យ៉ះយ៉ា 11
11
លោកឡាសារស្លាប់
1នៅភូមិបេតថានី មានបុរសម្នាក់ឈ្មោះ ឡាសារ គាត់មានជំងឺ។ នាងម៉ាថា និងនាងម៉ារីជាបងស្រីរបស់គាត់ ក៏រស់នៅក្នុងភូមិនោះដែរ។ 2នាងម៉ារីនេះ ជាស្ដ្រីម្នាក់ដែលបានចាក់ប្រេងក្រអូបលើជើងរបស់អ៊ីសាជាអម្ចាស់ព្រមទាំងបានយកសក់របស់នាងមកជូតផង។ រីឯលោកឡាសារដែលឈឺនោះ ត្រូវជាប្អូនបង្កើតរបស់នាង។ 3នាងទាំងពីរនាក់បានចាត់គេឲ្យទៅជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ អ្នកដែលលោកម្ចាស់ស្រឡាញ់ កំពុងតែមានជំងឺ»។ 4កាលអ៊ីសាជ្រាបដំណឹងនេះ គាត់មានប្រសាសន៍ថា៖ «ជំងឺនេះកើតឡើង មិនមែនឲ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ព្រមទាំងឲ្យបុត្រារបស់ទ្រង់សំដែងសិរីរុងរឿងវិញ»។
5អ៊ីសាស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងលោកឡាសារណាស់។ 6កាលអ៊ីសាជ្រាបដំណឹងថា លោកឡាសារមានជំងឺ អ៊ីសានៅកន្លែងដដែលនោះពីរថ្ងៃទៀត 7បន្ទាប់មកអ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «យើងនាំគ្នាត្រឡប់ទៅស្រុកយូដាវិញ»។ 8ពួកសិស្សជម្រាបអ៊ីសាថា៖ «តួន ជនជាតិយូដាទើបនឹងចង់យកដុំថ្មគប់សម្លាប់តួនថ្មីៗនេះសោះ ហេតុដូចម្ដេចបានជាតួនចង់វិលទៅស្រុកនោះវិញ!»។ 9អ៊ីសាមានប្រសាសន៍ថា៖ «ក្នុងមួយថ្ងៃមានដប់ពីរម៉ោង អ្នកណាដើរនៅពេលថ្ងៃ អ្នកនោះមិនជំពប់ជើងដួលឡើយ ព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ។ 10ផ្ទុយទៅវិញ អ្នកណាដើរនៅពេលយប់ អ្នកនោះមុខតែជំពប់ជើងដួលជាមិនខាន ព្រោះគេគ្មានពន្លឺនៅក្នុងខ្លួនទេ»។ 11ក្រោយមក អ៊ីសាមានប្រសាសន៍ទៅគេថែមទៀតថា៖ «ឡាសារជាមិត្ដសម្លាញ់របស់យើងសម្រាន្តលក់ទៅហើយ ខ្ញុំត្រូវតែទៅដាស់គាត់ឲ្យភ្ញាក់ឡើងវិញ»។ 12ពួកសិស្សជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ ប្រសិនបើគាត់សម្រាន្តលក់ដូច្នេះ គាត់នឹងបានជាវិញមិនខាន»។ 13តាមពិតអ៊ីសាចង់មានប្រសាសន៍ថា លោកឡាសារស្លាប់បាត់ទៅហើយ ប៉ុន្ដែ ពួកសិស្សស្មានថាអ៊ីសាមានប្រសាសន៍ថា គាត់សម្រាន្តលក់ធម្មតា។ 14ហេតុនេះហើយបានជាអ៊ីសាមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ទៅហើយ 15បើគិតពីប្រយោជន៍អ្នករាល់គ្នា ខ្ញុំសប្បាយចិត្ដ ដោយខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ។ ឥឡូវនេះយើងនាំគ្នាទៅផ្ទះគាត់»។ 16ពេលនោះ សិស្សថូម៉ាស់ ហៅឌីឌីម ពោលទៅសិស្សឯទៀតថា៖ «មក! យើងនាំគ្នាទៅរួមស្លាប់ជាមួយគាត់ដែរ!»។
ណាពីអ៊ីសាជាអ្នកផ្ដល់ជីវិតរស់ឡើងវិញ
17កាលអ៊ីសាទៅដល់ អ៊ីសាក៏ជ្រាបថាគេបានដាក់សពលោកឡាសារក្នុងផ្នូរ បួនថ្ងៃហើយ។ 18ភូមិបេថានីមានចម្ងាយប្រមាណបីគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ 19មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និងនាងម៉ារីក្នុងពេលប្អូនស្លាប់។
20កាលនាងម៉ាថាបានដឹងថា អ៊ីសាមកដល់ នាងក៏ចេញទៅទទួលអ៊ីសា រីឯនាងម៉ារីវិញ នាងអង្គុយនៅក្នុងផ្ទះ។ 21នាងម៉ាថាជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ ប្រសិនបើលោកម្ចាស់បាននៅទីនេះ ប្អូននាងខ្ញុំមិនស្លាប់ទេ។ 22ប៉ុន្ដែ ឥឡូវនេះ នាងខ្ញុំដឹងថាបើតួនសុំអ្វីពីអុលឡោះក៏ដោយ អុលឡោះមុខជានឹងប្រទានឲ្យមិនខាន»។ 23អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។ 24នាងជម្រាបទៅអ៊ីសាវិញថា៖ «នាងខ្ញុំដឹងហើយ នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ»។ 25អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «ខ្ញុំហ្នឹងហើយដែលប្រោសមនុស្សឲ្យរស់ឡើងវិញ ខ្ញុំនឹងផ្ដល់ឲ្យគេមានជីវិត។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយ ក៏នឹងបានរស់ជាមិនខាន។ 26រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់សោះឡើយ តើនាងជឿសេចក្ដីនេះឬទេ?»។ 27នាងម៉ាថាជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! ខ្ញុំជឿថា អ្នកពិតជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះ ហើយពិតជាអ្នកដែលត្រូវមកក្នុងពិភពលោកនេះមែន!»។
ណាពីអ៊ីសាខឹង
28នាងម៉ាថានិយាយដូច្នេះហើយ ក៏ចេញទៅហៅនាងម៉ារីជាប្អូនដោយស្ងាត់ៗថា៖ «តួនមកដល់ហើយ តួនហៅប្អូនឯង»។ 29នាងម៉ារីឮហើយក៏ស្ទុះក្រោកឡើង ទៅជួបអ៊ីសាជាប្រញាប់។ 30ពេលនោះ អ៊ីសាពុំទាន់ដើរចូលក្នុងភូមិនៅឡើយទេ គឺគាត់នៅកន្លែងដែលនាងម៉ាថាទៅជួប។ 31ជនជាតិយូដា ដែលមកជួយរំលែកទុក្ខក្នុងផ្ទះជាមួយនាងម៉ារី ឃើញនាងស្ទុះក្រោកឡើង ប្រញាប់ប្រញាល់ចេញទៅខាងក្រៅដូច្នេះ ក៏នាំគ្នាចេញទៅតាម ព្រោះគេស្មានថានាងទៅយំឯផ្នូរ។ 32លុះនាងម៉ារីទៅដល់កន្លែងអ៊ីសានៅហើយ នាងឃើញអ៊ីសាក៏ក្រាបដល់ជើងនិយាយថា៖ «អ៊ីសាជាអម្ចាស់! ប្រសិនបើលោកម្ចាស់បាននៅទីនេះ ប្អូនប្រុសនាងខ្ញុំមិនស្លាប់ទេ»។ 33ពេលអ៊ីសាឃើញនាងម៉ារី និងជនជាតិយូដាដែលមកជាមួយនាងយំដូច្នេះ អ៊ីសារំជួលចិត្ត ហើយរន្ធត់ជាខ្លាំងផង។ 34អ៊ីសាសួរថា៖ «តើអ្នករាល់គ្នាយកសពទៅទុកនៅឯណា?»។ គេជម្រាបអ៊ីសាថា៖ «សូមអញ្ជើញមកលោកម្ចាស់នឹងឃើញ»។ 35ពេលនោះ អ៊ីសាបានយំ។ 36ជនជាតិយូដានាំគ្នាពោលថា៖ «មើល៍! គាត់ស្រឡាញ់ឡាសារខ្លាំងណាស់!»។ 37ប៉ុន្តែ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះនិយាយថា៖ «គាត់អាចធ្វើឲ្យមនុស្សខ្វាក់ឃើញ ម្ដេចក៏គាត់មិនធ្វើឲ្យឡាសារគេចផុតពីស្លាប់ផងទៅ!»។
ណាពីអ៊ីសាប្រោសឡាសារឲ្យបានរស់ឡើងវិញ
38អ៊ីសារំជួលចិត្តម្ដងទៀត រួចទៅផ្នូរ។ ផ្នូរនោះជារូងភ្នំមានថ្មបាំងនៅមាត់រូង។ 39អ៊ីសាប្រាប់ថា៖ «សុំយកថ្មនេះចេញ!»។ នាងម៉ាថា ជាបងរបស់សព ជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ សពធុំក្លិនហើយ ព្រោះគេបានយកមកដាក់តាំងពីបួនថ្ងៃម៉្លេះ»។ 40អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «ខ្ញុំបានប្រាប់នាងរួចមកហើយថាបើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់អុលឡោះ»។ 41គេក៏យកថ្មចេញពីមាត់ផ្នូរ។ អ៊ីសាងើបមុខមើលទៅលើ មានប្រសាសន៍ថា៖ «ឱអុលឡោះជាបិតាអើយ ខ្ញុំសូមអរគុណទ្រង់ ដែលបានស្តាប់ខ្ញុំ។ 42ចំពោះខ្ញុំ ខ្ញុំដឹងថា ទ្រង់ស្តាប់ខ្ញុំជានិច្ច ប៉ុន្ដែ ខ្ញុំសុំទ្រង់ដូច្នេះ ដើម្បីឲ្យបណ្ដាជនដែលនៅជុំវិញខ្ញុំជឿថា ទ្រង់ពិតជាបានចាត់ខ្ញុំឲ្យមកមែន»។ 43លុះអ៊ីសាមានប្រសាសន៍ដូច្នេះហើយ អ៊ីសាបន្លឺសំឡេងខ្លាំងៗថា៖ «ឡាសារអើយ! ចេញមក!»។ 44ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និងកន្សែងគ្របមុខផង។ អ៊ីសាប្រាប់ទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយឲ្យគាត់ទៅចុះ»។
ការឃុបឃិតចាប់ណាពីអ៊ីសា
45ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារីបានឃើញអ៊ីសាធ្វើកិច្ចការទាំងនោះ ក៏ជឿលើអ៊ីសា។ 46ប៉ុន្ដែ មានគ្នាគេខ្លះទៅជួបពួកខាងគណៈផារីស៊ី រៀបរាប់នូវកិច្ចការដែលអ៊ីសាបានធ្វើ។ 47ពេលនោះ ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់មកប្រជុំហើយពោលថា៖ «អ្នកនោះបានធ្វើទីសំគាល់ជាច្រើន តើយើងគិតធ្វើដូចម្ដេច?។ 48ប្រសិនបើយើងបណ្ដោយឲ្យគាត់ធ្វើដូច្នេះតទៅទៀត ប្រជាជនមុខតែជឿទៅលើគាត់ទាំងអស់គ្នា ហើយជនជាតិរ៉ូម៉ាំងនឹងមកបំផ្លាញម៉ាស្ជិទ និងបំបាត់ជាតិសាសន៍របស់យើងជាមិនខាន»។ 49នៅក្នុងចំណោមពួកគេមានម្នាក់ឈ្មោះ កៃផា ដែលជាមូស្ទីនៅឆ្នាំនោះ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកពុំយល់អ្វីសោះ! 50តើអស់លោកគិតមិនឃើញទេឬថា បើមនុស្សតែម្នាក់ស្លាប់ ជាប្រយោជន៍ដល់ប្រជារាស្ដ្រនោះ ប្រសើរជាងទុកឲ្យជាតិទាំងមូលត្រូវវិនាស!»។ 51លោកមានប្រសាសន៍ដូច្នេះ មិនមែនផុសចេញពីគំនិតខ្លួនឯងផ្ទាល់ឡើយ គឺក្នុងឋានៈជាមូស្ទីនៅឆ្នាំនោះ លោកបានទាយថា អ៊ីសាត្រូវស្លាប់ ដើម្បីជាប្រយោជន៍ដល់សាសន៍យូដា 52មិនគ្រាន់តែជាប្រយោជន៍ដល់សាសន៍នេះប៉ុណ្ណោះទេ គឺដើម្បីឲ្យកូនចៅរបស់អុលឡោះ ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ។ 53តាំងពីថ្ងៃនោះមក ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ីបានសម្រេចសម្លាប់អ៊ីសា។ 54ហេតុដូច្នេះហើយបានជាអ៊ីសាមិនទៅមក ដោយចេញមុខឲ្យជនជាតិយូដាឃើញទៀតឡើយ គឺអ៊ីសាចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយអ៊ីសាស្នាក់នៅ ក្នុងភូមិនោះជាមួយពួកសិស្ស។ 55ពេលនោះ ជិតដល់ថ្ងៃបុណ្យរំលងរបស់ជនជាតិយូដាហើយ។ អ្នកស្រុកជាច្រើន នាំគ្នាឡើងទៅក្រុងយេរូសាឡឹម មុនថ្ងៃបុណ្យ ដើម្បីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ 56គេរកអ៊ីសា ហើយនិយាយគ្នាទៅវិញទៅមកក្នុងម៉ាស្ជិទថា៖ «អ្នកគិតដូចម្ដេច? គាត់មិនហ៊ានមកចូលរួមក្នុងពិធីបុណ្យទេមើលទៅ!»។ 57ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ីបានចេញបញ្ជាថា បើអ្នកណាដឹងអ៊ីសានៅឯណា ត្រូវប្រាប់គេ ដើម្បីឲ្យគេចាប់អ៊ីសា។
Aktualisht i përzgjedhur:
យ៉ះយ៉ា 11: អគត
Thekso
Ndaje
Kopjo

A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.