លោកុ‌ប្បត្តិ 6

6
អំពើ​អាក្រក់​របស់​មនុស្ស
1កាល​មនុស្ស​ចាប់​ផ្តើម​មាន​គ្នា​ច្រើន​ឡើង​នៅ​លើ​ផែន‌ដី ហើយ​គេ​បង្កើត​បាន​កូន​ស្រីៗ 2នោះ​កូន​ប្រុសៗ​របស់​ព្រះ ឃើញ​ថា កូន​ស្រីៗ​របស់​មនុស្ស​ស្រស់​ល្អ គេ​ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​រប​ស់​គេ។ 3ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «វិញ្ញាណ​របស់​យើង​នឹង​មិន​នៅ​ក្នុង​មនុស្ស​ជា​រៀង​រហូត​ឡើយ ដ្បិត​គេ​ជា​សាច់​ឈាម អាយុ​របស់​គេ​នឹង​បាន​ត្រឹម​តែ​មួយ​រយ​ម្ភៃ​ឆ្នាំ​ប៉ុណ្ណោះ»។ 4នៅ​សម័យ​នោះ មាន​មនុស្ស​មាឌ​ធំ​សម្បើម​នៅ​លើ​ផែន‌ដី ហើយ​ក្រោយ​មកក៏​នៅ​តែ​មាន​ដែរ កាល​កូន​ប្រុស​ៗ​របស់​ព្រះ​បានចូល​ទៅ​ឯ​កូន​ស្រី​ៗ​របស់​មនុស្ស នាង​ទាំង​នោះ​ក៏​បាន​បង្កើត​កូន​ឲ្យពួក​គេ។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពី​សម័យ​បុរាណ ជា​មនុស្ស​មាន​ឈ្មោះ​ល្បី។
5ព្រះ‌យេហូវ៉ា​ទត​ឃើញ​ថា អំពើ​អាក្រក់​របស់​មនុស្ស​បាន​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ផែន‌ដី ហើយ​ថា អស់​ទាំង​គំនិត​ក្នុង​ចិត្ត​របស់​គេ​ចេះ​តែ​អាក្រក់​ជានិច្ច​ដូច្នោះ 6ព្រះ‌យេហូវ៉ា​ស្តាយ​ដោយ​បាន​បង្កើត​មនុស្ស​មក​នៅ​លើ​ផែន‌ដី ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ។ 7ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​មនុស្ស​ដែល​យើង​បាន​បង្កើត​មក ឲ្យ​អស់​ពី​ផែន‌ដី ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​បួន សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស​ផង ដ្បិត​យើង​ស្តាយ​ដែល​បាន​បង្កើត​គេ​មក»។ 8ប៉ុន្តែ លោក​ណូអេ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។
ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​លោក​ណូអេ
9នេះ​ជាតំណ​វង្ស​របស់​លោក​ណូអេ។ លោក​ណូអេ​ជា​មនុស្ស​សុចរិត ហើយ​គ្រប់​លក្ខណ៍​នៅ​ជំនាន់​របស់​លោក លោក​បាន​ដើរ​ជា‌មួយ​ព្រះ។ 10លោក​ណូអេ​បង្កើត​បាន​កូន​ប្រុស​បី គឺ​សិម ហាំ និង​យ៉ា​ផែត។
11គ្រា​នោះ ផែន‌ដីបាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ហើយ​ផែន​ដី​មាន​ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។ 12ព្រះ‌ទ្រង់​ទត​ឃើញ​ថា ផែន‌ដី​ខូច​អាក្រក់ ដ្បិត​គ្រប់​ទាំង​សាច់​បាន​បង្ខូច​ផ្លូវ​របស់​ខ្លួន​នៅ​លើ​ផែន‌ដី។ 13ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​សម្រេច​ឲ្យ​សាច់​ទាំង​អស់​វិនាស​ផុត​ពី​មុខ​យើង ដ្បិត​ផែន‌ដី​ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ​ដោយ​សារ​គេ ឥឡូវ​នេះ យើង​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​ទៅ​ជា‌មួយ​នឹង​ផែន‌ដី។ 14ចូរ​យក​ឈើ​ម៉ៃសាក់​មក​ធ្វើ​ជា​ទូក​ធំ​សម្រាប់​អ្នក ត្រូវ​ធ្វើ​បន្ទប់​នៅ​ក្នុង​ទូក​នោះ ហើយ​យក​ជ័រ​មក​លាប ទាំង​ក្នុងទាំង​ក្រៅផង។ 15អ្នក​ត្រូវ​ធ្វើ​យ៉ាង​ដូច្នេះ គឺ​បណ្តោយ​បី​រយ​ហត្ថ ទទឹង​ហាសិប​ហត្ថ និង​កម្ពស់​សាម​សិប​ហត្ថ។ 16ត្រូវ​ធ្វើ​ដំបូល​មួយ គ្រប​ពី​លើ​ទូក ហើយ​ធ្វើ​ឲ្យ​មាន​កម្ពស់​មួយ​ហត្ថ ត្រូវ​ឲ្យ​មាន​ទ្វារ​នៅ​ពី​ចំហៀង​ទូក ត្រូវ​ធ្វើ​ឲ្យ​មាន​ថ្នាក់​ក្រោម ថ្នាក់​ទី​ពីរ និង​ថ្នាក់​ទី​បី។ 17ដ្បិត​មើល៍ យើង​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​លើ​ផែន‌ដី ដើម្បី​បំផ្លាញ​គ្រប់​ទាំង​សាច់​ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្រោម​មេឃ អ្វីៗ​ទាំង​អស់​នៅ​លើ​ផែន‌ដី​នឹង​ត្រូវ​ស្លាប់។ 18ប៉ុន្ដែ យើង​នឹង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ្នក ហើយ​អ្នក​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ជា‌មួយ​កូន​ប្រុសៗ ប្រពន្ធ និង​កូន​ប្រសា​ស្រី​របស់​អ្នក។ 19ឯ​អស់​ទាំង​សាច់​ដែល​មាន​ជីវិត​ទាំង​ឡាយ អ្នក​ត្រូវ​នាំ​យក​សត្វ​មួយ​គូៗ​គ្រប់​ទាំង​ពូជ ទាំង​ឈ្មោល​ទាំង​ញី ចូល​ទៅ​ក្នុង​ទូក ដើម្បី​ឲ្យ​បាន​រួច​ជីវិត​ជា‌មួយ​អ្នក។ 20គឺ​សត្វ​ហើរ​តាម​ពូជ សត្វ​ជើង​បួន​តាម​ពូជ ទាំង​សត្វ​លូន​វារ​នៅ​ដី​គ្រប់​មុខ​តាម​ពូជ គ្រប់​ទាំង​ពូជ​សត្វ​មួយ​គូៗ​នឹង​មក​ឯ​អ្នក ដើម្បី​ឲ្យ​បាន​រួច​ជីវិត។ 21ត្រូវ​យក​អាហារ​គ្រប់​មុខ​ដែល​ធ្លាប់​បរិ‌ភោគ ប្រមូល​មក​ទុក​ជា​ស្បៀង​សម្រាប់​អ្នក និង​សម្រាប់​សត្វ​ទាំង​នោះ​ដែរ»។ 22លោក​ណូ​អេ​ក៏​ធ្វើ​ដូច្នោះមែន គឺ​លោក​បាន​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់។

ハイライト

シェア

コピー

None

すべてのデバイスで、ハイライト箇所を保存したいですか? サインアップまたはサインインしてください。