លោកុប្បត្តិ ពាក្យ​លំនាំ

ពាក្យ​លំនាំ
កណ្ឌ​គម្ពីរ​លោកុ‌ប្បត្តិរៀបរាប់​អំពី​ដើម​កំណើត​ពិភព​លោក ដើម​កំណើត​មនុស្ស​ជាតិ និង​ដើម​កំណើត​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ជាម្ចាស់។ ក្នុង​គម្ពីរ​ដើម​ជា​ភាសា​ហេប្រឺ គេ​យក​ពាក្យ​ខាង​ដើម​បង្អស់​ធ្វើ​ជា​ចំណង​ជើង​របស់​កណ្ឌ​គម្ពីរ​នេះ គឺ «កាល​ពី​ដើម​ដំបូង​បង្អស់»។
យើង​អាច​ចែក​កណ្ឌ​គម្ពីរ​នេះ​ជា​ពីរ​ផ្នែក​គឺ:
១-១១: កំណើត​ពិភព​លោក កំណើត​បុរស និង​ស្ត្រី មនុស្ស​ផ្ដាច់​ចំណង​មេត្រី​ជា​មួយ​ព្រះ‌ជាម្ចាស់ លោក​កាអ៊ីន និង​លោក​អេបិល លោក​ណូអេ និង​ទឹក​ជំនន់​ធំ ប៉ម​នៅ​បាបិល។ គ្មាន​នរណា​អាច​បញ្ជាក់​អំពី​ពេល​វេលា​នៃ​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន​នោះ​បាន​ទេ ប៉ុន្តែ ព្រឹត្តិ‌ការណ៍​ទាំង​នោះ​អាច​ជួយ​យើង​ឲ្យ​យល់​បញ្ហា​ជីវិត ដែល​យើង​ជួប​ប្រទះ​រាល់​ថ្ងៃ ដូច​ជា​ជីវិត​មាន​អត្ថន័យ​ដូច​ម្ដេច? តើ​មនុស្ស​យើង​មាន​តួ‌នាទី​អ្វី​ក្នុង​លោក​នេះ? ហេតុ​អ្វី​បាន​ជា​ទំនាក់‌ទំនង​រវាង​មនុស្ស​នឹង​មនុស្ស​ពិបាក​យ៉ាង​នេះ? ។ល។
១២-៥០: ក្នុង​ផ្នែក​នេះ​មាន​រៀប​រាប់​អំពី​របៀប ដែល​ព្រះ‌ជាម្ចាស់​ចាប់​ផ្ដើម​សង្គ្រោះ​មនុស្ស​ជាតិ គឺ​ព្រះអង្គ​បាន​ត្រាស់​ហៅ​បុព្វបុរស​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ស្គាល់ និង​គោរព​បម្រើ​ព្រះអង្គ:
• លោក​អប្រាហាំ (១២.១–២៥.១៨) ដែល​ជា​គំរូ​របស់​អ្នក​ជឿ និង​ស្ដាប់​ឱវាទ​ព្រះ‌ជាម្ចាស់
• លោក​អ៊ីសាក ជា​កូន​លោក​អប្រាហាំ
• លោក​យ៉ាកុប​ជា​ចៅ​របស់​លោក​អប្រាហាំ (២៥.១៩–៣៧.១) ដែល​ទទួល​នាម​ថា «អ៊ីស្រា‌អែល»។ លោក​មាន​កូន​ប្រុស​ដប់‌ពីរ​នាក់ ដែល​ជា​កំណើត​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។
• លោក​យ៉ូសែប (៣៧.២–៥០.២៦) ជា​កូន​ម្នាក់ ក្នុង​ចំណោម​កូន​ទាំង​ដប់‌ពីរ​របស់​លោក​យ៉ាកុប។
កណ្ឌ​គម្ពីរ “លោកុ‌ប្បត្តិ” ណែ‌នាំ​អ្នក​អាន​ឲ្យ​ស្គាល់​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌ជាម្ចាស់ គឺ​មុន​ដំបូង​បង្អស់ ព្រះអង្គ​បាន​បង្កើត​ពិភព​លោក និង​ប្រទាន​ឲ្យ​អ្វីៗ​សព្វ​សារពើ​ក្នុង​ពិភព​លោក​នេះ មាន​តម្លៃ​ដ៏​វិសេស ហើយ​ពិភព​លោក​ទាំង​មូល​ត្រូវ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះអង្គ។ ប៉ុន្តែ មនុស្ស​លោក​បាន​ផ្ដាច់​ចំណង​សម្ពន្ធ‌មេត្រី​ពី​ព្រះ‌ជាម្ចាស់ ដែល​ធ្វើ​ឲ្យ​អំពើ​បាប​ចូល​មក​រាត​ត្បាត​ពិភព​លោក។ ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​រៀបចំ​គម្រោង‌ការ​សង្គ្រោះ​ពិភព​លោក។

하이라이트

공유

복사

None

모든 기기에 하이라이트를 저장하고 싶으신가요? 회원가입 혹은 로그인하세요