លោកុ‌ប្បត្តិ 11

11
1រីឯ​នៅ​ផែនដី​ទាំង​មូល នោះ​មាន​ភាសា​មាន​សំដី​តែ​១​ទេ 2ហើយ​កំពុង​ដែល​គេ​ដើរ​ដំណើរ​នៅ​ស្រុក​ខាង​កើត នោះ​ក៏​ប្រទះ​ឃើញ​វាល​១​នៅ​ស្រុក​ស៊ីណើរ ហើយ​គេ​នាំ​គ្នា​តាំង​ទី​លំនៅ​នៅ​ទី​នោះ 3គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចូរ​យើង​ធ្វើ​ឥដ្ឋ​ដុត​ឲ្យ​ឆ្អិន​ទៅ នោះ​គេ​មាន​ឥដ្ឋ​ទុក​ជា​ថ្ម នឹង​ជ័រ​ដី​ទុក​ជា​បាយអ 4រួច​និយាយ​គ្នា​ថា ចូរ​យើង​សង់​ទី​ក្រុង​១​សំរាប់​យើង នឹង​ប៉ម​១​ដែល​ខ្ពស់​ដល់​ផ្ទៃ​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍‌ឈ្មោះ ក្រែង​យើង​រាល់​គ្នា​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​គ្រប់​លើ​ផែនដី​ទៅ 5នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក ដើម្បី​ទត​មើល​ទី​ក្រុង ហើយ​នឹង​ប៉ម​ដែល​ពួក​មនុស្ស​ជាតិ​កំពុង​ធ្វើ 6រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល គេ​ជា​ពួក​តែ​១ ក៏​និយាយ​ភាសា​តែ​១ គេ​ចាប់​ផ្តើម​ធ្វើ​អំពើ​យ៉ាង​ដូច្នេះ​ហ្ន៎ ឥឡូវ​នេះ គ្មាន​អ្វី​នឹង​ឃាត់​មិន​ឲ្យ​គេ​ធ្វើ​កើត​តាម​បំណង​ចិត្ត​នោះ​ទេ 7ចូរ​យើង​ចុះ​ទៅ​បំភាន់​ភាសា​គេ ដើម្បី​កុំ​ឲ្យ​គេ​ស្តាប់​គ្នា​បាន​ទៀត 8ដូច្នេះព្រះ‌យេហូវ៉ា​ទ្រង់​កំចាត់‌កំចាយ​គេ ពី​ទី​នោះ​ទៅ​គ្រប់​លើ​ផែនដី​វិញ ហើយ​គេ​ក៏​លែង​សង់​ទី​ក្រុង​នោះ​ទៅ 9ដោយ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា បាបិល ពី​ព្រោះ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំភាន់​ភាសា​លោកីយ​ទាំង​អស់ ហើយ​កំចាត់‌កំចាយ​គេ​ពី​ទី​នោះ ទៅ​គ្រប់​លើ​ផែនដី។
10នេះ​ជា​បញ្ជី​ដំណ​វង្ស​របស់​សិម គឺ​ក្រោយ​ទឹក​ជន់​២​ឆ្នាំ កាល​សិម​អាយុ​បាន​១០០​ឆ្នាំ​ហើយ នោះ​គាត់​បង្កើត​បាន​អើប៉ាក់‌សាឌ 11ក្រោយ​ដែល​បង្កើត​អើប៉ាក់‌សាឌ​មក នោះ​គាត់​រស់​នៅ​៥០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
12អើប៉ាក់‌សាឌ​អាយុ​បាន​៣៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​សេឡា 13ក្រោយ​ដែល​បង្កើត​សេឡា​មក នោះ​គាត់​រស់​នៅ​៤០៣​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
14សេឡា​អាយុ​បាន​៣០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ហេប៊ើរ 15ក្រោយ​ដែល​បង្កើត​ហេប៊ើរ​មក នោះ​គាត់​រស់​នៅ​៤០៣​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
16ហេប៊ើរ​អាយុ​បាន​៣៤​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ផាលេក 17ក្រោយ​ដែល​បង្កើត​ផាលេក​មក នោះ​គាត់​រស់​នៅ​៤៣០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
18ផាលេក​អាយុ​បាន​៣០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​រេហ៊ូវ 19ក្រោយ​ដែល​បង្កើត​រេហ៊ូវ​មក នោះ​គាត់​រស់​នៅ​២០៩​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
20រេហ៊ូវ​អាយុ​បាន​៣២​ឆ្នាំ នោះ​គាត់​បង្កើត​បាន​សេរូក 21ក្រោយ​ដែល​បង្កើត​សេរូក​មក នោះ​គាត់​រស់​នៅ​២០៧​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
22សេរូក​អាយុ​បាន​៣០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ណាឃរ 23ក្រោយ​ដែល​បង្កើត​ណាឃរ​មក នោះ​គាត់​រស់​នៅ​២០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
24ណាឃរ​អាយុ​បាន​២៩​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ថេរ៉ា 25ក្រោយ​ដែល​បង្កើត​ថេរ៉ា​មក នោះ​គាត់​រស់​នៅ​១១៩​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
26ថេរ៉ា​អាយុ​បាន​៧០​ឆ្នាំ រួច​គាត់​បង្កើត​បាន​អាប់រ៉ាម ណាឃរ នឹង​ហារ៉ាន 27នេះ​ជា​ដំណ​វង្ស​របស់​ថេរ៉ាៗ​បង្កើត​អាប់រ៉ាម ណាឃរ នឹង​ហារ៉ាន ហើយ​ហារ៉ាន​បង្កើត​ឡុត 28រួច​ហារ៉ាន គាត់​ស្លាប់​ចំពោះ​មុខ​ថេរ៉ា ជា​ឪពុក នៅ​ក្រុង​អ៊ើរ ក្នុង​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គាត់​ទៅ 29អាប់រ៉ាម នឹង​ណាឃរ​ក៏​យក​ប្រពន្ធ ឯ​ប្រពន្ធ​របស់​អាប់រ៉ាម​នោះ​ឈ្មោះ​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​មីលកា ជា​កូន​ហារ៉ាន ដែល​ជា​ឪពុក​មីលកា នឹង​យីសកា 30ឯ​សារ៉ាយ នាង​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ 31ថេរ៉ា​គាត់​យក​អាប់រ៉ាម កូន​គាត់ ឡុត​ជា​កូន​ហារ៉ាន​ត្រូវ​ជា​ចៅ​គាត់ ហើយ​សារ៉ាយ​ជា​កូន​ប្រសា គឺ​ប្រពន្ធ​អាប់រ៉ាម​កូន​គាត់ នាំ​គ្នា​ចេញ​ពី​អ៊ើរ​ស្រុក​ខាល់ដេ ដើម្បី​នឹង​ទៅ​ឯ​ស្រុក​កាណាន លុះ​បាន​ទៅ​ដល់​ខារ៉ាន​ហើយ នោះ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ 32អាយុ​ថេរ៉ា​បាន​២០៥​ឆ្នាំ រួច​ក៏​ស្លាប់​នៅ​ត្រង់​ខារ៉ាន​ទៅ។

ハイライト

シェア

コピー

None

すべてのデバイスで、ハイライト箇所を保存したいですか? サインアップまたはサインインしてください。