លោកុប្បត្តិ 2
2
1ដូច្នេះផ្ទៃមេឃនឹងផែនដីក៏បានរួចជាស្រេច ព្រមទាំងរបស់សព្វសារពើផង 2លុះដល់ថ្ងៃទី៧ ការដែលព្រះទ្រង់ធ្វើ នោះបានហើយជាស្រេច ទ្រង់ក៏ឈប់ផ្អាកសំរាកនៅថ្ងៃទី៧នោះ ពីគ្រប់ទាំងការដែលទ្រង់ធ្វើ 3ព្រះទ្រង់ក៏ប្រទានពរដល់ថ្ងៃទី៧នោះ ព្រមទាំងញែកទុកជាថ្ងៃបរិសុទ្ធ ពីព្រោះនៅថ្ងៃនោះ ទ្រង់បានឈប់សំរាកពីគ្រប់ទាំងការដែលទ្រង់បានបង្កើតបានធ្វើ។
4នេះហើយជាដើមកំណើតនៃផ្ទៃមេឃនឹងផែនដី ក្នុងកាលដែលបានកើតមក គឺនៅវេលាដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានធ្វើផែនដី នឹងផ្ទៃមេឃនោះឯង 5រីឯនៅផែនដីនោះមិនទាន់មានអ្វីដុះនៅឡើយទេ ក៏មិនទាន់មានតិណជាតិណានៅវាលដែរ ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មិនបានបង្អុរភ្លៀងមកលើផែនដីសោះ ហើយក៏គ្មានមនុស្សណានឹងភ្ជួររាស់ដីផង 6គ្រាន់តែមានចំហាយឡើងពីដីមកស្រោចស្រប់លើផែនដីប៉ុណ្ណោះ 7ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង។
8រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ 9ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើឲ្យដីដុះគ្រប់អស់ទាំងដើមឈើដែលគួរពិចពិលរមឹលមើល ហើយសំរាប់ជាអាហារផង ក៏ដាំដើមជីវិតនឹងដើមសំរាប់ដឹងខុសត្រូវ នៅកណ្តាលសួនច្បារនោះដែរ 10មានទន្លេ១ហូរចេញពីស្រុកអេដែនមកស្រោចសួនច្បារនោះ រួចហូរបែកពីនោះទៅជា៤មុខ 11ទី១ឈ្មោះពិសុន គឺជាទន្លេដែលហូរព័ទ្ធស្រុកហាវីឡាដែលមានមាស 12មាសដែលមកពីស្រុកនោះជាមាសយ៉ាងល្អ ក៏មានទាំងប្តេល្លាម នឹងត្បូងអូនីក្សផង 13ទី២ឈ្មោះគីហុន គឺជាទន្លេដែលហូរព័ទ្ធស្រុកគូស 14ទី៣ឈ្មោះហ៊ីដេកែល គឺជាទន្លេដែលហូរចាក់ទៅខាងកើតស្រុកអាសស៊ើរ ហើយទន្លេទី៤ឈ្មោះអ៊ើប្រាត 15ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអ័ដាមទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការហើយថែរក្សា 16ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថា ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត 17តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន។
18ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថា ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសំរាប់ជួយវា 19ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានយកដីមកសូនធ្វើគ្រប់ទាំងសត្វជើង៤ នឹងសត្វហើរទាំងប៉ុន្មាន រួចក៏នាំមកឯអ័ដាម ដើម្បីឲ្យដឹងជាគាត់នឹងហៅយ៉ាងដូចម្តេច ឯឈ្មោះណាដែលអ័ដាមបានដាក់ឲ្យដល់ជីវិតផងទាំងឡាយ នោះបានសំរេចជាឈ្មោះរបស់សត្វនោះឯង 20អ័ដាមដាក់ឈ្មោះឲ្យដល់គ្រប់ទាំងសត្វស្រុក សត្វព្រៃ នឹងសត្វហើរលើអាកាសទាំងប៉ុន្មានជាស្រេច តែមិនឃើញមានជំនួយណាសំរាប់ឲ្យជួយគាត់សោះ 21នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើឲ្យអ័ដាមដេកលក់ស៊ប់ទៅ រួចទ្រង់យកឆ្អឹងជំនីរគាត់១ ហើយភ្ជិតសាច់ទៅវិញ 22រីឯឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីអ័ដាមមក នោះទ្រង់ជបឲ្យកើតឡើងជាមនុស្សស្រី ក៏នាំទៅអ័ដាម 23អ័ដាមក៏ថា នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ នឹងត្រូវហៅថា «ស្ត្រី» ពីព្រោះបានយកចេញពីបុរសមក 24ដោយហេតុនោះ បានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្តាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ 25រីឯអ័ដាម នឹងប្រពន្ធគាត់ក៏នៅជាអាក្រាតទទេ ឥតមានសេចក្ដីអៀនខ្មាសឡើយ។
Nu markerat:
លោកុប្បត្តិ 2: ពគប
Märk
Dela
Kopiera
Vill du ha dina höjdpunkter sparade på alla dina enheter? Registrera dig eller logga in
© BFBS/UBS 1954, 1962. All Rights Reserved.