ម៉ាឡាគី 2:14-16

ម៉ាឡាគី 2:14-16 គខប

អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ដូច្នេះ?” គឺ​កាល​ពី​នៅ​ក្មេង អ្នក​បាន​រៀបការ ដោយ​យក​ព្រះ‌អម្ចាស់​ធ្វើ​សាក្សី។ នាង​ជា​គូ‌ស្រករ ជា​ភរិយា​ពេញ​ច្បាប់​របស់​អ្នក តែ​អ្នក​បាន​ក្បត់​ចិត្ត​ចោល​នាង។ តើ​ព្រះ‌អម្ចាស់​មិន​បាន​ផ្សំ‌ផ្គុំ​អ្នក​ទាំង​ពីរ ឲ្យ​ទៅ​ជា​រូប​កាយ​តែ​មួយ មាន​ចិត្ត​គំនិត​តែ​មួយ​ទេ​ឬ? ព្រះអង្គ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​អ្វី? គឺ​ឲ្យ​អ្នក​ទាំង​ពីរ​បង្កើត​កូន​ចៅ ដែល​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់។ ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ គឺ​ម្នាក់ៗ​មិន​ត្រូវ​ក្បត់​ចិត្ត​ភរិយា ដែល​ខ្លួន​បាន​រៀបការ​តាំង​ពី​ក្មេង​នោះ​ឡើយ។ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ នឹង​ការ​លែង‌លះ​គ្នា​ទេ ហើយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ប្រព្រឹត្ត អំពើ​ឃោរ‌ឃៅ​បែប​នេះ ចំពោះ​ភរិយា​របស់​ខ្លួន​ដែរ! ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ មិន​ត្រូវ​មាន​ចិត្ត​ក្បត់​ឡើយ។