យ៉ូហាន 8
8
2ដល់ព្រលឹមឡើង ទ្រង់យាងត្រឡប់ទៅក្នុងព្រះវិហារ ហើយបណ្តាជនក៏មកឯទ្រង់ នោះទ្រង់គង់ចុះបង្រៀនគេ 3រួចពួកអាចារ្យ នឹងពួកផារិស៊ី គេនាំស្ត្រីម្នាក់ ដែលបានទាន់នៅដំណេកមកឯទ្រង់ កាលគេដាក់ស្ត្រីនោះ នៅកណ្តាលជំនុំហើយ នោះក៏ទូលថា 4លោកគ្រូ ស្ត្រីនេះគេចាប់បាន កំពុងដែលសហាយស្មន់នឹងគ្នា 5រីឯក្នុងក្រិត្យវិន័យ លោកម៉ូសេបានបង្គាប់ ឲ្យយើងខ្ញុំចោលស្ត្រីយ៉ាងនេះនឹងថ្ម ដូច្នេះ តើលោកគិតដូចម្តេច 6គេទូលដូច្នោះ ដើម្បីនឹងល្បងលទ្រង់ទេ ប្រយោជន៍ឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែ ព្រះយេស៊ូវទ្រង់ឱនទៅសរសេរនៅដី ដោយព្រះអង្គុលីវិញ 7តែដោយព្រោះគេចេះតែសួរ បានជាទ្រង់ងើបឡើង មានបន្ទូលថា អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ 8រួចទ្រង់ក៏ឱនសរសេរនៅដីម្តងទៀត 9កាលបានឮពាក្យទាំងនោះ ហើយបញ្ញាចិត្តគេបានចោទប្រកាន់ទោសខ្លួន នោះគេក៏ថយចេញទៅម្នាក់ម្តងៗ ចាប់តាំងពីមនុស្សចាស់ជាងគេ ដរាបដល់អ្នកក្រោយបង្អស់ សល់នៅតែព្រះយេស៊ូវ នឹងស្ត្រីនោះ ដែលនៅចំពោះទ្រង់ប៉ុណ្ណោះ 10ព្រះយេស៊ូវងើបឡើងវិញ ឃើញតែស្ត្រីនោះ ក៏មានបន្ទូលទៅថា នាងអើយ ពួកដែលចោទប្រកាន់នាង តើនៅឯណា គ្មានអ្នកណាកាត់ទោសនាងទេឬអី 11នាងទូលឆ្លើយថា គ្មានទេ លោកម្ចាស់ រួចព្រះយេស៊ូវមានបន្ទូលទៅថា ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ។
12ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេម្តងទៀតថា ខ្ញុំជាពន្លឺលោកីយ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្ដីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ 13នោះពួកផារិស៊ីទូលថា អ្នកធ្វើបន្ទាល់ពីខ្លួនអ្នក ដូច្នេះ សេចក្ដីបន្ទាល់របស់អ្នកមិនពិតទេ 14ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ទោះបីខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ គង់តែសេចក្ដីបន្ទាល់នោះក៏ពិតដែរ ព្រោះខ្ញុំដឹងជាខ្ញុំមកពីណា ហើយទៅឯណាផង តែអ្នករាល់គ្នាមិនដឹងជាខ្ញុំមកពីណា ឬទៅឯណាទេ 15អ្នករាល់គ្នាជំនុំជំរះតាមសាច់ឈាម ឯខ្ញុំមិនជំនុំជំរះអ្នកណាទេ 16តែបើខ្ញុំជំនុំជំរះដែរ នោះសេចក្ដីជំនុំជំរះរបស់ខ្ញុំជាពិតវិញ ពីព្រោះខ្ញុំមិននៅតែឯងទេ គឺមានព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់គង់ជាមួយផង 17ហើយក្នុងក្រិត្យវិន័យរបស់អ្នករាល់គ្នា ក៏មានពាក្យចែងទុកមកថា សេចក្ដីបន្ទាល់របស់មនុស្ស២នាក់ នោះពិតហើយ 18ដូច្នេះ មានខ្ញុំនេះ១ ដែលធ្វើបន្ទាល់ពីខ្លួនខ្ញុំ ហើយមានព្រះវរបិតា១ដែលចាត់ឲ្យខ្ញុំមក ទ្រង់ក៏ធ្វើបន្ទាល់ពីខ្ញុំដែរ 19នោះគេទូលសួរថា តើព្រះវរបិតាអ្នកនៅឯណា ព្រះយេស៊ូវទ្រង់ឆ្លើយថា អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ឬព្រះវរបិតាខ្ញុំទេ បើសិនជាអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះនឹងស្គាល់ដល់ព្រះវរបិតាខ្ញុំដែរ 20ព្រះយេស៊ូវទ្រង់មានបន្ទូលពាក្យទាំងនេះនៅត្រង់ឃ្លាំង កំពុងដែលទ្រង់បង្រៀន នៅក្នុងព្រះវិហារ តែគ្មានអ្នកណាចាប់ទ្រង់ទេ ព្រោះកំណត់របស់ទ្រង់មិនទាន់ដល់នៅឡើយ។
21ព្រះយេស៊ូវមានបន្ទូលទៅគេម្តងទៀតថា ខ្ញុំនឹងទៅបាត់ ឯកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេ អ្នករាល់គ្នានឹងរកខ្ញុំ ហើយនឹងស្លាប់ក្នុងអំពើបាបរបស់អ្នករាល់គ្នាវិញ 22ពួកសាសន៍យូដាក៏និយាយគ្នាថា តើអ្នកនេះនឹងសំឡាប់ខ្លួនឯងឬអី បានជាថា កន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេ 23ទ្រង់មានបន្ទូលថា អ្នករាល់គ្នាមកពីស្ថានក្រោម ឯខ្ញុំៗមកពីស្ថានលើវិញ អ្នករាល់គ្នាកើតពីលោកីយនេះ តែខ្ញុំមិនកើតពីលោកីយនេះទេ 24ហេតុនោះបានជាខ្ញុំប្រាប់ថា អ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួន ពីព្រោះបើមិនជឿថា ខ្ញុំនេះជាព្រះ នោះអ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនពិតមែន 25ដូច្នេះ គេទូលសួរទ្រង់ថា តើអ្នកជាអ្វី ព្រះយេស៊ូវមានបន្ទូលឆ្លើយថា គឺដូចជាខ្ញុំបានប្រាប់អ្នករាល់គ្នា ពីដើមរៀងមកនោះឯង 26ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ហើយជំនុំជំរះពីដំណើរអ្នករាល់គ្នា ប៉ុន្តែព្រះអង្គដែលចាត់ឲ្យខ្ញុំមក ទ្រង់ពិតប្រាកដ ហើយសេចក្ដីអ្វីដែលខ្ញុំបានឮពីទ្រង់ នោះខ្ញុំក៏ប្រាប់ដល់មនុស្សលោកដែរ 27តែគេមិនដឹងជាទ្រង់មានបន្ទូលនឹងគេ ពីព្រះវរបិតាទេ 28ដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា កាលណាអ្នករាល់គ្នាបានលើកកូនមនុស្សឡើង នោះទើបនឹងដឹងថា គឺខ្ញុំនេះហើយជាព្រះ ហើយថា ខ្ញុំមិនធ្វើការអ្វីដោយអាងខ្លួនខ្ញុំ គឺខ្ញុំនិយាយសេចក្ដីទាំងនេះ តាមដែលព្រះវរបិតាបានបង្រៀនខ្ញុំវិញ 29ព្រះអង្គនោះ ដែលចាត់ឲ្យខ្ញុំមក ក៏គង់ជាមួយនឹងខ្ញុំ ទ្រង់មិនទុកឲ្យខ្ញុំនៅតែឯងទេ ពីព្រោះខ្ញុំចេះតែធ្វើការ ដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប 30កំពុងដែលទ្រង់មានបន្ទូលសេចក្ដីទាំងនេះ នោះមានមនុស្សជាច្រើនបានជឿដល់ទ្រង់។
31នោះព្រះយេស៊ូវមានបន្ទូល ទៅពួកសាសន៍យូដាដែលជឿដល់ទ្រង់ថា បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន 32អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច 33គេទូលឆ្លើយថា យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ ក៏មិនដែលធ្វើជាបាវបំរើរបស់អ្នកណាឡើយ ម្តេចក៏អ្នកថា យើងនឹងបានរួចដូច្នេះ 34ព្រះយេស៊ូវមានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប នោះជាបាវបំរើរបស់អំពើបាបនោះហើយ 35រីឯបាវបំរើ គេមិននៅជាប់ក្នុងផ្ទះជាដរាបទេ តែព្រះរាជបុត្រា ទ្រង់នៅជាប់អស់កល្បជានិច្ចវិញ 36ដូច្នេះ បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត 37ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជលោកអ័ប្រាហាំ ប៉ុន្តែ អ្នករាល់គ្នារកសំឡាប់ខ្ញុំ ពីព្រោះពាក្យខ្ញុំគ្មានកន្លែងដក់នៅក្នុងចិត្តរបស់អ្នករាល់គ្នាទេ 38ឯខ្ញុំៗនិយាយតែសេចក្ដីណា ដែលខ្ញុំបានឃើញនៅឯព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាធ្វើតែការ ដែលបានឃើញនៅឯឪពុករបស់អ្នករាល់គ្នាវិញ 39គេទូលឆ្លើយថា គឺលោកអ័ប្រាហាំ ជាឪពុកនៃយើងរាល់គ្នា ព្រះយេស៊ូវមានបន្ទូលថា បើអ្នករាល់គ្នាជាពូជលោកអ័ប្រាហាំពិត នោះនឹងធ្វើតាមលោកជាប្រាកដ 40តែឥឡូវនេះ អ្នករាល់គ្នារកចង់សំឡាប់ខ្ញុំវិញ ជាមនុស្សដែលយកសេចក្ដីពិត ដែលបានឮពីព្រះ មកប្រាប់ដល់អ្នករាល់គ្នា លោកអ័ប្រាហាំមិនបានធ្វើដូច្នោះទេ 41អ្នករាល់គ្នាធ្វើតាមតែឪពុករបស់ខ្លួន ដូច្នេះ គេទូលថា យើងរាល់គ្នាមិនមែនជាកូនសហាយទេ យើងមានព្រះវរបិតាតែ១ គឺជាព្រះ 42ព្រះយេស៊ូវមានបន្ទូលថា បើព្រះជាព្រះវរបិតានៃអ្នករាល់គ្នាមែន នោះអ្នកនឹងបានស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមក ហើយក៏មកដល់ មិនមែនមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ឲ្យខ្ញុំមកទេតើ 43ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់សំដីខ្ញុំ គឺមកតែពីស្តាប់ពាក្យខ្ញុំមិនបានប៉ុណ្ណោះ 44អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្ដីពិត ព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង 45ដោយព្រោះតែខ្ញុំនិយាយសេចក្ដីពិត បានជាអ្នករាល់គ្នាមិនជឿខ្ញុំ 46តើមានពួកអ្នករាល់គ្នាណាមួយចាប់ប្រកាន់ខ្ញុំ ពីអំពើបាបបានឬទេ តែបើខ្ញុំនិយាយសេចក្ដីពិតវិញ ហេតុអ្វីបានជាមិនជឿដល់ខ្ញុំសោះ 47អ្នកណាដែលកើតអំពីព្រះ នោះក៏ស្តាប់តាមព្រះបន្ទូលនៃព្រះដែរ ឯអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ។
48នោះពួកសាសន៍យូដាទូលទ្រង់ថា តើយើងមិននិយាយត្រូវថា អ្នកជាសាសន៍សាម៉ារី ហើយមានអារក្សចូលទេឬអី 49ព្រះយេស៊ូវទ្រង់ឆ្លើយថា ខ្ញុំគ្មានអារក្សចូលទេ ខ្ញុំគោរពប្រតិបត្តិចំពោះព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាត្មះតិះដៀលខ្ញុំវិញ 50ឯខ្ញុំ មិនមែនរកកិត្តិសព្ទចំពោះខ្លួនទេ មានព្រះ១អង្គដែលរកឲ្យខ្ញុំវិញ ហើយទ្រង់ក៏ជំនុំជំរះផង 51ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណាកាន់តាមពាក្យខ្ញុំ អ្នកនោះមិនត្រូវឃើញសេចក្ដីស្លាប់ នៅអស់កល្បរៀងទៅ 52ដូច្នេះ ពួកសាសន៍យូដាទូលថា ឥឡូវនេះ យើងដឹងជាប្រាកដថា អ្នកមានអារក្សចូលពិតមែន ព្រោះលោកអ័ប្រាហាំ នឹងពួកហោរា បានស្លាប់អស់ហើយ តែអ្នកថា បើអ្នកណាកាន់តាមពាក្យអ្នក នោះមិនដែលភ្លក់សេចក្ដីស្លាប់ នៅអស់កល្បរៀងទៅវិញ 53តើអ្នកធំជាងលោកអ័ប្រាហាំ ជាឰយុកោយើង នឹងពួកហោរា ដែលស្លាប់ទៅហើយនោះឬអី តើអ្នកតាំងខ្លួនធ្វើជាអ្វី 54ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើសិនជាខ្ញុំដំកើងខ្លួនខ្ញុំ នោះកិត្តិសព្ទរបស់ខ្ញុំឥតមានប្រយោជន៍ទេ គឺព្រះវរបិតាខ្ញុំទេតើ ទ្រង់លើកដំកើងខ្ញុំ ដែលអ្នករាល់គ្នាថា ទ្រង់ជាព្រះនៃអ្នក 55តែអ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ ឯខ្ញុំៗស្គាល់ទ្រង់ បើខ្ញុំថាមិនស្គាល់ទ្រង់វិញ នោះខ្ញុំនឹងទៅជាអ្នកភូតភរដូចអ្នករាល់គ្នាដែរ ប៉ុន្តែខ្ញុំស្គាល់ទ្រង់ពិត ហើយក៏កាន់តាមព្រះបន្ទូលទ្រង់ផង 56លោកអ័ប្រាហាំ ជាឰយុកោអ្នករាល់គ្នា លោកបានត្រេកអរដោយឃើញគ្រាខ្ញុំ លោកក៏បានឃើញមែន ហើយមានសេចក្ដីរីករាយ 57ដូច្នេះ ពួកសាសន៍យូដាទូលទ្រង់ថា អាយុអ្នកមិនទាន់ដល់៥០ឆ្នាំផង ហើយអ្នកថា បានឃើញលោកអ័ប្រាហាំដែរឬ 58ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មុនដែលលោកអ័ប្រាហាំកើតមក នោះមានខ្ញុំហើយ 59ដូច្នេះ គេរើសថ្មនឹងចោលព្រះយេស៊ូវ តែទ្រង់បានបំបាំងដល់គេ រួចយាងកាត់កណ្តាលពួកគេ ចេញពីព្រះវិហារផុតទៅ។
© BFBS/UBS 1954, 1962. All Rights Reserved.