YouVersion लोगो
खोज आइकन

យ៉ូហាន 3

3
លោក​នីកូ‌ដេម​មក​ជួប​ព្រះ‌យេស៊ូវ
1មាន​បុរស​ម្នាក់​ក្នុង​ពួក​ផារិ‌ស៊ី​ឈ្មោះ​នីកូ‌ដេម លោក​ជា​អ្នក​ដឹក​នាំ​សាសន៍​យូដា។ 2លោក​មក​ជួប​ព្រះ‌យេស៊ូវ​ទាំង​យប់ ហើយ​ទូល​ថា៖ «រ៉ាប៊ី យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ ដ្បិត​គ្មាន​អ្នក​ណា​អាច​ធ្វើ​ទី​សម្គាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ មាន​តែ​ព្រះ​គង់​ជា​មួយ»។ 3ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅគាត់​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​លោក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី គ្មាន​អ្នក​ណា​អាច​ឃើញ​ព្រះរាជ្យ​របស់​ព្រះ​បាន​ឡើយ»។ 4លោក​នីកូ‌ដេម​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​មនុស្ស​ចាស់​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​កើត​ម្តង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​វិញ ហើយ​កើត​ម្តង​ទៀត​បាន​ឬ?» 5ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ប្រាកដ​មែន ខ្ញុំ​សូម​ជម្រាប​លោក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ពី​ទឹក និង​ពី​ព្រះ‌វិញ្ញាណ អ្នក​នោះ​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​បាន​ឡើយ។ 6អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់ ហើយ​អ្វី​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ នោះ​ជា​វិញ្ញាណ 7កុំ​ឆ្ងល់​ពី​ពាក្យ​ដែល​ខ្ញុំ​ជម្រាប​លោក​ថា "អ្នក​រាល់​គ្នា​ត្រូវ​កើត​ជា​ថ្មី" នោះ​ឡើយ។ 8ខ្យល់ ចង់​បក់​ទៅ​ណា​ក៏​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ​របស់​វា តែ​មិន​ដឹង​ថា​មក​ពី​ណា ឬ​ទៅ​ណា​ទេ។ អស់​អ្នក​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ ក៏​ដូច្នោះ​ដែរ»។ 9លោក​នីកូ‌ដេម​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ការ​ទាំង​នេះ​អាច​កើត​ឡើង​ដូច​ម្តេច​បាន?» 10ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​លោក​ថា៖ «លោក​ជា​គ្រូ​របស់​សាសន៍​អ៊ីស្រា‌អែល តែ​មិន​យល់​ការ​ទាំង​នេះ​ទេ​ឬ?
11ប្រាកដ​មែន ខ្ញុំ​សូមជម្រាប​លោក​ជា​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​ដឹង ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​បន្ទាល់​របស់​យើង​ទេ។ 12បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​អ្វីៗ​ខាង​ផែនដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​អ្វីៗ​ខាង​ស្ថាន‌សួគ៌​វិញ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ទៅ​បាន? 13គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ឡើយ មាន​តែ​ព្រះ‌អង្គ​ដែល​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្ស[ដែល​គង់​នៅ​ស្ថាន‌សួគ៌] 14ហើយ​ដូច​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោ‌ស្ថាន​យ៉ាង​ណា កូន​មនុស្ស​ក៏​ត្រូវ​គេ​លើក​លោក​ឡើង យ៉ាង​នោះ​ដែរ 15ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌អង្គ [មិន​ត្រូវ​វិនាស​ឡើយ គឺ]​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ។
16ដ្បិត​ព្រះ​ស្រឡាញ់​មនុស្ស​លោក​ជា​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​តែ​មួយ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ។
17ព្រោះ​ព្រះ​មិន​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ឲ្យ​មក​ក្នុង​លោក​នេះ ដើម្បី​ដាក់​ទោស​មនុស្ស​លោក​នោះ​ទេ គឺ​ឲ្យ​មនុស្ស​លោក​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌អង្គ​វិញ។ 18អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌អង្គ មិន​ជាប់​មាន​ទោស​ឡើយ តែ​អ្នក​ណា​ដែល​មិន​ជឿ​វិញ មាន​ទោស​ស្រេច​ទៅ​ហើយ ព្រោះ​មិន​បាន​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌រាជ‌បុត្រា​តែ​មួយ​របស់​ព្រះ។ 19ទោស​នេះ គឺ​ថា ពន្លឺ​បាន​មក​ក្នុង​ពិភព​លោក តែ​មនុស្ស​លោក​ចូល​ចិត្ត​ភាព​ងងឹត​ជាង​ពន្លឺ ព្រោះ​អំពើ​ដែល​គេ​ប្រព្រឹត្ត សុទ្ធ​តែ​អាក្រក់។ 20ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់​តែង​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ទេ ក្រែង​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ 21ប៉ុន្តែ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​វិញ តែង​ចូល​មក​រក​ពន្លឺ ដើម្បី​ឲ្យ​គេ​ឃើញ​ច្បាស់​នូវ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ស្រប​តាម​ព្រះ​មែន»។
ព្រះយេស៊ូវ និង​លោក​យ៉ូហាន-បាទីស្ទ
22ក្រោយ​មក ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​ព្រះ‌អង្គ​បាន​ទៅ​ស្រុក​យូដា ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​គេ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ផង។ 23រីឯ​លោក​យ៉ូហាន ក៏​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក នៅ​ស្រុក​អេណូន ជិត​ភូមិ​សាលីម​ដែរ ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន ហើយ​មនុស្ស​ចេះ​តែ​ចូល​មក ដើម្បី​ឲ្យ​គាត់​ជ្រមុជ​ទឹក​ឲ្យ 24ដ្បិត​លោក​យ៉ូហាន​មិន​ទាន់​ជាប់​គុក​នៅ​ឡើយ។
25ពេល​នោះ ពួក​សិស្ស​លោក​យ៉ូហាន និង​សាសន៍​យូដា​ម្នាក់​ជជែក​គ្នា​ពី​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។ 26ពួក​គេ​មក​ជួប​លោក​យ៉ូហាន ជម្រាប​ថា៖ «រ៉ាប៊ី ម្នាក់​ដែល​នៅ​ជា​មួយ​លោក ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ដែល​លោក​បាន​ធ្វើ​បន្ទាល់​នោះ ឥឡូវ​នេះ គាត់​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក ហើយ​មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។ 27លោក​យ៉ូហាន​ឆ្លើយ​ថា៖ «គ្មាន​មនុស្ស​ណា​អាច​ទទួល​អ្វី​បាន​ទេ លើក​លែង​តែ​បាន​ប្រទាន​មក​ពី​ស្ថាន‌សួគ៌​ប៉ុណ្ណោះ។ 28អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​បន្ទាល់​ពី​ខ្ញុំ ដែល​ខ្ញុំ​បាន​និយាយ​ថា "ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ គឺ​គ្រាន់​តែ​បាន​ចាត់​ឲ្យ​មក​មុន​ព្រះ‌អង្គ​ប៉ុណ្ណោះ"។ 29អ្នក​ណា​ដែល​រៀប​ការ​នឹង​កូន​ក្រមុំ អ្នក​នោះ​ជា​កូន​កំលោះ ហើយ​មិត្ត​សម្លាញ់​ដែល​ឈរ​ស្តាប់​គាត់​មាន​អំណរ​ជា​ខ្លាំង ដោយ​សារ​សំឡេង​កូន​កំលោះ ដោយ​ហេតុ​នេះ អំណរ​របស់​ខ្ញុំ​ក៏​ពោរ‌ពេញ​ឡើង។ 30ព្រះ‌អង្គ​ត្រូវ​តែ​ចម្រើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​តែ​ថយ​ចុះ»។
មួយ​អង្គ​ដែល​យាង​ចុះ​មក​ពី​ស្ថាន‌សួគ៌
31«ព្រះ‌អង្គ​ដែល​យាង​មក​ពី​ស្ថាន​លើ ទ្រង់​ខ្ពស់​លើស​ជាង​ទាំង​អស់ ឯ​អ្នក​ដែល​កើត​ពី​ផែនដី នោះ​ជា​របស់​ផែនដី ហើយ​ក៏​និយាយ​តាម​របៀប​ផែនដី តែ​ព្រះ‌អង្គ​ដែល​យាង​មក​ពី​ស្ថាន‌សួគ៌ ទ្រង់​ខ្ពស់​លើស​ជាង​ទាំង​អស់។ 32ព្រះ‌អង្គ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​ទ្រង់​បាន​ឃើញ និង​បាន​ឮ តែ​គ្មាន​អ្នក​ណា​ទទួល​សេចក្តី​បន្ទាល់​របស់​ព្រះ‌អង្គ​ឡើយ។ 33អ្នក​ណា​ដែល​ទទួល​បន្ទាល់​របស់​ព្រះ‌អង្គ នោះ​បាន​បោះ​ត្រា បញ្ជាក់​ថា ទ្រង់​ពិត​ត្រង់​មែន។ 34ដ្បិត​ព្រះ‌អង្គ​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក ទ្រង់​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ ព្រោះ​ព្រះ​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ដោយ​គ្មាន​កម្រិត​ទេ។ 35ព្រះ‌វរបិតា​ស្រឡាញ់​ព្រះ‌រាជ‌បុត្រា ហើយ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់ មក​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ។ 36អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​វិញ អ្នក​នោះ​នឹង​មិន​ឃើញ​ជីវិត​ឡើយ គឺ​សេចក្តី​ក្រោធ​របស់​ព្រះ តែង​នៅ​ជាប់​លើ​អ្នក​នោះ​ជានិច្ច»។

अहिले सेलेक्ट गरिएको:

យ៉ូហាន 3: គកស១៦

हाइलाइट

शेयर गर्नुहोस्

कपी गर्नुहोस्

None

तपाईंका हाइलाइटहरू तपाईंका सबै यन्त्रहरूमा सुरक्षित गर्न चाहनुहुन्छ? साइन अप वा साइन इन गर्नुहोस्