យ៉ូស្វេ 1:1-9

យ៉ូស្វេ 1:1-9 គខប

ក្រោយ​ពី​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​ជំនួយ​ការ​របស់​លោក​ម៉ូសេ​ថា៖ «ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង​បាន​ស្លាប់​ទៅ​ហើយ ឥឡូវ​នេះ ចូរ​អ្នក​ក្រោក​ឡើង ហើយ​នាំ​ប្រជា‌ជន​ទាំង​អស់​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឆ្ពោះ​ទៅ​កាន់​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ។ អ្នក​រាល់​គ្នា​ឈាន​ជើង​ជាន់​កន្លែង​ណា យើង​ប្រគល់​ឲ្យ​ទាំង​អស់ ដូច​យើង​បាន​សន្យា​ជា​មួយ​ម៉ូសេ​ស្រាប់​ហើយ ។ ទឹក​ដី​របស់​អ្នក​រាល់​គ្នា​នឹង​លាត​សន្ធឹង​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​លីបង់ និង​ចាប់​តាំង​ពី​ទន្លេ​អឺប្រាត ដែល​ជា​ទន្លេ​ធំ រហូត​ដល់​សមុទ្រ​ធំ​នៅ​ទិស​ខាង​លិច គឺ​ស្រុក​របស់​ជន‌ជាតិ​ហេត​ទាំង​មូល ។ ជា​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក គ្មាន​នរណា​អាច​ប្រឈម​មុខ​តទល់​នឹង​អ្នក​ឡើយ។ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ធ្លាប់​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​ដែរ។ យើង​នឹង​ជួយ​អ្នក​ជានិច្ច យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ប្រជា‌ជន​នេះ​ឲ្យ​គ្រប់‌គ្រង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ​ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ។ ដូច្នេះ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ*​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង​បាន​បង្គាប់។ មិន​ត្រូវ​ប្រាស​ចាក​ពី​ក្រឹត្យ‌វិន័យ​នេះ ដោយ​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​ជ័យ‌ជម្នះ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។ ត្រូវ​ទន្ទេញ​គម្ពីរ​នៃ​ក្រឹត្យ‌វិន័យ​នេះ​ជានិច្ច ត្រូវ​រិះគិត​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​ការ​អ្វី​ដែល​អ្នក​ធ្វើ បាន​ចម្រុង‌ចម្រើន និង​ទទួល​ជោគ‌ជ័យ។ តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ​ថា “ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច កុំ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។