លោកុប្បត្តិ 12
12
ប្រវត្តិរបស់លោកអប្រាហាំ
ព្រះអម្ចាស់ត្រាស់ហៅលោកអាប់រ៉ាម
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរចាកចេញពីស្រុករបស់អ្នក ចាកចេញពីញាតិសន្ដាន និងចាកចេញពីក្រុមគ្រួសារឪពុករបស់អ្នក តម្រង់ឆ្ពោះទៅស្រុកដែលយើងនឹងបង្ហាញអ្នក ។
2យើងនឹងឲ្យប្រជាជាតិមួយដ៏ធំកើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្ដល់ពរដល់អ្នកដទៃចុះ!។
3 យើងនឹងឲ្យពរដល់ជនទាំងឡាយណា
ដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្ដាសា
ដល់ជនទាំងឡាយណា ដែលដាក់បណ្ដាសាអ្នកដែរ
ក្រុមគ្រួសារទាំងអស់នៅលើផែនដី
នឹងបានទទួលពរដោយសារអ្នក» ។
4លោកអាប់រ៉ាមក៏ចេញដំណើរទៅ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយលោកឡុតក៏ទៅជាមួយលោកដែរ។ 5នៅពេលលោកអាប់រ៉ាមចាកចេញពីស្រុកហារ៉ានទៅនោះ លោកមានអាយុចិតសិបប្រាំឆ្នាំ។ លោកបាននាំលោកស្រីសារ៉ាយជាភរិយា និងលោកឡុតជាក្មួយទៅជាមួយ។ លោកក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកលោករកបាន ព្រមទាំងអ្នកបម្រើដែលពួកលោកទិញបាន នៅស្រុកហារ៉ានទៅជាមួយដែរ។ ពួកលោកនាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។
លោកអាប់រ៉ាមនៅស្រុកកាណាន
លុះបានមកដល់ស្រុកកាណានហើយ 6លោកអាប់រ៉ាមដើរកាត់ស្រុកកាណានរហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់លោកតាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។ 7 ព្រះអម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអាប់រ៉ាមបានសង់អាសនៈមួយ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដែលបានយាងមកឲ្យលោកឃើញ។
8បន្ទាប់មក លោកចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ភ្នំ ដែលនៅខាងកើតបេតអែល លោកបោះជំរំនៅចន្លោះបេតអែល ដែលនៅខាងលិច និងក្រុងអៃ ដែលនៅខាងកើត។ លោកបានសង់អាសនៈមួយសម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ហើយគោរពបម្រើព្រះនាមព្រះអម្ចាស់។ 9លោកបន្តដំណើរពីកន្លែងមួយ ទៅកន្លែងមួយ ឆ្ពោះទៅកាន់តំបន់ណេកិប។
លោកអាប់រ៉ាមទៅស្នាក់នៅស្រុកអេស៊ីប
10ពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ លោកអាប់រ៉ាមចុះទៅស្រុកអេស៊ីប ដើម្បីស្នាក់នៅទីនោះ ដ្បិតទុរ្ភិក្សកើតរឹតតែខ្លាំងឡើងៗ។ 11ពេលទៅដល់ជិតស្រុកអេស៊ីប លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយជាភរិយាថា៖ «មើល៍ បងដឹងច្បាស់ថាអូនមានរូបស្អាតណាស់។ 12ហេតុនេះ ពេលជនជាតិអេស៊ីបឃើញអូនគេមុខជាពោលថា “នាងនេះជាប្រពន្ធរបស់គាត់!” គេនឹងសម្លាប់បងជាមិនខាន ហើយទុកជីវិតអូនឲ្យនៅរស់។ 13 ដូច្នេះ សូមអូននិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យគេរាប់រកបងដោយមេត្រី ព្រោះតែអូន ហើយបងនឹងបានរួចជីវិត ក៏ដោយសារតែអូនដែរ»។ 14កាលលោកអាប់រ៉ាមទៅដល់ស្រុកអេស៊ីបហើយ ជនជាតិអេស៊ីបបានឃើញថា ភរិយារបស់លោកមានរូបស្អាតណាស់។ 15ពួកមន្ត្រីរបស់ព្រះចៅផារ៉ោនក៏បានឃើញគាត់ដែរ ហើយនាំគ្នាសរសើរពីគាត់ទូលព្រះចៅផារ៉ោន។ គេក៏នាំលោកស្រីសារ៉ាយចូលទៅក្នុងវាំងរបស់ព្រះចៅផារ៉ោន។ 16រីឯលោកអាប់រ៉ាមវិញ គេរាប់រកលោកដោយមេត្រី ព្រោះតែភរិយារបស់លោក។ គេបានយកចៀម គោ លា អ្នកបម្រើប្រុសស្រី លាញី និងអូដ្ឋ មកជូនលោកអាប់រ៉ាម។ 17ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះចៅផារ៉ោន និងព្រះញាតិវង្ស ជួបនឹងគ្រោះកាចដ៏សែនវេទនា ព្រោះតែលោកស្រីសារ៉ាយ ជាភរិយារបស់លោកអាប់រ៉ាម។
18ពេលនោះ ព្រះចៅផារ៉ោនកោះហៅលោកអាប់រ៉ាមមកមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកធ្វើបែបនេះចំពោះយើង? ម្ដេចក៏អ្នកមិនប្រាប់យើងថានាងជាភរិយារបស់អ្នក? 19ហេតុអ្វីបានជាអ្នកថានាងជាប្អូនទៅវិញ បណ្ដាលឲ្យយើងយកនាងមកធ្វើជាមហេសីរបស់យើងដូច្នេះ? នេះនែ៎ ភរិយារបស់អ្នក ចូរយកនាងចេញពីទីនេះទៅ!»។ 20ព្រះចៅផារ៉ោនបញ្ជារាជបម្រើឲ្យបើកផ្លូវដល់លោកអាប់រ៉ាម ចាកចេញទៅជាមួយភរិយារបស់លោក ទាំងយកអ្វីៗដែលជាកម្មសិទ្ធិរបស់លោកទៅជាមួយផង។
Valgt i Øjeblikket:
លោកុប្បត្តិ 12: គខប
Markering
Del
Kopiér
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fda.png&w=128&q=75)
Vil du have dine markeringer gemt på tværs af alle dine enheder? Tilmeld dig eller log ind
Khmer Standard Version © 2005 United Bible Societies.