ម៉ាឡាគី 2:7-14
ម៉ាឡាគី 2:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពាក្យសម្ដីរបស់បូជាចារ្យបង្រៀនមនុស្ស ឲ្យស្គាល់ព្រះជាម្ចាស់ ហើយក្រឹត្យវិន័យក៏ហូរចេញពីមាត់បូជាចារ្យដែរ ព្រោះគាត់ជាអ្នកនាំព្រះបន្ទូលរបស់ ព្រះអម្ចាស់នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបានងាកចេញពីមាគ៌ានេះ ការបង្រៀនរបស់អ្នករាល់គ្នា បាននាំមនុស្សជាច្រើនឲ្យវង្វេង។ អ្នករាល់គ្នាបានបំពានលើសម្ពន្ធមេត្រី ដែលយើងបានចងជាមួយកុលសម្ព័ន្ធលេវី - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ដូច្នេះ យើងនឹងឲ្យប្រជាជនទាំងមូល ប្រមាថមាក់ងាយ បន្តុះបង្អាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាមិនធ្វើតាមមាគ៌ារបស់យើងទេ ហើយអ្នករាល់គ្នាបង្រៀនក្រឹត្យវិន័យ ដល់ប្រជាជនដោយរើសមុខ»។ ពួកយើងទាំងអស់គ្នាមានឪពុកតែមួយគត់ ហើយព្រះជាម្ចាស់ដែលបង្កើតពួកយើងមក ក៏មានតែមួយព្រះអង្គដែរ ហេតុដូចម្ដេចបានជាពួកយើងក្បត់គ្នា ទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានចងជាមួយ បុព្វបុរសរបស់ពួកយើងដូច្នេះ? ជនជាតិយូដាបានក្បត់នឹងសម្ពន្ធមេត្រីនេះ ពួកគេបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើមនៅ ស្រុកអ៊ីស្រាអែល និងនៅក្រុងយេរូសាឡឹម។ យូដាបានប្រមាថទីសក្ការៈរបស់ព្រះអម្ចាស់ ជាកន្លែងដែលព្រះអង្គស្រឡាញ់ គឺពួកគេរៀបការជាមួយស្ត្រី ដែលថ្វាយបង្គំព្រះដទៃ។ សូមព្រះអម្ចាស់ដកអ្នកដែលប្រព្រឹត្តដូច្នេះ ចេញពីចំណោមពូជពង្សរបស់លោកយ៉ាកុប ហើយកុំឲ្យគេមានកូនចៅ ដើម្បីចូលរួមថ្វាយតង្វាយដល់ ព្រះអម្ចាស់នៃពិភពទាំងមូលឡើយ។ អ្នករាល់គ្នាបានប្រព្រឹត្តការមួយទៀត គឺអ្នករាល់គ្នាយំសោកសង្រេង សម្រក់ទឹកភ្នែក ជោកអាសនៈរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រោះព្រះអង្គលែងរវីរវល់នឹងតង្វាយ របស់អ្នករាល់គ្នា ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអ្វីៗដែល អ្នករាល់គ្នាយកមកថ្វាយទេ។ អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាដូច្នេះ?” គឺកាលពីនៅក្មេង អ្នកបានរៀបការ ដោយយកព្រះអម្ចាស់ធ្វើសាក្សី។ នាងជាគូស្រករ ជាភរិយាពេញច្បាប់របស់អ្នក តែអ្នកបានក្បត់ចិត្តចោលនាង។
ម៉ាឡាគី 2:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតគួរឲ្យបបូរមាត់របស់សង្ឃរក្សាទុកនូវយោបល់ ហើយគួរឲ្យមនុស្សស្វែងរកក្រឹត្យវិន័យពីមាត់គេ ដ្បិតគេជាទូតរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ តែអ្នករាល់គ្នាបានទាសចេញពីផ្លូវ ក៏បាននាំឲ្យមនុស្សជាច្រើនជំពប់ដួលក្នុងក្រឹត្យវិន័យដែរ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា អ្នករាល់គ្នាបានបង្ខូចសេចក្ដីសញ្ញារបស់លេវីហើយ ហេតុនោះ យើងក៏បានធ្វើឲ្យអ្នករាល់គ្នាជាទីមើលងាយ នៅចំពោះមុខជនទាំងឡាយដែរ ព្រោះអ្នករាល់គ្នាមិនបានកាន់តាមផ្លូវរបស់យើង គឺបានបង្រៀនក្រឹត្យវិន័យដោយរើសមុខ»។ «តើយើងទាំងអស់គ្នាមិនមានឪពុកតែមួយទេឬ? តើមិនមែនជាព្រះតែមួយ ដែលបង្កើតយើងរាល់គ្នាមកទេឬ? ហេតុអ្វីបានជាយើងប្រព្រឹត្តក្បត់ ចំពោះបងប្អូនខ្លួន ទាំងបង្អាប់សេចក្ដីសញ្ញារបស់បុព្វបុរសយើងដូច្នេះ? ពួកយូដាបានក្បត់ហើយ ក៏មានគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅក្នុងពួកអ៊ីស្រាអែល និងនៅក្រុងយេរូសាឡិមដែរ ដ្បិតយូដាបានប្រមាថទីបរិសុទ្ធរបស់ព្រះយេហូវ៉ា ដែលព្រះអង្គស្រឡាញ់ គឺគេបានរៀបការជាមួយកូនស្រីរបស់ព្រះដទៃ។ សូមព្រះយេហូវ៉ាដកគេចេញពីពួកយ៉ាកុបទៅ ចំពោះមនុស្សដែលប្រព្រឹត្តអំពើដូច្នេះ ជាអ្នកដែលយកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ានៃពួកពលបរិវារផង។ មានការមួយទៀតដែលអ្នករាល់គ្នាធ្វើ គឺអ្នករាល់គ្នាគ្របបាំងអាសនានៃព្រះយេហូវ៉ា ដោយទឹកភ្នែក ដោយយំសោក ហើយស្រែកថ្ងូរ បានជាព្រះអង្គមិនទតមើលតង្វាយទៀតឡើយ ក៏មិនទទួលពីដៃអ្នករាល់គ្នាដោយព្រះហឫទ័យស្មោះដែរ។ អ្នករាល់គ្នាសួរថា "ហេតុអ្វីបានជាព្រះអង្គមិនទទួល?" ព្រោះព្រះយេហូវ៉ាជាសាក្សីរវាងអ្នកនឹងប្រពន្ធដែលអ្នកបានគ្នាពីកាលក្រមុំកំលោះនោះ ទោះបើនាងជាគូរបស់អ្នក ហើយជាប្រពន្ធពេញច្បាប់ក៏ដោយ តែអ្នកបានក្បត់នឹងនាងដែរ។
ម៉ាឡាគី 2:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតគួរឲ្យបបូរមាត់របស់សង្ឃរក្សាទុកនូវយោបល់ ហើយគួរឲ្យមនុស្សស្វែងរកក្រឹត្យវិន័យពីមាត់គេ ដ្បិតគេជាទូតរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ តែឯងរាល់គ្នាបានទាសចេញពីផ្លូវ ក៏បាននាំឲ្យមនុស្សជាច្រើនជំពប់ដួល ក្នុងក្រឹត្យវិន័យដែរ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា ឯងរាល់គ្នាបានបង្ខូចសេចក្ដីសញ្ញារបស់លេវីហើយ ហេតុនោះ អញក៏បានធ្វើឲ្យឯងរាល់គ្នាជាទីមើលងាយ នៅចំពោះមុខជនទាំងឡាយដែរ ពីព្រោះឯងរាល់គ្នាមិនបានកាន់តាមអស់ទាំងផ្លូវរបស់អញ គឺបានយោគយល់មុខគេក្នុងក្រឹត្យវិន័យវិញ។ យើងទាំងអស់គ្នា តើមិនមានឪពុកតែ១ទេឬ តើមិនមែនជាព្រះតែ១ ដែលបង្កើតយើងរាល់គ្នាមកទេឬអី ហេតុអ្វីបានជាយើងប្រព្រឹត្តដោយក្បត់ ចំពោះបងប្អូនរៀងខ្លួន ទាំងធ្វើបង្អាប់ដល់សេចក្ដីសញ្ញារបស់ពួកអយ្យកោយើងផងដូច្នេះ យូដាបានក្បត់ហើយ ក៏មានគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅក្នុងពួកអ៊ីស្រាអែល ហើយនៅក្រុងយេរូសាឡិមដែរ ដ្បិតយូដាបានបង្គាប់សេចក្ដីដែលបរិសុទ្ធដល់ព្រះយេហូវ៉ា ជាសេចក្ដីដែលគួរឲ្យគេបានស្រឡាញ់វិញ គឺបានយកកូនស្រីរបស់ព្រះដទៃធ្វើជាប្រពន្ធ ព្រះយេហូវ៉ា ទ្រង់នឹងកាត់មនុស្សដែលប្រព្រឹត្តអំពើយ៉ាងនោះចេញពីត្រសាលយ៉ាកុបទៅ ទាំងគ្រូ ទាំងសិស្ស ហើយទាំងអ្នកដែលយកដង្វាយមក ថ្វាយដល់ព្រះយេហូវ៉ានៃពួកពលបរិវារផង ហើយមានការនេះដែលឯងរាល់គ្នាធ្វើទៀត គឺឯងរាល់គ្នាគ្របបាំងអាសនានៃព្រះយេហូវ៉ា ដោយទឹកភ្នែក ដោយយំសោក ហើយស្រែកថ្ងូរ ដល់ម៉្លេះបានជាទ្រង់មិនទតមើលដង្វាយទៀតឡើយ ក៏មិនទទួលពីដៃឯងរាល់គ្នា ដោយព្រះហឫទ័យស្មោះដែរ ទោះបើយ៉ាងនោះគង់តែឯងរាល់គ្នាសួរថា ចុះព្រោះហេតុអ្វី គឺពីព្រោះព្រះយេហូវ៉ា ទ្រង់ជាសាក្សីពីឯង នឹងប្រពន្ធដែលឯងបានគ្នាពីកាលក្រមុំកំឡោះនោះ ហើយទោះបើនាងជាគូរបស់ឯង នឹងជាប្រពន្ធ ដែលឯងបានចុះសញ្ញានឹងគ្នាក៏ដោយ គង់តែឯងបានប្រព្រឹត្ត ដោយក្បត់ចំពោះនាងដែរ