា​ស្ដេច​ជន‌ជាតិ​យូដា»។ 39អ្នក​ទោស​ម្នាក់​ដែល​ជាប់​ឆ្កាង​ពោល​ប្រមាថ​ព្រះ‌យេស៊ូ​ថា៖ «បើ​អ្នក​ជា​ព្រះ‌គ្រិស្ត​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ ហើយ​សង្គ្រោះ​យើង​ផង!»។ 40ប៉ុន្តែ អ្នក​ទោស​ម្នាក់​ទៀត​ស្ដី​ឲ្យ​អ្នក​នោះ​ថា៖ «ឯង​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទេ​ឬ? ឯង​ត្រូវ​គេ​កាត់​ទោស​ដូច​លោក​ដែរ។ 41គេ​ធ្វើ​ទោស​យើង​នេះ​ត្រូវ​ហើយ យើង​ទទួល​ទោស​តាម​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត។ រីឯ​លោក​វិញ លោក​មិន​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​សោះ»។ 42បន្ទាប់​មក គាត់​ទូល​ព្រះអង្គ​ថា៖ «ឱ​ព្រះ‌យេស៊ូ​អើយ! ពេល​ព្រះអង្គ​យាង​មក​គ្រង​រាជ្យ សូម​កុំ​ភ្លេច​ទូលបង្គំ»។ 43ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ថ្ងៃ​នេះ អ្នក​បាន​ទៅ​នៅ​ស្ថាន​បរម‌សុខ*​ជា​មួយ​ខ្ញុំ»។
ព្រះ‌យេស៊ូ​ចូល​ទិវង្គត
(មថ.២៧.៤៥-៥៦ មក.១៥.៣៣-៤១ យហ.១៩.២៨-៣០)
44ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់ ផែនដី​ទាំង​មូល​ងងឹត​សូន្យ​រហូត​ដល់​ម៉ោង​បី​រសៀល 45 ព្រះ‌អាទិត្យ​បាត់​រស្មី វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ ចំ​ពាក់​កណ្ដាល។ 46 ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «ព្រះ‌បិតា! ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូលបង្គំ​ទៅ​ក្នុង​ព្រះ‌ហស្ដ​ព្រះអង្គ​វិញ »។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ក៏​រលត់​វិញ្ញាណ​ទៅ។ 47នាយ​ទាហាន​រ៉ូម៉ាំង​ដែល​បាន​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង ក៏​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​សុចរិត​មែន!»។ 48រីឯ​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ដែល​មក​មើល កាល​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ គេ​នាំ​គ្នា​ត្រឡប់​ទៅ​វិញ ទាំង​គក់​ទ្រូង។ 49 អ្នក​ជិត‌ដិត​នឹង​ព្រះ‌យេស៊ូ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​ស្ត្រី​ដែល​ដើរ​តាម​ព្រះអង្គ​តាំង​ពី​ស្រុក​កាលី‌ឡេ​មក នាំ​គ្នា​ឈរ​មើល​ហេតុ‌ការណ៍​ទាំង​អស់​ពី​ចម្ងាយ។
ការ​បញ្ចុះ​សព​ព្រះ‌យេស៊ូ
(មថ.២៧.៥៧-៦១ មក.១៥.៤២-៤៧ យហ.១៩.៣៨-៤២)
50មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​មួយ​រូប​ឈ្មោះ​យ៉ូសែប។ លោក​ជា​អ្នក​ក្រុង​អើរី‌ម៉ាថេ ជា​ក្រុង​មួយ​របស់​ជន‌ជាតិ​យូដា។ លោក​ជា​មនុស្ស​ល្អ​សុចរិត* ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់។ 51លោក​ពុំ​បាន​យល់​ស្រប​ជា​មួយ​គេ​លើ​ការ​សម្រេច​ចិត្ត​ធ្វើ​គុត​ព្រះ‌យេស៊ូ​ទេ ហើយ​ក៏​មិន​បាន​ចូល​រួម​ក្នុង​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ដែរ។ 52លោក​បាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ 53លោក​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​ចុះ​ពី​ឈើ​ឆ្កាង ហើយ​រុំ​នឹង​ក្រណាត់​ផាឌិប រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។ ផ្នូរ​នេះ​ពុំ​ទាន់​មាន​ដាក់​សព​ណា​មួយ​នៅ​ឡើយ​ទេ។ 54ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង* ហើយ​ថ្ងៃ​សប្ប័ទ*​ជិត​មក​ដល់។ 55ពួក​ស្ត្រី​ដែល​មក​តាម​ព្រះអង្គ​តាំង​ពី​ស្រុក​កាលី‌ឡេ ក៏​ទៅ​ជា​មួយ​លោក​យ៉ូសែប​ដែរ។ នាង​បាន​ឃើញ​ផ្នូរ ហើយ​ឃើញ​របៀប​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌យេស៊ូ​ផង។
56 បន្ទាប់​មក ស្ត្រី​ទាំង​នោះ​វិល​ត្រឡប់​ទៅ​វិញ រៀបចំ​គ្រឿង​ក្រអូប និង​ទឹក​អប់។ នៅ​ថ្ងៃ​សប្ប័ទ នាង​នាំ​គ្នា​ឈប់​សម្រាក​តាម​បទ‌បញ្ជា​ចែង​ទុក។

Subratllat

Comparteix

Copia

None

Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió