ប៉ុន្តែ សេចក្ដីដែលយើងប្រៀនប្រដៅក្នុងចំណោមអ្នកដែលមានជំនឿគ្រប់លក្ខណៈហើយនោះ ក៏ជាប្រាជ្ញាម្យ៉ាងដែរ តែមិនមែនជាប្រាជ្ញារបស់មនុស្សលោក ឬជាប្រាជ្ញារបស់អ្នកគ្រប់គ្រងមនុស្សលោកនេះ ដែលនឹងត្រូវវិនាសសាបសូន្យទៅនោះទេ។ យើងប្រៀនប្រដៅអំពីប្រាជ្ញារបស់ព្រះជាម្ចាស់ ដែលព្រះអង្គបង្កប់ន័យទុកតាមគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ គឺព្រះអង្គបានគ្រោងទុកថានឹងប្រទានសិរីរុងរឿងមកយើង។ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងមនុស្សលោកនេះ បានស្គាល់ប្រាជ្ញារបស់ព្រះអង្គទេ។ ប្រសិនបើគេពិតជាបានស្គាល់មែន គេមិនឆ្កាងព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងនោះឡើយ។ ប៉ុន្តែ ដូចមានចែងទុកមកថា៖ «អ្វីៗដែលភ្នែកមើលមិនឃើញ អ្វីៗដែលត្រចៀកស្ដាប់មិនឮ និងអ្វីៗដែលចិត្តមនុស្សនឹកមិនដល់នោះ ព្រះជាម្ចាស់បានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ» ។ ព្រះជាម្ចាស់បានសម្តែងឲ្យយើងដឹងអំពីគម្រោងការដ៏លាក់កំបាំងនោះ តាមរយៈព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ព្រះអង្គឈ្វេងយល់ដែរ។ ចំពោះមនុស្សលោក គ្មាននរណាយល់អំពីមនុស្សបាន ក្រៅពីវិញ្ញាណដែលនៅក្នុងខ្លួនគេនោះទេ។ រីឯព្រះជាម្ចាស់ក៏ដូច្នោះដែរ គ្មាននរណាម្នាក់យល់អំពីព្រះអង្គបាន ក្រៅពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នោះឡើយ។ ចំពោះយើង យើងពុំបានទទួលវិញ្ញាណលោកីយ៍ទេ គឺយើងបានទទួលព្រះវិញ្ញាណដែលមកពីព្រះជាម្ចាស់ ដើម្បីឲ្យស្គាល់អ្វីៗដែលព្រះអង្គប្រោសប្រទានមកយើង។ យើងនិយាយសេចក្ដីទាំងនេះ ដោយមិនប្រើពាក្យពេចន៍ដែលប្រាជ្ញារបស់មនុស្សបង្រៀននោះឡើយ គឺយើងប្រើតែពាក្យណាដែលព្រះវិញ្ញាណបង្រៀន ដើម្បីពន្យល់សេចក្ដីពិតខាងវិញ្ញាណដល់មនុស្សដែលបានទទួលព្រះវិញ្ញាណ។ រីឯមនុស្សដែលពុំបានទទួលព្រះវិញ្ញាណ ក៏ពុំអាចទទួលសេចក្ដីណាដែលមកពីព្រះវិញ្ញាណដែរ ព្រោះគេយល់ថាសេចក្ដីទាំងនោះជារឿងលេលា ហើយគេពុំអាចយល់ទេ មានតែព្រះវិញ្ញាណប៉ុណ្ណោះ ដែលប្រទានឲ្យមនុស្សយើងអាចវិនិច្ឆ័យសេចក្ដីទាំងនោះបាន។ រីឯអ្នកដែលបានទទួលព្រះវិញ្ញាណវិនិច្ឆ័យបានទាំងអស់ ហើយគ្មានអ្នកណាវិនិច្ឆ័យអ្នកនោះបានឡើយ ដ្បិតក្នុងគម្ពីរមានចែងថា៖ «តើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់? តើអ្នកណាអាចថ្វាយយោបល់ ព្រះអង្គបាន? »។ រីឯយើងវិញ យើងមានគំនិតរបស់ព្រះគ្រិស្ត*ហើយ។
អាន ១ កូរិនថូស 2
ស្ដាប់នូវ ១ កូរិនថូស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 2:6-16
12 Days
Scripture challenges us to seek wisdom above all things. In this plan, you’ll explore several verses each day that speak directly to wisdom—what it is, why it’s important, and how to develop it.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ