២ កូរិន‌ថូស 12:1-12

២ កូរិន‌ថូស 12:1-12 ពគប

ប្រាកដ​ជា​គ្មាន​ប្រយោជន៍​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ប៉ុន្តែ ខ្ញុំ​នឹង​និយាយ​ពី​ការ​ជាក់​ស្តែង នឹង​ការ​បើក​សំដែង​មក​ពី​ព្រះ‌អម្ចាស់​ទៀត ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះ‌គ្រីស្ទ ដែល​បាន​លើក​ឡើង​ទៅ​ស្ថាន‌សួគ៌ នៅ​ជាន់​ទី​៣ នោះ​ប្រហែល​១៤​ឆ្នាំ​មក​ហើយ ទោះ​បើ​ក្នុង​រូប‌កាយ ឬ​ក្រៅ​ពី​រូប‌កាយ នោះ​ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ដែល​ទ្រង់​ជ្រាប ខ្ញុំ​ស្គាល់​មនុស្ស​នោះ (ទោះ​បើ​ក្នុង​រូប‌កាយ ឬ​ក្រៅ​ពី​រូប‌កាយ​ក្តី ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ដែល​ទ្រង់​ជ្រាប) ថា អ្នក​នោះ​បាន​លើក​ឡើង​ដល់​ស្ថាន‌បរម‌សុខ ហើយ​បាន​ឮ​ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​បាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ ខ្ញុំ​នឹង​មាន​សេចក្ដី​អំនួត​ពី​មនុស្ស​នោះ ខ្ញុំ​មិន​អួត​ពី​ខ្លួន​ខ្ញុំ​ទេ លើក​តែ​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ​ចេញ ទោះ​បើ​ខ្ញុំ​ចង់​អួត​ខ្លួន នោះ​គង់​តែ​ខ្ញុំ​មិន​មែន​ខ្លៅ​ល្ងង់​ទេ ដ្បិត​ខ្ញុំ​និយាយ​តាម​តែ​សេចក្ដី​ពិត ប៉ុន្តែ ខ្ញុំ​ឈប់​ស្លេះ​ចុះ ក្រែង​អ្នក​ណា​រាប់​ខ្ញុំ ទុក​ជា​លើស​ជាង​ភាព​ដែល​ឃើញ ឬ​ឮ​និយាយ​ពី​ខ្ញុំ។ ហើយ​ក្រែង​ខ្ញុំ​កើត​មាន​ចិត្ត​ធំ ដោយ​ព្រោះ​ការ​បើក​សំដែង​ដ៏​ហួស​ល្បត់​នោះ បាន​ជា​មាន​បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម​ខ្ញុំ គឺ​ជា​ទេវតា​របស់​អារក្ស​សាតាំង ដែល​មក​ធ្វើ​ទុក្ខ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ធំ​ឡើយ ខ្ញុំ​បាន​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​៣​ដង ឲ្យ​សេចក្ដី​នោះ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ តែ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្ដី​កំសោយ ដូច្នេះ ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ‌ចេស្តា​នៃ​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ ហេតុ​នោះ​បាន​ជា​ខ្ញុំ​អរ​សប្បាយ​ក្នុង​កាល​ដែល​មាន​សេចក្ដី​កំសោយ ក្នុង​កាល​ដែល​គេ​ត្មះ‌តិះដៀល ក្នុង​សេចក្ដី​លំបាក កាល​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន ហើយ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​ចង្អៀត‌ចង្អល់ ដោយ​យល់​ដល់​ព្រះ‌គ្រីស្ទ ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ។ ខ្ញុំ​បាន​ត្រឡប់​ជា​ល្ងង់​ខ្លៅ ដោយ​សេចក្ដី​អំនួត គឺ​អ្នក​រាល់​គ្នា​បាន​បង្ខំ​ខ្ញុំ ដ្បិត​គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្ទុក‌ផ្តាក់​ខ្ញុំ​វិញ ទោះ​បើ​ខ្ញុំ​មិន​មែន​ជា​អ្វី​ក៏​ដោយ គង់​តែ​ខ្ញុំ​មិន​ចាញ់​ពួក​សាវក​ធំ​ណា​មួយ​នោះ​ទេ ពិត​មែន មាន​ភស្តុ‌តាង​បាន​កើត​ឡើង​ក្នុង​ពួក​អ្នក​រាល់​គ្នា ដើម្បី​នឹង​បញ្ជាក់​ការ‌ងារ​ជា​សាវក​របស់​ខ្ញុំ ដោយ​ការ​អត់​ធន់ ដោយ​ទី​សំគាល់ ការ​អស្ចារ្យ នឹង​ការ​ឬទ្ធិ‌បារមី​គ្រប់​យ៉ាង