ម៉ាឡាគី 2:7-14

ម៉ាឡាគី 2:7-14 គខប

ពាក្យ​សម្ដី​របស់​បូជា‌ចារ្យ​បង្រៀន​មនុស្ស ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់ ហើយ​ក្រឹត្យ‌វិន័យ​ក៏​ហូរ​ចេញ​ពី​មាត់​បូជា‌ចារ្យ​ដែរ ព្រោះ​គាត់​ជា​អ្នក​នាំ​ព្រះ‌បន្ទូល​របស់ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​ពី​មាគ៌ា​នេះ ការ​បង្រៀន​របស់​អ្នក​រាល់​គ្នា បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ អ្នក​រាល់​គ្នា​បាន​បំពាន​លើ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​កុល‌សម្ព័ន្ធ​លេវី - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ ដូច្នេះ យើង​នឹង​ឲ្យ​ប្រជា‌ជន​ទាំង​មូល ប្រមាថ​មាក់‌ងាយ បន្តុះ‌បង្អាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​មិន​ធ្វើ​តាម​មាគ៌ា​របស់​យើង​ទេ ហើយ​អ្នក​រាល់​គ្នា​បង្រៀន​ក្រឹត្យ‌វិន័យ ដល់​ប្រជា‌ជន​ដោយ​រើស​មុខ»។ ពួក​យើង​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ​គត់ ហើយ​ព្រះ‌ជាម្ចាស់​ដែល​បង្កើត​ពួក​យើង​មក ក៏​មាន​តែ​មួយ​ព្រះអង្គ​ដែរ ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​យើង​ក្បត់​គ្នា ទៅ​វិញ​ទៅ​មក ដោយ​បំពាន​លើ​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយ បុព្វបុរស​របស់​ពួក​យើង​ដូច្នេះ? ជន‌ជាតិ​យូដា​បាន​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​នេះ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នៅ ស្រុក​អ៊ីស្រា‌អែល និង​នៅ​ក្រុង​យេរូ‌សាឡឹម។ យូដា​បាន​ប្រមាថ​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់ ជា​កន្លែង​ដែល​ព្រះអង្គ​ស្រឡាញ់ គឺ​ពួក​គេ​រៀបការ​ជា​មួយ​ស្ត្រី ដែល​ថ្វាយ‌បង្គំ​ព្រះ​ដទៃ។ សូម​ព្រះ‌អម្ចាស់​ដក​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ ចេញ​ពី​ចំណោម​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប ហើយ​កុំ​ឲ្យ​គេ​មាន​កូន​ចៅ ដើម្បី​ចូល​រួម​ថ្វាយ​តង្វាយ​ដល់ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ឡើយ។ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​មួយ​ទៀត គឺ​អ្នក​រាល់​គ្នា​យំ​សោក​សង្រេង សម្រក់​ទឹក​ភ្នែក ជោក​អាសនៈ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រោះ​ព្រះអង្គ​លែង​រវី‌រវល់​នឹង​តង្វាយ របស់​អ្នក​រាល់​គ្នា ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្វីៗ​ដែល អ្នក​រាល់​គ្នា​យក​មក​ថ្វាយ​ទេ។ អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ដូច្នេះ?” គឺ​កាល​ពី​នៅ​ក្មេង អ្នក​បាន​រៀបការ ដោយ​យក​ព្រះ‌អម្ចាស់​ធ្វើ​សាក្សី។ នាង​ជា​គូ‌ស្រករ ជា​ភរិយា​ពេញ​ច្បាប់​របស់​អ្នក តែ​អ្នក​បាន​ក្បត់​ចិត្ត​ចោល​នាង។