យ៉ូហាន 20

20
1នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា នាង​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម កាល​កំពុង​នៅ​ងងឹត​នៅ​ឡើយ ក៏​ឃើញ​ថ្ម​បាន​យក​ចេញ​ពី​មាត់​ផ្នូរ​ហើយ 2នោះ​នាង​រត់​ទៅ​ប្រាប់​ដល់​ស៊ីម៉ូន-ពេត្រុស នឹង​សិស្ស​១​នោះ​ដែល​ទ្រង់​ស្រឡាញ់​ថា គេ​បាន​យក​ព្រះ‌អម្ចាស់​ចេញ​ពី​ផ្នូរ​ហើយ យើង​ខ្ញុំ​មិន​ដឹង​ជា​គេ​យក​ទៅ​ទុក​ឯ​ណា​ទេ 3នោះ​ពេត្រុស នឹង​សិស្ស​១​នោះ ក៏​ចេញ​ទៅ​ឯ​ផ្នូរ 4អ្នក​ទាំង​២​រត់​ទៅ​ជា​មួយ​គ្នា តែ​សិស្ស​១​នោះ​រត់​លឿន​ជាង​ពេត្រុស បាន​ដល់​ផ្នូរ​មុន 5រួច​គាត់​ឱន​ខ្លួន​ទៅ​មើល ឃើញ​មាន​តែ​សំពត់‌ស្នប​នៅ​ក្នុង​នោះ តែ​គាត់​មិន​បាន​ចូល​ទេ 6ឯ​ស៊ីម៉ូន-ពេត្រុស ដែល​មក​តាម​ក្រោយ គាត់​ក៏​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​សំពត់‌ស្នប​នៅ​ក្នុង​នោះ​ដែរ 7ហើយ​ឃើញ​កន្សែង​ដែល​គ្រប​ព្រះ‌សិរ​ទ្រង់ មិន​នៅ​ជា​មួយ​នឹង​សំពត់‌ស្នប​នោះ​ទេ គឺ​បាន​បត់​ដាក់​នៅ​ទី​កន្លែង​ដោយ​ខ្លួន​វិញ 8សិស្ស​មួយ​នោះ​ដែល​មក​ដល់​ផ្នូរ​មុន គាត់​ក៏​ចូល​ទៅ​ឃើញ​ដូច្នោះ​ដែរ រួច​គាត់​ជឿ 9ដ្បិត​គេ​មិន​ទាន់​យល់​បទ​គម្ពីរ​នៅ​ឡើយ ដែល​ថា ទ្រង់​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ 10សិស្ស​ទាំង​២​ក៏​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​វិញ។
11ឯ​ម៉ារា នាង​ឈរ​យំ​ពី​ខាង​ក្រៅ​ផ្នូរ ហើយ​កំពុង​ដែល​នាង​យំ នោះ​ក៏​ឱន​ខ្លួន​មើល​ទៅ​ក្នុង​ផ្នូរ 12ឃើញ​ទេវតា​២​រូប ស្លៀក‌ពាក់​ស អង្គុយ​១​ខាង​ក្បាល ១​ចុង​ជើង ត្រង់​កន្លែង​ដែល​បាន​ផ្តេក​ព្រះ‌សព​ព្រះ‌យេស៊ូវ 13ទេវតា​នោះ​សួរ​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​ឆ្លើយ​ថា ពី​ព្រោះ​គេ​បាន​យក​ព្រះ‌អម្ចាស់​ខ្ញុំ​ទៅ​បាត់ ហើយ​ខ្ញុំ​មិន​ដឹង​ជា​គេ​ទុក​ទ្រង់​នៅ​ឯ​ណា​ទេ 14នាង​និយាយ​ដូច្នោះ រួច​បែរ​ខ្លួន​ទៅ​ក្រោយ ឃើញ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ តែ​មិន​ដឹង​ជា​ព្រះ‌យេស៊ូវ​ទេ 15ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​រក​អ្នក​ណា ឯ​នាង ក៏​ស្មាន​ថា​ជា​អ្នក​ថែ​ច្បារ ទើប​និយាយ​ទៅ​ថា លោក​នាយ​អើយ បើ​លោក​បាន​យក​ព្រះ‌សព​ចេញ​ទៅ​ឯ​ណា នោះ​សូម​ប្រាប់​ខ្ញុំ ឲ្យ​ដឹង​កន្លែង​ដែល​បាន​ទុក​ផង ខ្ញុំ​នឹង​ទៅ​នាំ​យក​ទៅ 16ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ម៉ារា​អើយ នោះ​នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា រ៉ាបូនី ដែល​ស្រាយ​ថា លោក​គ្រូ​អើយ 17ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ​នៅ​ឡើយ ចូរ​នាង​ទៅ​ឯ​ពួក​បង​ប្អូន​ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ ជា​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ 18នោះ​ម៉ារា-ម៉ាក់‌ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​មក​នាង។
19នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ​ឯង លុះ​ព្រលប់​ហើយ កាល​ទ្វារ​ទាំង​អស់ នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស មាន​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ 20កាល​ទ្រង់​មាន​បន្ទូល​ដូច្នោះ​ហើយ នោះ​ក៏​បង្ហាញ​ព្រះ‌ហស្ត នឹង​ចំហៀង​ទ្រង់​ឲ្យ​គេ​មើល ដូច្នេះ​ពួក​សិស្ស​មាន​ចិត្ត​ត្រេក‌អរ ដោយ​បាន​ឃើញ​ព្រះ‌អម្ចាស់ 21រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះវរ‌បិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ 22ទ្រង់​មាន​បន្ទូល​ដូច្នោះ រួច​ក៏​ផ្លុំ​លើ​គេ​ទាំង​មាន​បន្ទូល​ថា ចូរ​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ 23បើ​អ្នក​រាល់​គ្នា​នឹង​អត់​ទោស​បាប​ដល់​អ្នក​ណា នោះ​បាប​គេ​នឹង​បាន​អត់​ទោស​ឲ្យ តែ​បើ​អ្នក​រាល់​គ្នា​នឹង​ប្រកាន់​ទោស​បាប​ចំពោះ​អ្នក​ណា នោះ​បាប​គេ​នឹង​ត្រូវ​ប្រកាន់​ជាប់​វិញ។
24រីឯ​ថូម៉ាស ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​គេ​ហៅ​ថា ឌីឌីម គាត់​មិន​នៅ​ជា​មួយ ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​យាង​មក​នោះ​ទេ 25ដូច្នេះ ពួក​សិស្ស​ឯ​ទៀត​ប្រាប់​គាត់​ថា យើង​បាន​ឃើញ​ព្រះ‌អម្ចាស់ តែ​គាត់​ឆ្លើយ​ថា បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​ព្រះ‌ហស្ត​ទ្រង់ ទាំង​លូក​ម្រាម​ទៅ​ក្នុង​ស្នាម​ដែក​គោល​នោះ ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ក្នុង​ចំហៀង​ទ្រង់ នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ 26ដល់​៨​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ទ្រង់​នៅ​ក្នុង​ផ្ទះ​ម្តង​ទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក ឈរ​កណ្តាល​ពួក​គេ ទាំង​ទ្វារ​នៅ​បិទ ហើយ​មាន​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត 27រួច​ទ្រង់​មាន​បន្ទូល​ទៅ​ថូម៉ាស​ថា ចូរ​លូក​ម្រាម​ដៃ​អ្នក​មក ស្ទាប​មើល​ដៃ​ខ្ញុំ​ឯ​ណេះ ហើយ​លូក​ដៃ​មក​ក្នុង​ចំហៀង​ខ្ញុំ​ផង កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ ត្រូវ​ឲ្យ​ជឿ​ចុះ 28នោះ​ថូម៉ាស​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ 29ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ថូម៉ាស​អើយ អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ។
30ព្រះ‌យេស៊ូវ​ក៏​ធ្វើ​ទី​សំគាល់​ជា​ច្រើន​ទៀត នៅ​មុខ​ពួក​សិស្ស​ទ្រង់ ដែល​មិន​បាន​ចែង​ទុក​ក្នុង​សៀវភៅ​នេះ​ទេ 31បាន​ចែង​ទុក​តែ​ប៉ុណ្ណេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត ដោយ‌សារ​ព្រះ‌នាម​ទ្រង់ ដោយ​មាន​សេចក្ដី​ជំនឿ។

ハイライト

シェア

コピー

None

すべてのデバイスで、ハイライト箇所を保存したいですか? サインアップまたはサインインしてください。