លោកុប្បត្តិ 8

8
លោក​ណូអេ​ចេញ​ពី​ទូក​ធំ
1ព្រះ‌ជាម្ចាស់​នឹក​ដល់​លោក​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​លោក ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ចាប់​ផ្ដើម​ស្រក។ 2ប្រភព​ទឹក​ដែល​ផុស​ចេញ​ពី​ទី​ជម្រៅ និង​ទ្វារ​មេឃ បិទ​ជិត​វិញ ហើយ​ភ្លៀង​ក៏​ឈប់​ធ្លាក់​ដែរ។ 3ទឹក​បាន​ស្រក​ចុះ​ពី​ផែនដី​បន្តិច​ម្ដងៗ កម្ពស់​ទឹក​ចាប់​ផ្ដើម​ថយ​ចុះ នៅ​ថ្ងៃ​ទី​មួយ​រយ​ហា‌សិប។
4នៅ​ថ្ងៃ​ទី​ដប់​ប្រាំ‌ពីរ​នៃ​ខែ​ទី​ប្រាំ‌ពីរ ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ា‌រ៉ាត។ 5រីឯ​ទឹក​ក៏​កាន់​តែ​ស្រក​ទៅៗ​រហូត​ដល់​ខែ​ទី​ដប់។ នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ដប់ កំពូល​ភ្នំ​នានា​ក៏​លេច​ឡើង។
6សែ‌សិប​ថ្ងៃ​ក្រោយ​មក លោក​ណូអេ​បាន​បើក​បង្អួច​ទូក​ធំ​ដែល​លោក​បាន​ធ្វើ 7ហើយ​លោក​បាន​លែង​សត្វ​ក្អែក​មួយ សត្វ​នោះ​ក៏​ហើរ​ទៅ​ហើរ​មក រហូត​ទាល់​តែ​ដី​គោក​លេច​ឡើង។ 8បន្ទាប់​មក លោក​បាន​លែង​សត្វ​ព្រាប​មួយ ព្រោះ​ចង់​ដឹង​ថា ទឹក​បាន​ស្រក​ចុះ​ឬ​យ៉ាង​ណា។ 9ប៉ុន្តែ ព្រាប​នោះ​រក​កន្លែង​ទំ​មិន​បាន ក៏​វិល​ត្រឡប់​មក​រក​លោក​ក្នុង​ទូក​ធំ​វិញ ដ្បិត​ទឹក​នៅ​មាន​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល​នៅ​ឡើយ លោក​ក៏​លាត​ដៃ​ទទួល​ព្រាប​នោះ ចូល​មក​ក្នុង​ទូក​ធំ​ជា​មួយ​លោក​វិញ។ 10លោក​នៅ​រង់‌ចាំ​ប្រាំ‌ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ចេញ​ពី​ទូក​ធំ​ទៅ​សា​ជា​ថ្មី។ 11នៅ​ពេល​ល្ងាច​ព្រាប​បាន​វិល​មក​រក​លោក​វិញ ទាំង​ពាំ​ត្រួយ​អូលីវ​មក​ជា​មួយ​ផង ដូច្នេះ លោក​ណូអេ​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែនដី​ហើយ។ 12លោក​នៅ​រង់‌ចាំ​ប្រាំ‌ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ទៅ តែ​ព្រាប​មិន​បាន​វិល​ត្រឡប់​មក​រក​លោក​វិញ​ទេ។ 13នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ដែល​លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ​មួយ​ឆ្នាំ ទឹក​បាន​រីង​អស់​ពី​ផែនដី។ លោក​ណូអេ​បើក​ដំបូល​ទូក​ធំ​ក៏​ឃើញ​ថា​ដី​គោក​អស់​ហើយ។ 14នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ‌ពីរ​នៃ​ខែ​ទី​ពីរ ផែនដី​បាន​រីង​ស្ងួត​អស់។
15ពេល​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ណូអេ​ថា៖ 16«ចូរ​ចេញ​ពី​ទូក​ធំ​នេះ​ទៅ គឺ​ចេញ​ទាំង​អ្នក ទាំង​ប្រពន្ធ ទាំង​កូន​ប្រុស និង​កូន​ប្រសា​ស្រី​របស់​អ្នក។ 17ចូរ​នាំ​សត្វ​គ្រប់​ប្រភេទ​ដែល​នៅ​ជា​មួយ​អ្នក​ចេញ​ទៅ​ផង គឺ​នាំ​ទាំង​បក្សា‌បក្សី ទាំង​សត្វ​ជើង​បួន និង​សត្វ​លូន​វារ​លើ​ដី​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​វា​នៅ​ពាស‌ពេញ​លើ​ផែនដី ព្រម​ទាំង​បង្កើត​កូន​ចៅ និង​កើន​ចំនួន​យ៉ាង​ច្រើន​នៅ​លើ​ផែនដី»។ 18លោក​ណូអេ​ក៏​ចេញ​ពី​ទូក​ធំ រីឯ​កូន​ប្រុស ភរិយា និង​កូន​ប្រសា​ស្រី​របស់​លោក​ក៏​ចេញ​មក​ដែរ។ 19សត្វ​ជើង​បួន ឧរង្គ‌សត្វ បក្សា‌បក្សី និង​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​ទាំង​ប៉ុន្មាន នាំ​គ្នា​ចេញ​ពី​ទូក​ធំ តាម​ពូជ​របស់​វា​ដែរ។
20លោក​ណូអេ​បាន​សង់​អាសនៈ*​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​បាន​យក​សត្វ​ខ្លះ​ពី​ក្នុង​ចំណោម​សត្វ​បរិសុទ្ធ​គ្រប់​ប្រភេទ និង​ពី​ក្នុង​ចំណោម​សត្វ​ស្លាប​បរិសុទ្ធ​គ្រប់​ប្រភេទ មក​ដុត​ទាំង​មូល​ថ្វាយ​ជា​យញ្ញ‌បូជា​នៅ​លើ​អាសនៈ។ 21ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ក្លិន​ដ៏​ឈ្ងុយ‌ឈ្ងប់ ទ្រង់​ក៏​នឹក​គិត​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដាសា​ដី ព្រោះ​តែ​មនុស្ស​លោក​ទៀត​ទេ ដ្បិត​ចិត្ត​មនុស្ស​លម្អៀង​ទៅ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់​តាំង​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ដូច​យើង​បាន​ធ្វើ​កន្លង​មក​ហើយ​នោះ​ទៀត​ទេ។ 22ដរាប​ណា​មាន​ផែនដី​នៅ​ឡើយ ដរាប​នោះ​ក៏​នឹង​មាន​រដូវ​សាប​ព្រោះ រដូវ​ច្រូត​កាត់ មាន​ត្រជាក់ មាន​ក្ដៅ មាន​រដូវ​ក្ដៅ រដូវ​រងា មាន​ថ្ងៃ មាន​យប់ ជា​រហូត​ត​រៀង​ទៅ​មិន​ដែល​អាក់‌ខាន​ឡើយ»។

Paryškinti

Dalintis

Kopijuoti

None

Norite, kad paryškinimai būtų įrašyti visuose jūsų įrenginiuose? Prisijunkite arba registruokitės