លោកុប្បត្តិ 7
7
មហាជំនន់
1បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកណូអេថា៖ «អ្នក និងគ្រួសាររបស់អ្នកទាំងមូល ត្រូវចូលទៅក្នុងទូក ដ្បិតយើងឃើញថា ក្នុងចំណោមមនុស្សជំនាន់នេះ មានតែអ្នកប៉ុណ្ណោះ ដែលសុចរិតនៅចំពោះយើង។ 2ត្រូវយកសត្វប្រាំពីរគូពីចំណោមសត្វជើងបួនទាំងប៉ុន្មានដែលស្អាត គឺទាំងឈ្មោលទាំងញី ហើយសត្វជើងបួនដែលមិនស្អាត ត្រូវយកតែមួយគូវិញ គឺទាំងឈ្មោលទាំងញី។ 3ត្រូវយកសត្វហើរលើអាកាសប្រាំពីរគូដែរ ទាំងឈ្មោលទាំងញី ដើម្បីទុកពូជវាឲ្យរស់នៅគ្រប់លើផែនដី។ 4ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងបង្អុរភ្លៀងមកលើផែនដី សែសិបថ្ងៃសែសិបយប់ ហើយយើងនឹងលុបបំបាត់ជីវិតទាំងប៉ុន្មានដែលយើងបានបង្កើតមក ឲ្យសូន្យបាត់ពីផែនដី»។ 5លោកណូអេបានធ្វើសព្វគ្រប់ទាំងអស់តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់។
6នៅគ្រាទឹកជន់ឡើងលិចផែនដីនោះ លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។ 7លោកណូអេ កូនប្រុសៗ និងប្រពន្ធ ព្រមទាំងកូនប្រសាស្រីរបស់លោក ក៏នាំគ្នាចូលទៅក្នុងទូក ដើម្បីឲ្យបានរួចផុតពីទឹកជំនន់។ 8មានសត្វជើងបួនក្នុងចំណោមសត្វដែលស្អាត និងសត្វដែលមិនស្អាត ហើយសត្វស្លាប និងសត្វលូនវារគ្រប់ប្រភេទនៅលើដី 9ទាំងគូៗ មានឈ្មោលមានញី នាំគ្នាចូលទៅក្នុងទូកជាមួយលោកណូអេ ដូចព្រះទ្រង់បានបង្គាប់មកលោកណូអេ។ 10ប្រាំពីរថ្ងៃក្រោយមក ទឹកជំនន់ក៏ជន់ឡើងលិចផែនដី។
11នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់លោកណូអេ ក្នុងខែទីពីរ នៅថ្ងៃទីដប់ប្រាំពីរក្នុងខែនោះ គឺនៅថ្ងៃនោះឯង អស់ទាំងរន្ធទឹកផុសចេញពីជម្រៅធំមក ហើយទ្វារមេឃក៏បានបើកចំហដែរ។ 12ភ្លៀងធ្លាក់មកលើផែនដីរយៈពេលសែសិបថ្ងៃសែសិបយប់។ 13នៅថ្ងៃដដែលនោះ លោកណូអេ និងកូនប្រុសៗរបស់លោក គឺសិម ហាំ និងយ៉ាផែត ព្រមទាំងប្រពន្ធលោកណូអេ និងកូនប្រសាស្រីទាំងបី បាននាំគ្នាចូលទៅក្នុងទូក 14ទាំងខ្លួនគេ និងគ្រប់ទាំងសត្វព្រៃតាមពូជ គ្រប់ទាំងសត្វស្រុកតាមពូជ និងអស់ទាំងសត្វលូនវារលើដីតាមពូជ ហើយគ្រប់សត្វហើរតាមពូជដែរ គឺសត្វស្លាបគ្រប់មុខទាំងអស់។ 15សត្វទាំងនោះនាំគ្នាចូលទាំងគូៗទៅក្នុងទូកជាមួយលោកណូអេ គឺសាច់ដែលមានដង្ហើមជីវិតទាំងអស់។ 16ឯសត្វទាំងអស់ដែលចូលទៅនោះ ក៏ចូលទាំងឈ្មោលទាំងញីគ្រប់ពូជសត្វ ដូចព្រះបានបង្គាប់មកលោកណូអេ រួចព្រះយេហូវ៉ាក៏បិទទ្វារទូកជិត។
17ទឹកជំនន់បានលិចផែនដីអស់រយៈពេលសែសិបថ្ងៃ។ ទឹកកាន់តែជន់ឡើង ហើយលើកទូកធំឲ្យអណ្តែតឡើងផុតពីដី។ 18ជំនន់នោះមានកម្លាំងក្រៃលែង ក៏កាន់តែចម្រើនឡើងលើសលុបនៅលើផែនដី ហើយទូកនោះបានអណ្តែតនៅលើផ្ទៃទឹក។ 19ជំនន់នោះធំយ៉ាងអស្ចារ្យនៅលើផែនដី ដល់ម៉្លេះបានជាភ្នំខ្ពស់ៗទាំងប៉ុន្មាននៅក្រោមមេឃលិចបាត់ទាំងអស់។ 20ទឹកឡើងលិចភ្នំទាំងអស់ ហើយឡើងហួសភ្នំទាំងនោះដប់ប្រាំហត្ថ។ 21គ្រប់ទាំងសាច់ដែលកម្រើកនៅផែនដី ទោះទាំងសត្វហើរ សត្វស្រុក សត្វព្រៃ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី និងមនុស្សលោកក៏ស្លាប់ទាំងអស់ 22គឺអ្វីៗទាំងអស់ដែលមានដង្ហើមជីវិតនៅក្នុងរន្ធច្រមុះនៅលើគោកស្លាប់ទាំងអស់។ 23ព្រះអម្ចាស់បានលុបបំបាត់ជីវិតទាំងប៉ុន្មានអស់ពីផែនដី ចាប់ពីមនុស្សរហូតដល់សត្វជើងបួន សត្វលូនវារ និងសត្វហើរលើអាកាស គឺទាំងអស់ត្រូវវិនាសបាត់ពីផែនដី នៅសល់តែលោកណូអេ និងអស់អ្នកដែលនៅក្នុងទូកជាមួយលោកប៉ុណ្ណោះ។ 24ទឹកធំនោះនៅទ្រឹងលើផែនដីអស់រយៈពេលមួយរយហាសិបថ្ងៃ។
Sélection en cours:
លោកុប្បត្តិ 7: គកស១៦
Surbrillance
Partager
Copier
Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi
© 2016 United Bible Societies