កំណើតពិភពលោក 23
23
ផ្នូររបស់សាទីសារ៉ា
1សារ៉ារស់បានទាំងអស់ មួយរយម្ភៃប្រាំពីរឆ្នាំ។ 2ក្រោយមក គាត់ក៏បានស្លាប់នៅក្រុងគារយ៉ាត់-អើបា ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ អ៊ីព្រហ៊ីមមករៀបចំបញ្ចុះសពសារ៉ា និងធ្វើពិធីកាន់ទុក្ខ។ 3បន្ទាប់មក អ៊ីព្រហ៊ីមចាកចេញពីសាកសពភរិយា ទៅមានប្រសាសន៍នឹងជនជាតិហេតដូចតទៅ៖ 4«ខ្ញុំជាជនបរទេស ដែលមកស្នាក់នៅជាមួយបងប្អូន។ សូមបងប្អូនមេត្តាចែកដីបញ្ចុះសពមួយកន្លែងក្នុងស្រុករបស់បងប្អូនមកខ្ញុំ ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពភរិយារបស់ខ្ញុំដែលទើបនឹងស្លាប់ទៅ»។ 5ជនជាតិហេតតបមកអ៊ីព្រហ៊ីមវិញថា៖ 6«លោក សូមមេត្តាស្តាប់យើងខ្ញុំសិន! អុលឡោះបានប្រទានឲ្យអ្នកមានឋានៈខ្ពស់ ក្នុងចំណោមយើងខ្ញុំស្រាប់ហើយ សូមអ្នកបញ្ចុះសពភរិយារបស់អ្នក នៅក្នុងចំណោមផ្នូរដ៏ល្អណាមួយរបស់យើងខ្ញុំក៏បាន។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាម្នាក់បដិសេធមិនឲ្យអ្នកប្រើផ្នូររបស់ខ្លួន សម្រាប់បញ្ចុះសពភរិយារបស់អ្នកឡើយ»។ 7អ៊ីព្រហ៊ីមក្រោកឡើង ហើយក្រាបចុះនៅមុខអ្នកស្រុកនោះ គឺនៅមុខជនជាតិហេត។ 8គាត់មានប្រសាសន៍ទៅគេថា៖ «បើបងប្អូនពិតជាយល់ព្រម ឲ្យខ្ញុំបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនេះមែន សូមមេត្តាជួយនិយាយនឹងអេប្រូន ជាកូនរបស់សូហារឲ្យខ្ញុំផង 9គឺសូមឲ្យគាត់ផ្ទេររូងភ្នំម៉ាកពេឡា ដែលជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺរូងភ្នំដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់រូងភ្នំនោះមកខ្ញុំ គិតតាមតម្លៃពិតប្រាកដ ដើម្បីខ្ញុំយកទីបញ្ចុះសពនោះ ធ្វើជាកម្មសិទ្ធិរបស់ខ្ញុំ នៅកណ្តាលចំណោមបងប្អូនទាំងអស់គ្នា»។
10អេប្រូន ជាជនជាតិហេត ក៏អង្គុយរួមជាមួយជនរួមជាតិរបស់គាត់ឯទៀតៗដែរ។ គាត់ឆ្លើយទៅអ៊ីព្រហ៊ីមវិញ នៅចំពោះមុខជនជាតិហេត និងនៅចំពោះមុខមនុស្សម្នាទាំងប៉ុន្មាន ដែលអង្គុយនៅមាត់ទ្វារក្រុងថា៖ 11«លោកម្ចាស់ សូមស្តាប់ខ្ញុំសិន ខ្ញុំសូមប្រគល់ដីចម្ការ ព្រមទាំងរូងភ្នំនៅក្នុងចម្ការនោះ ជូនលោក។ ខ្ញុំជូនលោក នៅចំពោះមុខជនជាតិខ្ញុំទាំងអស់។ សូមលោកបញ្ចុះសពភរិយារបស់លោកនៅទីនោះទៅ»។
12អ៊ីព្រហ៊ីមក្រាបចុះនៅមុខអ្នកស្រុកនោះ 13ហើយមានប្រសាសន៍ទៅកាន់អេប្រូន នៅមុខមនុស្សទាំងអស់ថា៖ «សូមលោកស្តាប់ខ្ញុំវិញ! ខ្ញុំសូមជូនប្រាក់លោក តាមតម្លៃដី សូមលោកទទួលយកពីដៃខ្ញុំផ្ទាល់ទៅ ខ្ញុំនឹងបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនោះ»។ 14ប៉ុន្តែ អេប្រូនតបទៅអ៊ីព្រហ៊ីមថា៖
15«លោកម្ចាស់ សូមស្តាប់ខ្ញុំ! ដីនេះមានតម្លៃជាប្រាក់សុទ្ធតែមួយរយម្ភៃតម្លឹងប៉ុណ្ណោះ ដូច្នេះគ្មានអ្វីសំខាន់រវាងលោក និងខ្ញុំទេ សូមបញ្ចុះសពភរិយារបស់អ្នកទៅ!»។ 16អ៊ីព្រហ៊ីមក៏ព្រមព្រៀងជាមួយអេប្រូន ហើយថ្លឹងប្រាក់ឲ្យគាត់ តាមចំនួនដែលគាត់មានប្រសាសន៍នៅមុខជនជាតិហេត គឺប្រាក់សុទ្ធមួយរយម្ភៃតម្លឹង គិតតាមតម្លៃដែលគេលក់ដីនៅសម័យនោះ។
17តាំងពីពេលនោះមក ដីចម្ការរបស់អេប្រូននៅម៉ាកពេឡា ដែលនៅខាងកើតម៉ាមរ៉េ គឺទាំងដីចម្ការ ទាំងរូងភ្នំ និងដើមឈើទាំងប៉ុន្មាននៅក្នុងចម្ការនោះទាំងមូល 18បានត្រឡប់មកជាកម្មសិទ្ធិរបស់អ៊ីព្រហ៊ីម ដោយមានជនជាតិហេត និងមនុស្សម្នាទាំងអស់ដែលអង្គុយនៅមាត់ទ្វារក្រុង ជាសាក្សី។
19បន្ទាប់មក អ៊ីព្រហ៊ីមក៏បានបញ្ចុះសពសារ៉ា ជាភរិយា ក្នុងរូងភ្នំ នៅចម្ការម៉ាកពេឡាដែលនៅខាងកើតម៉ាមរ៉េ ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ 20ដូច្នេះ ជនជាតិហេតបានផ្ទេរដីចម្ការ និងរូងភ្នំដែលនៅលើដីនោះមកជាកម្មសិទ្ធិរបស់អ៊ីព្រហ៊ីម ទុកជាកន្លែងបញ្ចុះសពក្រុមគ្រួសារគាត់។
Právě zvoleno:
កំណើតពិភពលោក 23: អគត
Zvýraznění
Sdílet
Kopírovat

Chceš mít své zvýrazněné verše uložené na všech zařízeních? Zaregistruj se nebo se přihlas
© 2014 United Bible Societies, UK.