អូបាឌា 1:4-9
អូបាឌា 1:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទោះបើអ្នកហើរឡើងទៅយ៉ាងខ្ពស់ ដូចឥន្ទ្រី ហើយធ្វើសម្បុកនៅកណ្ដាលអស់ទាំងផ្កាយក៏ដោយ ក៏យើងនឹងទាញទម្លាក់ពីទីនោះដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ បើមានពួកចោរមកលួចអ្នក បើពួកចោរប្លន់ចូលមកនៅពេលយប់ ម៉្លេះសមអ្នកនឹងត្រូវអន្តរាយយ៉ាងណាទៅ! តើគេមិនត្រឹមតែលួចឲ្យល្មមតែអ្វីដែលគេចង់បានទេឬ? ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរបានមកធ្វើការឲ្យអ្នក តើគេមិនទុកផ្លែខ្លះឲ្យបានបេះតាមក្រោយទេឬ? អេសាវត្រូវគេគាស់កកាយយ៉ាងណាហ្ន៎ កំណប់ទ្រព្យរបស់អ្នកត្រូវបានគេឆែកឆេរកហើយ! អស់ទាំងសម្ព័ន្ធមិត្តរបស់អ្នកបានបញ្ឆោតអ្នក គេបានបណ្តេញអ្នករហូតដល់ព្រំដែន មនុស្សដែលចងស្ពានមេត្រីជាមួយអ្នក បានឈ្នះអ្នក អស់អ្នកដែលបរិភោគ អាហាររបស់អ្នក បានដាក់អន្ទាក់ចាប់អ្នក អ្នកគ្មានការយល់ដឹងអ្វីឡើយ។ នៅថ្ងៃនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងនឹងបំផ្លាញពួកអ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម ហើយអ្នកចេះដឹងឲ្យអស់ពីស្រុកភ្នំរបស់អេសាវ"។ ឱថេម៉ានអើយ មនុស្សខ្លាំងពូកែ របស់អ្នកនឹងត្រូវស្រយុតចិត្ត ដើម្បីឲ្យគ្រប់គ្នាត្រូវកាត់ចេញពីភ្នំរបស់អេសាវ ដោយសម្លាប់រង្គាល។
អូបាឌា 1:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទោះបីអ្នកឡើងទៅលើ ខ្ពស់ដូចសត្វឥន្ទ្រី ទោះបីអ្នកលើកទ្រនំរបស់អ្នកទៅ ដាក់នៅក្នុងចំណោមផ្កាយក្ដី ក៏យើងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប្រសិនបើមានចោរលួចចោរប្លន់ចូលមកក្នុងផ្ទះ របស់អ្នកនៅពេលយប់ នោះអ្នកនឹងបាត់បង់អ្វីៗទាំងអស់! គេនឹងលួចយកអ្វីៗដែលគេអាចយកបាន។ ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរ មកដល់ស្រុកអ្នក គេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។ អេសាវអើយ គេគាស់កកាយស្រុកអ្នក ហើយប្រមូលយកកំណប់ទ្រព្យរបស់អ្នក។ បក្សសម្ព័ន្ធរបស់អ្នកនឹងដេញអ្នក ចេញពីទឹកដីរបស់ខ្លួន។ មិត្តភក្ដិរបស់អ្នកបោកបញ្ឆោតអ្នក ហើយយកអ្នកធ្វើជានគរចំណុះ។ ពួកដែលបរិភោគអាហារជាមួយអ្នក នាំគ្នាដាក់អន្ទាក់ចាប់អ្នក ទាំងពោលថា អ្នកលែងមានអ្នកប្រាជ្ញហើយ។ ពិតមែនហើយ នៅថ្ងៃនោះ យើងនឹងបំបាត់ អ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម ហើយបំបាត់អ្នកឈ្លាសវៃឲ្យអស់ពីភ្នំអេសាវ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ក្រុងថេម៉ានអើយ ទាហានដ៏អង់អាចរបស់អ្នក នឹងភ័យញ័ររន្ធត់ ខ្មាំងសម្លាប់រង្គាលទាហានទាំងប៉ុន្មាន នៅភ្នំនៃស្រុកអេសាវអស់គ្មានសល់!
អូបាឌា 1:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើឯងហើរឡើងទៅយ៉ាងខ្ពស់ ដូចជាឥន្ទ្រី ហើយធ្វើសំបុកឯងនៅកណ្តាលអស់ទាំងផ្កាយក៏ដោយ គង់តែអញនឹងនាំឯងចុះពីទីនោះមកដែរ។ បើសិនជាមានចោរមកលួចឯង បើពួកចោរមកប្លន់ឯង នៅពេលយប់ ឱម៉្លេះសមឯងនឹងត្រូវអន្តរាយយ៉ាងណាហ្ន៎ នោះតើគេមិនគ្រាន់តែលួចឲ្យល្មមតែស្កប់ចិត្តទេឬ បើពួកស៊ីឈ្នួលដោយបេះផ្លែទំពាំងបាយជូរ បានមកធ្វើការឲ្យឯង នោះតើគេមិនទុកផ្លែខ្លះឲ្យប្រឡេះតាមក្រោយទេឬ ឱអេសាវត្រូវឆែកឆេរយ៉ាងណាហ្ន៎ គេបានរាវរកទ្រព្យសម្បត្តិលាក់ទុករបស់គេយ៉ាងណាហ្ន៎ គ្រប់អស់អ្នកដែលបានពួតដៃជាមួយនឹងឯង គេបានបណ្តេញឯង រហូតទៅដល់ព្រំស្រុកហើយ ពួកមនុស្សដែលបានចងស្ពានមេត្រីនឹងឯង គេបានបញ្ឆោតឯង ក៏បានឈ្នះផង ពួកអ្នកដែលបរិភោគអាហាររបស់ឯង គេបានដាក់អន្ទាក់ចាប់ឯងហើយ ឯងក៏មិនបានយល់ដែរ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះ តើមិនត្រូវឲ្យអញបំផ្លាញពួកអ្នកប្រាជ្ញ ចេញពីស្រុកអេដំមបង់ ហើយទាំងយោបល់ពីស្រុកភ្នំរបស់អេសាវផងទេឬអី ឯពួកមនុស្សខ្លាំងពូកែរបស់ឯង ឱថេម៉ានអើយ គេនឹងត្រូវស្រយុតចិត្ត ដើម្បីឲ្យគ្រប់គ្នាបានកាត់ចេញពីស្រុកភ្នំរបស់អេសាវ ដោយការប្រហារជីវិតយ៉ាងសំបើម។