អូបា‌ឌា 1:4-9

អូបា‌ឌា 1:4-9 ពគប

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទោះ​បើ​ឯង​ហើរ​ឡើង​ទៅ​យ៉ាង​ខ្ពស់ ដូច​ជា​ឥន្ទ្រី ហើយ​ធ្វើ​សំបុក​ឯង​នៅ​កណ្តាល​អស់​ទាំង​ផ្កាយ​ក៏​ដោយ គង់​តែ​អញ​នឹង​នាំ​ឯង​ចុះ​ពី​ទី​នោះ​មក​ដែរ។ បើ​សិន​ជា​មាន​ចោរ​មក​លួច​ឯង បើ​ពួក​ចោរ​មក​ប្លន់​ឯង នៅ​ពេល​យប់ ឱ​ម៉្លេះ​សម​ឯង​នឹង​ត្រូវ​អន្តរាយ​យ៉ាង​ណា​ហ្ន៎ នោះ​តើ​គេ​មិន​គ្រាន់​តែ​លួច​ឲ្យ​ល្មម​តែ​ស្កប់​ចិត្ត​ទេ​ឬ បើ​ពួក​ស៊ី​ឈ្នួល​ដោយ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ បាន​មក​ធ្វើ​ការ​ឲ្យ​ឯង នោះ​តើ​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​ប្រឡេះ​តាម​ក្រោយ​ទេ​ឬ ឱ​អេសាវ​ត្រូវ​ឆែក‌ឆេរ​យ៉ាង​ណា​ហ្ន៎ គេ​បាន​រាវ​រក​ទ្រព្យ​សម្បត្តិ​លាក់​ទុក​របស់​គេ​យ៉ាង​ណា​ហ្ន៎ គ្រប់​អស់​អ្នក​ដែល​បាន​ពួត‌ដៃ​ជា​មួយ​នឹង​ឯង គេ​បាន​បណ្តេញ​ឯង រហូត​ទៅ​ដល់​ព្រំ​ស្រុក​ហើយ ពួក​មនុស្ស​ដែល​បាន​ចង​ស្ពាន​មេត្រី​នឹង​ឯង គេ​បាន​បញ្ឆោត​ឯង ក៏​បាន​ឈ្នះ​ផង ពួក​អ្នក​ដែល​បរិភោគ​អាហារ​របស់​ឯង គេ​បាន​ដាក់​អន្ទាក់​ចាប់​ឯង​ហើយ ឯង​ក៏​មិន​បាន​យល់​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ តើ​មិន​ត្រូវ​ឲ្យ​អញ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ ចេញ​ពី​ស្រុក​អេដំម​បង់ ហើយ​ទាំង​យោបល់​ពី​ស្រុក​ភ្នំ​របស់​អេសាវ​ផង​ទេ​ឬ​អី ឯ​ពួក​មនុស្ស​ខ្លាំង​ពូកែ​របស់​ឯង ឱ​ថេម៉ាន​អើយ គេ​នឹង​ត្រូវ​ស្រយុត​ចិត្ត ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​កាត់​ចេញ​ពី​ស្រុក​ភ្នំ​របស់​អេសាវ ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សំបើម។

អាន អូបា‌ឌា 1