ហូសេ 4

4
ព្រះ​ចោទ​ប្រកាន់​អ៊ីស្រា‌អែល
1ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ
ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ
ដ្បិត​ព្រះ‌យេហូវ៉ា​មាន​រឿង​ទាស់​នឹង​ពួក​អ្នក​ស្រុក​នេះ
ដ្បិត​គ្មាន​សេចក្ដី​ស្មោះ​ត្រង់
គ្មាន​ភក្ដី‌ភាព ហើយ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ
នៅ​ក្នុង​ស្រុក​នេះ​ឡើយ
2ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ប្រទេច​ផ្ដាសា ភូត​កុហក
កាប់​សម្លាប់ លួច​ប្លន់ ហើយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់
គេ​រឹប​ជាន់ ហើយ​កម្ចាយ​ឈាម​ជា​បន្ត​បន្ទាប់។
3ហេតុនេះ ស្រុក​នេះ​នឹង​ត្រូវ​សោយ‌សោក
ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ស្រុក
គេ​នឹង​ល្វើយ​ទៅ ព្រម​ទាំង​សត្វ​ព្រៃ
និង​សត្វ​ហើរ​លើ​អាកាស​ផង
សូម្បី​តែ​ត្រី​នៅ​សមុទ្រ​ក៏​ត្រូវ​ដក​ចេញ​ដែរ។
4ប៉ុន្តែ មិន​ត្រូវ​ឲ្យ​អ្នក​ណា​ជំទាស់
ឬ​ស្តី​បន្ទោស​គ្នា​ឡើយ
ដ្បិត ឱ​សង្ឃ​អើយ
យើង​ជំទាស់​នឹង​អ្នក​តែ​ប៉ុណ្ណោះ។
5អ្នក​នឹង​ត្រូវ​ជំពប់​ដួល​នៅ​ពេល​ថ្ងៃ
ហោរា​ក៏​នឹង​ជំពប់​ដួល​ជា​មួយ​អ្នក នៅ​ពេល​យប់​ដែរ
យើង​នឹង​បំផ្លាញ​ម្តាយ​របស់​អ្នក។
6ប្រជា‌រាស្ត្រ​របស់​យើង​ត្រូវ​វិនាស​ទៅ
ដោយ​ព្រោះ​មិន​ស្គាល់​យើង
ដោយ​ព្រោះ​អ្នក​មិន​ព្រម​ស្គាល់​យើង
នោះ​យើង​ក៏​មិន​ព្រម​ទទួល​អ្នក​ជា​សង្ឃ​ដល់​យើង​ដែរ
ហើយ​ដោយ​ហេតុ​ដែល​អ្នក
បាន​បំ​ភ្លេច​ច្បាប់​របស់​ព្រះ​នៃ​អ្នក
យើង​ក៏​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដូច​គ្នា។
7គេ​មាន​ចំនួន​កាន់​តែ​ច្រើន​ប៉ុណ្ណា
គេ​ក៏​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​យើង
កាន់​តែ​ច្រើន​ប៉ុណ្ណោះ​ដែរ
គេ​បាន​ប្ដូរ​សិរីល្អ​របស់​គេ
ឲ្យ​ទៅ​ជា​សេចក្ដី​អាម៉ាស់!
8គេ​ចិញ្ចឹម​ជីវិត​ដោយ​តង្វាយ​លោះ​បាប
របស់​ប្រជា​រាស្ត្រ​យើង
គេសប្បាយ​ចិត្ត ពេល​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប។
9នៅ​គ្រា​នោះ ប្រជា‌ជន​ជា​យ៉ាង​ណា
សង្ឃ​ក៏​នឹង​យ៉ាង​នោះ​ដែរ
ហើយ​យើង​នឹង​ដាក់​ទោស​គេ
ដោយ​ព្រោះ​អំពើ​ដែល​គេ​ប្រព្រឹត្ត
ព្រម​ទាំង​សង​ដល់​គេ តាម​កិរិយា​របស់​គេ​ផង។
10គេ​នឹង​បរិភោគ តែ​មិនចេះ​ឆ្អែត
ក៏​នឹង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
តែ​ឥត​បាន​ចម្រើន​គ្នា​ឡើង​ទេ
ព្រោះ​គេ​បាន​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា
11ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ។
ស្រា​ចាស់ និង​ស្រា​ថ្មី
ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​លែង​ចេះ​ពិចារណា។
12ប្រជា‌រាស្ត្រ​របស់​យើង​ទៅសុំ​យោបល់​ពី​ដុំ​ឈើ
ហើយឲ្យ​ដំបង​របស់​គេ​និយាយ​ប្រាប់​គេ
ដ្បិត​និស្ស័យ​នៃ​អំពើ​ពេស្យា​ចារ​បាន​នាំ​ឲ្យ​គេ​វង្វេង
គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ
ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន។
13គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន
ក៏​ដុត​កំញាន​នៅ​លើ​ទួល​ខ្ពស់ៗ
នៅ​ក្រោម​ដើម​ម៉ៃសាក់
ដើម​រលួស និង​ដើម​ពោធិ៍
ព្រោះ​ដើម​ទាំង​នោះ​មាន​ម្លប់​ល្អ។
ហេតុ​នេះ​ហើយ​បាន​ជា​កូន​ស្រី​របស់​អ្នក​រាល់​គ្នា
ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
ហើយ​កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា
ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ។
14យើង​នឹង​មិន​ដាក់​ទោស​កូន​ស្រី​របស់​អ្នករាល់​គ្នា
នៅ​ពេល​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ
ក៏​មិន​ដាក់​ទោស​កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា
នៅ​ពេល​គេ​ប្រព្រឹត្ត​អំពើ​ផិតក្បត់​ដែរ
ដ្បិត​ខ្លួន​គេ​ជា​បុរស
ក៏​បាន​ដក​ខ្លួន​ទៅ​ជា​មួយ​ស្រី​ពេស្យា​ដែរ
គេ​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​ពួក​ស្រី​ពេស្យា​ក្នុង​ទីសក្ការៈ
ប្រជា‌ជន​ដែល​ឥត​គំនិត​យោបល់​បែប​នេះ
នឹង​ត្រូវ​វិនាស​ទៅ។
15ឱ​អ៊ីស្រា‌អែល​អើយ
ទោះ​បើ​អ្នក​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ​ក៏​ដោយ
ក៏​មិន​ត្រូវ​ឲ្យ​យូដា​ជាប់​មាន​ទោស​ឡើយ។
មិន​ត្រូវ​ចូល​ទៅ​គីល‌កាល
ក៏​មិន​ត្រូវ​ឡើង​ទៅ​បេត-អាវេន
ឬក៏​ស្បថ ក្នុង​នាម​ព្រះ‌យេហូវ៉ា
មាន​ព្រះ‌ជន្ម​រស់​នៅ​នោះ​ដែរ។
16ដ្បិត​អ៊ីស្រា‌អែល​រឹង​ចចេសដូច​គោ​ក្រមុំ​ក្រាញ
ឥឡូវ​នេះ តើ​ព្រះ‌យេហូវ៉ា​ត្រូវ​ឃ្វាល​គេ
ដូច​ឃ្វាល​កូន​ចៀម
នៅ​វាល​ស្មៅ​ដ៏​ទូលំ​ទូលាយ​បាន​ឬ?
17អេប្រាអិម​បាន​ភ្ជាប់​ខ្លួន​នឹង​រូប​ព្រះ​ហើយ
តាម​តែ​គេ​ចុះ
18កាល​គេ​ផឹក​ស្រា​របស់​គេ​អស់​ហើយ
គេ​ក៏​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ
ពួក​មេ​ដឹក​នាំ​របស់​គេ​ចូល​ចិត្ត​តែ​អំពើ​ដ៏​អាម៉ាស់។
19ខ្យល់​បាន​ក្តោប​គេ​ដោយ​ស្លាប ហើយ​គេ​នឹង​ត្រូវ​ខ្មាស
ដោយ​ព្រោះ​យញ្ញ‌បូជា​របស់​ខ្លួន។

ទើបបានជ្រើសរើសហើយ៖

ហូសេ 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល